ស្ទឹង​អារ៉ែង៖ រឿង​ចាស់ ប្រធាន​បទ​ថ្មី នៅ​ចំពោះ​មុខ​រដ្ឋសភា

គម្រោងទំនប់វារីអគ្គីសនី ស្ទឹង អារ៉ែង ខេត្តកោះកុង រឿងចាស់នឹងក្លាយជាប្រធានបទថ្មី ចំពោះមុខរដ្ឋសភាជាតិ នាថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៤ខាងមុខនេះ ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 10, 2014
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន និង​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ នឹង​ត្រូវ​ចូល​មក​បំភ្លឺ​ចំពោះ​មុខ​រដ្ឋសភា​ជាតិ ពី​គម្រោង​វិនិយោគ​សាងសង់ ទំនប់​វារី​អគ្គីសនី​ស្ទឹង​អារ៉ែង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ប៉ុល ហំ តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធានគណៈកម្មការទីបី​នៃ​រដ្ឋសភា លោក ប៉ុល ហំ បាន​លើក​ឡើង​ថា មុន​នឹង​ធ្វើការ​កោះ​ហៅ​រដ្ឋមន្រ្តី​ទាំង​ពីរ​រូប​នោះ មក​ធ្វើការ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​រដ្ឋសភា លោក​និង​ក្រុម​ការងារ នឹង​ចុះ​ធ្វើការ​ពិនិត្យ និង​ជួប​ជា​មួយ​ប្រជា​ពលរដ្ឋ​ជាក់​ស្តែង សិក្សា និង​ស្វែង​យល់​ពី​តំបន់​ស្ទឹង​អារ៉ែង នា​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ។

លោក ប៉ុល ហំ បានបន្តថា៖ «យើងនឹងទៅប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងស្វែងយល់ពី​ស្ថានភាព​នានា នៅកន្លែងនោះ។ ប្រជាពលរដ្ឋ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល បានធ្វើការ ប្រតិកម្ម មិនគាំទ្រទាក់ទង មកក្នុងរឿងសាងសង់ទំនប់វារីអគ្គិសនី នៅអារ៉ែងនេះ។ (...) យើងប្រជុំគ្នា ក្នុងនាមគណកម្មការទីបីនៃរដ្ឋសភា ហើយសម្រេចថា នឹងទៅដល់ទីកន្លែង ដើម្បីប្រមូលព័ត៌មានតែម្តង។»

ប្រធានគណៈកម្មការទីបីនៃរដ្ឋសភា បានបន្តថា ក្រោយពីជំនួបជាមួយប្រជាពលរដ្ឋ សហគម និងអង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធរួចមក លោក និងក្រុមការងារ នឹងបន្តពិភាក្សា រៀបចំធ្វើការអញ្ជើញរដ្ឋមន្រ្តីចំនួនពីរូប ដែល​ធ្វើការពាក់ព័ន្ធ ក្នុងរឿងអភិវឌ្ឍន៍ស្ទឹងអារ៉ែងនេះ មកបំភ្លឺចំពោះមុខរដ្ឋសភា នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ ជាបន្ត​ទៀត។

គម្រោងអភិវឌ្ឍន៍ នៅស្ទឹងអារ៉ែង បានទទួលការវិនិយោគ ដើម្បីក្នុងការសាងសង់ទំនប់វារីអគ្គិសនី ពីក្រុមហ៊ុន​ចិនដ៏ធំមួយ ឈ្មោះ ស៊ីណូហៃដ្រូផាវវ័រ ( Sinohidro power)។ គម្រោងការកសាងទំនប់វារីអគ្គីសនីនេះ ត្រូវ​ចំណាយ​ពេលយ៉ាងតិចប្រាំឆ្នាំ ដែលអាចផ្តល់នូវថាមពល១០៨មេហ្កាវ៉ាត់។ ទំនប់នេះ និងត្រូវចំណាយ​ថវិកា​សរុប ប្រមាណជាងបីរយលានដុល្លារអាមេរិក និងបញ្ចប់គ្រោងរបស់ខ្លួនក្នុងឆ្នាំ២០១៧។

សូមបញ្ជាក់ដែរថា ស្ទឹងអារ៉ែង ឆាយអារ៉ែង ឬ ជាយអារ៉ែង មានទីតាំងក្នុងភូមិព្រែកស្វាយ ឃុំថ្មបាំង ស្រុកថ្មបាំង ខេត្ដកោះកុង ប្រទេសកម្ពុជា។

តាមរបាយការណ៍របស់សង្គមស៊ីវិលកន្លងមក បានបញ្ជាក់ថា ការសាងសង់នេះ នឹងធ្វើឲ្យមានផលប៉ះពាល់​ដល់​ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រមាណជាងប្រាំមួយរយគ្រួសារ ក្នុងបីឃុំ គឺឃុំជំនាប់ ឃុំ​ប្រឡាយ និងឃុំថ្មដូនពៅ។ ឃុំទាំងបី ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានអំបូរជាជនជាតិ ភាគតិច​ជង​រស់នៅ។ ពួកគេនឹងរកនូវការជម្លៀសចេញ នៅពេលទំបន់វារីអគ្គីសនីនេះ ចាប់ផ្តើមដំណើរការ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទេនាថ្ងៃនេះ ដោយពុំអាចធ្វើការទំនាក់ទំនងបាន។ តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់នាពេលកន្លងមកថា លោកទុកលទ្ធភាពឲ្យក្មេងជំនាន់ក្រោយ សម្រេចជោគវាសនា «តំបន់អារ៉ែង»នេះ។ លោកនៅមិនទាន់ធ្វើការអភិវឌ្ឍន៍អ្វី ចំពោះតំបន់នោះឡើយ។

ឯអភិបាលស្រុកថ្មបាំង លោក ទូ សាវុធ ក៏ធ្លាប់លើកឡើងថា គម្រោងទំនប់វារីអគ្គីសនីស្ទឹងអារ៉ែងនេះ ក្រសួង​ពាក់ព័ន្ធនិងក្រុមហ៊ុន រួមទាំងអាជ្ញាធរ បានចុះធ្វើការសិក្សាពីផលប៉ះពាល់រួចហើយ។ ហើយក៏បានជួបជាមួយ​ក្រុម​ប្រជាពលរដ្ឋ ដើម្បីពិភាក្សាក្នុងការដោះស្រាយសំណង និងផលប៉ះពាល់ជាច្រើនលើក មកហើយដែរ។

ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមាន​សង្ឃដីកា​ពន្យល់​តប នឹងការលើកឡើងខាងលើថា មិនដែលមានការដោះស្រាយ ជូនប្រជាពលរដ្ឋ ឬពិភាក្សាជាមួយ​ប្រជា​ពលរដ្ឋ​ឡើយ។ ព្រះសង្ឃអង្គនេះដែលបានចុះដល់ទីកន្លែងសាងសង់ទំនប់ បានមានសង្ឃដីកាទៀតថា ព្រះ​អង្គ​មិនចង់ឃើញភាពហិនហោច នៃតំបន់ព្រៃឈើដ៏កម្រទីពីរបស់កម្ពុជា ត្រូវបន្តការកាប់បំផ្លាញ​នោះ​ឡើយ។ ព្រះ​អង្គស្នើឲ្យបញ្ឈប់នូវគម្រោងសាងសង់ទំនប់អគ្គីសនី នៅតំបន់អារ៉ែង ដែលជាតំបន់ព្រៃឈើ​ពិសេស​តែមួយ​ចុង​ក្រោយ នៅកម្ពុជាពេលបច្ចុប្បន្ននេះ៕

រូបភាពវីដេអូដែលទាក់ទង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...