សាកូហ្សី វាយ​បក​ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​១៥​ម៉ោង

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី () ដែលត្រូវបានប្រព័ន្ទយុត្តិធម៌បារាំង ធ្វើការឃាត់ខ្លួន​ចំនួន​១៥​ម៉ោង ដើម្បីធ្វើការសិក្សាសាកសួរ ក្នុងសំនុំរឿងដ៏រសើបយ៉ាងហោចចំនួនបីនោះ បានធ្វើការវាយបកវិញ នៅយប់​ថ្ងៃ​អង្គារតាមកញ្ចាក់ទូរទស្សន៍ ដោយបានចង្អុលចំៗខ្លាំងដាក់ស្ថាប័ននិតិប្រតិបត្តិ ថាជាអ្នកនៅពីក្រោយហេតុការណ៍​ទាំងនេះ។ ការវាយបករបស់លោក សាកូហ្សី បានធ្វើឲ្យអ្នកផងកាន់តែយល់ថា ស្ថានភាពនយោបាយរបស់បារាំង ហាក់ដូចជាមានភាពស្មុគ្រស្មាញកាន់តែខ្លាំងទៅៗ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ដែលត្រូវបានប្រព័ន្ទយុត្តិធម៌បារាំង ធ្វើការ​ឃាត់​ខ្លួន​ចំនួន​១៥​ម៉ោង ដើម្បីធ្វើការសិក្សាសាកសួរ ក្នុងសំនុំរឿងដ៏រសើបយ៉ាងហោចចំនួនបីនោះ បានធ្វើការ​វាយ​បក​វិញ នៅយប់​ថ្ងៃ​អង្គារតាមកញ្ចាក់ទូរទស្សន៍  ដោយបានចង្អុលចំៗខ្លាំងដាក់ស្ថាប័ននិតិប្រតិបត្តិ ថាជាអ្នកនៅពី​ក្រោយ​ហេតុការណ៍​ទាំងនេះ។ ការវាយបករបស់លោក សាកូហ្សី បានធ្វើឲ្យអ្នកផងកាន់តែយល់ថា ស្ថានភាព​នយោបាយ​របស់បារាំង ហាក់ដូចជាមានភាពស្មុគ្រស្មាញកាន់តែខ្លាំងទៅៗ។


លោក នីកូឡា សាកូហ្សី នៅក្នុងកិច្ចអន្តរាគមន៍តាមកញ្ចាក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតផ្តិតពីទូរទស្សន៍)

នយោបាយបារាំង - មើលទៅយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំង ដូចជាបានចាប់ផ្ដើមពី​ពេលនេះ​ទៅហើយ។ លោក នីកូឡា សាកូហ្សី បានធ្វើការវាយបកវិញ ទៅលើគូសត្រូវនយោបាយរបស់លោក បន្ទាប់ពីលោក​ត្រូវបាននគរបាលយុត្តិធម៌ និងចៅក្រមស៊ើបអង្កេតបារាំង ធ្វើការឃាត់ខ្លួនចំនួន១៥ម៉ោង ដើម្បីដាក់លោក នៅក្នុង​ការស៊ើបអង្កេតក្នុងសំនុំរឿងចំនួនបី កាលពីថ្ងៃទី១ ខែកក្កដាកន្លងមក។ ការឃាត់ខ្លួនលោក ខណៈដំណឹងលេច​លឺ​កាន់តែច្បាស់ទៅៗ ថាលោក សាកូហ្សី ត្រៀមនឹងត្រឡប់មកឆាកនយោបាយវិញ ហើយអាចនឹងទៅប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧ ខាងមុខ។

នៅក្នុងកញ្ជាក់ទូរទស្សន៍ លោក សាកូហ្សី បានថ្លែងថា លោកមិនត្រូវការឲ្យមានករណីពិសេសសម្រាប់លោកទេ ហើយ«បើខ្ញុំធ្វើខុស ខ្ញុំនឹងទទួលខុសត្រូវនូវគ្រប់ហេតុការណ៍ ដែលកើតឡើង»។ អតីតប្រធានាធិបតីបារាំងរូបនេះ បានលើកឡើងថា៖ «មានឆន្ទះ ចង់ធ្វើឲ្យខ្ញុំអាម៉ាស»។

លោកបានចាត់ទុកថា នោះជា«ការរៀបចំឆាកល្ខោនយុត្តិធម៌ យ៉ាងពិតប្រាកដ» ដោយបញ្ជាក់ពីចៅក្រមស៊ើបអង្កេត ថាគ្មានឆន្ទានុសិទ្ធិពិតប្រាកដ ដើម្បីដាក់លោក ទៅក្នុងការតាមដានផ្នែកទូរស័ព្ទទំនាក់ទំនងនោះឡើយ។ លោកមិន​ត្រឹមតែនិយាយថា ចៅក្រមរូបនោះមាននិន្នាការឆ្វេងនិយមនោះទេ តែថែមទាំងបានចង្អុលជាបន្ត ដាក់រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និងនាយករដ្ឋមន្ត្រីបារាំងក្នុងពេលបច្ចុប្បន្ននេះ ថាបានធ្វើអាជីវកម្មគួរឲ្យខ្មាសអៀន ទៅលើឯកសារសម្ងាត់​ទាំងឡាញ ពីពេលដែលលោកនៅជាប្រធានាធិបតី នោះថែមទៀត។

ទាក់ទងនឹងកៅអីពិសេស នៅប្រទេសម៉ូណាកូ ដែលមានការសង្ស័យថា លោកបានសន្យាប្រគល់ទៅឲ្យ ចៅក្រម ជីលប៊ែរ អាហ្សីប៊ែរ (Gilbert Azibert) នោះ លោកបានបកស្រាយថា ការពិតមិនមែនដូច្នេះឡើយ។ លោក សាកូហ្សី បាននិយាយថា៖ «មេធាវីរបស់ខ្ញុំបានសួរខ្ញុំ ក្រែងខ្ញុំអាចធ្វើអន្តរាគមន៍ ក្នុងករណីតំណែងរបស់លោក អាហ្សីប៊ែរ នៅ​ក្នុងប្រទេសម៉ូណាកូនោះបាន។ ប៉ុន្តែខ្ញុំមិនបានធ្វើអន្តរាគមន៍នេះទេ។»

គ្រប់គ្នាសុទ្ធតែបានដឹងថា លោក សាកូហ្សី នឹងត្រឡប់ចូលមកក្នុងឆាកនយោបាយវិញ ដើម្បីដំណ្ដើមតំណែង​ជា​ប្រធានាធិបតីបារាំងនៅឆ្នាំ២០១៧ខាងមុខ។ ឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាន ប្រចាំស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ លោក សាកូហ្សី និយាយថា លោកនឹងឲ្យដឹងនៅចុងខែសីហា ឬដើមខែកញ្ញាខាងមុខ។ តែលោកបានបង្ហើបថា៖ «បញ្ហាសំខាន់ថា តើគេត្រូវឈប់ចូលមកនយោបាយវិញ ឬអត់នោះ វាមិនមែនជាសំណួរដេលត្រូវសួរមកខ្ញុំទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...