ខៀវ កាញារីទ្ធ៖ អ្នក​សារព័ត៌មាន​ត្រូវ​ឯករាជ្យ តែ​រង​គំនាប​រវាង​«មហាជន​និង​រដ្ឋ​អំណាច»

រាល់ប្រព័ន្ធផ្សព្វផ្សាយកាសែត វិទ្យុ ទូរទស្សន៍ ត្រូវតែគោរពនូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ធ្វើ​យ៉ាងណា​ត្រូវដាក់ខ្លួនឯង ឲ្យស្ថិតក្នុងភាពជាអ្នកសារព័ត៌មានអាជីព និងឯករាជ្យ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏អ្នកសារព័ត៌មាន នៅតែជៀសមិនរួចពីគម្នាប រវាង «មហាជន និងរដ្ឋអំណាច»។ នេះជាការគូសបញ្ជាក់របស់ លោករដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារិទ្ធ នៅព្រឹកថ្ងៃទី១០ខែសីហានេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ រាល់ប្រព័ន្ធផ្សព្វផ្សាយកាសែត វិទ្យុ ទូរទស្សន៍ ត្រូវតែគោរពនូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ធ្វើ​យ៉ាងណា​ត្រូវដាក់ខ្លួនឯង ឲ្យស្ថិតក្នុងភាពជាអ្នកសារព័ត៌មានអាជីព និងឯករាជ្យ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏អ្នកសារព័ត៌មាន នៅតែជៀសមិនរួចពីគម្នាប រវាង «មហាជន និងរដ្ឋអំណាច»។ នេះជាការគូសបញ្ជាក់របស់ លោករដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារិទ្ធ នៅព្រឹកថ្ងៃទី១០ខែសីហានេះ។


លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យកិច្ចសម្ភាសទៅអ្នកការសែត នៅសណ្ឋាគារគ្រីផាឡិច ថ្ងៃទី១០ខែសីហា។ (រូបថត MONOROOM.info/ O. Vary)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ ក្នុងពីធីប្រគល់ វិញ្ញាប័ណ្ណបត្រ ដល់សិក្ខាកាមព័ត៌មាននៅសណ្ឋាគារ គ្រីផាឡិច នាព្រឹកថ្ងៃទី១០ ខែសីហា បានបញ្ជាក់ពីភាពឯករាជ្យ និងជាអ្នកសារព័ត៌មានអាជីពក្នុងប្រទេសប្រជាធិបតេយ្យ ថាត្រូវធ្វើយ៉ាងណា និងឈរលើគោលជំហ៊រអ្វីខ្លះ?

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ព័ត៌មានដែលចុះផ្សាយ ត្រូវតែជាការពិត» ដោយលោកបានប្រៀបប្រដូច អ្នកកាសែតទៅនឹងធនាគារមួយ ដែលតម្រូវឲ្យធនាគារនោះ ផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួន ធ្វើយ៉ាងណា​ឲ្យពួកគេ​មានជំនឿចិត្តខ្ពស់បំផុត។ តែផ្ទុយមកវិញ បើគេ (អតិថិជន) អស់ទុកចិត្តហើយនោះ ធនាគារអាចប្រឈមនឹងការដួលរលំ។ យ៉ាងណាម៉ិញ សារព័ត៌មានក៏យ៉ាងដូច្នោះដែរ ត្រូវធ្វើយ៉ាងណាឲ្យអ្នកអាន អ្នកស្ដាប់ មានជំនឿចិត្ត​លើខ្លឹមសារនៃអត្ថបទព័ត៌មានទាំងនោះ ថាជា«ការពិត»។ តែបើព័ត៌មាននោះបែរជាមិនពិតវិញ នោះនឹងអស់មានជំនឿ និងគ្មានការគាំទ្រពីបណ្តាអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា ដែលអាចធ្វើឲ្យស្ថាប័នព័ត៌មានមួយនេះ ត្រូវបរាជ័យ។ លោក​បញ្ជាក់ថា ស្ថាប័នសារព័ត៌មានមួយ «បើធ្លាប់ផ្សាយកុហកគេហើយ ទោះបីជាលើកក្រោយផ្សាយនូវការពិតក៏ដោយ ក៏គ្មានអ្នកជឿទៀតនោះដែរ»។

លោកបានលើកជាឧទាហរណ៍ថា លោកមានការសោកស្តាយ ចំពោះការមិនបានចុះផ្សាយនូវព័ត៌មាន នៃវិលត្រឡប់មក​វិញ​របស់លោក សម រង្ស៊ី មេគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ព្រោះតែលោកមិនមានវត្តមាននៅកម្ពុជា។ ជាមួយគ្នានេះដែរ​លោកក៏មិនបានបន្ទោស ចំពោះការអវត្តមានក្នុងការចាក់ផ្សាយនោះទេ ដោយលោកបញ្ជាក់ថា «មិនបានផ្សាយមែន តែ​មិនបាននិយាយអ្វីទាំងអស់ សំខាន់កន្លែងហ្នឹង (...) ដើម្បីធ្វើជាអ្នកសារព័ត៌មានល្អ សំខាន់បំផុត គឺគេទុកចិត្តយើង។ (...) អ្នកកាសែតនិយាយតែការពិត គ្រាន់តែការពិតខ្លះយើងមិននិយាយ ប៉ុន្តែដាច់ខាតមិនកុហក។»

លោកក៏បានបញ្ជាក់បន្ថែមថា ករណីសំខាន់នៃអ្នកសារព័ត៌មានដែលល្អ គឺ ជាការផ្តល់នូវព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋ មិនត្រូវសរសេរពី«ស»ទៅ«ខ្មៅ» ការសរសេរបំផ្លើស សរសេរខ្វះ ឬសរសេរបំប៉ោងសភាពការណ៍ជាដើម។ ជាមួយគ្នានេះ វាក៏កើតចេញពីការគំទ្រពីអ្នកមើល អ្នកអាន និងអ្នកស្តាប់។ លោកថាអ្នកសារព័ត៌មានប្រៀបបានទៅនឹងចុងភៅមួយ បើធ្វើ​មិនឆ្ងាញ់ នោះគេមិនញាំទេ ដូច្នេះអ្នកសារព័ត៌មានត្រូវត្រង់ត្រាប់មកវិញពីអ្នកមើល អ្នកអាន និងអ្នកស្តាប់ ទាំងនោះ ថាតើ​គាត់ចង់បានអ្វី?។

លោកក៏បានបង្ហាញ នូវផលវិបាកមួយដ៏ចំបង ក្នុងនាមជាអ្នកសារព័ត៌មានថា ស្ថិតនៅក្នុងចន្លោះនៃគំនាបរវាង«មហាជន និងរដ្ឋអំណាច» ដោយលោកបានពន្យល់ថា ពេលខ្លះថ្នាក់លើមិនអនុញ្ញាតិឲ្យចុះផ្សាយ នេះក៏អាចចាត់ទុកថា​គំនាបមួយ​ដែរ តែព័ត៌មានទាំងនោះត្រូវមានការថ្លឹងថ្លៃង ធ្វើយ៉ាងណាឲ្យមានការបង្ហាញថាព័ត៌មានទាំងនោះជាការពិត។ លោកបាន​បន្ថែមថា ប្រសិនបើរកប្រភពសម្រាប់ការថ្លឹងថ្លៃងនៃព័ត៌មាននោះមិនបានទេ ត្រូវតែបង្ហាញនូវមូលហេតុដូចជាថា ទំនាក់​ទំនងមិនបាន ឬមិនមានអ្នកទទួលទូរស័ព្ទ ឬមិនមានការឆ្លើយតបជាដើម។ ម្យ៉ាងទៀតប្រសិនបើប្រភព​សុំលាក់នូវ​អត្តសញ្ញាណ យើងដាច់ខាតមិនត្រូវបង្ហាញជាដាច់ខាត។

ជាមួយគ្នានេះដែរលោកបានគាំទ្រឲ្យមានការផ្សាយ ឬបង្ហាញព័ត៌មានតាមបណ្តាញសង្គម ហើយលោកបញ្ជាក់ថា​វាមិន​ចាំបាច់អ្វី ធ្វើការបិទ នូវប្រព័ន្ធនេះទេ។ លោកថារាល់ព័ត៌មានដែលបានផ្សាយតាមបណ្តាញសង្គមនេះ គ្រាន់តែជា​«ផលិតកម្ម​ពាក់កណ្តាលសម្រេចប៉ុណ្ណោះ វាមិនមែនជាព័ត៌មានដែលយកជាការបាននោះទេ»។ លោកក៏បានចាត់ទុកថា អ្នកសរសេរក្នុងបណ្តាញសង្គម មិនមានការទទួលខុស (ទទួលទោសតាមច្បាប់) នោះទេ ព្រោះវាមានទំហំការផ្សាយធំ និងមិនមែនជាស្ថាប័នព័ត៌មានអាជីព ដូចកាសែត វិទ្យុ ឬទូរទស្សន៍នោះឡើយ។

តែលោកក៏ទទួលស្គាល់ថា វាក៏មានបញ្ហាប្រឈមមួយចំនួនដែរ ដោយអ្នកខ្លះយល់ថា រាល់ព័ត៌មានទាំងអស់ ដែលបាន​បង្ហោះតាមបណ្តាញសង្គម សុទ្ធតែជាការពិតនោះ។ លោកបន្តរថា អ្វីដែលសំខាន់សម្រាប់អ្នក​ដែលទទួលព័ត៌មាន​បាន​តាមបណ្តាញសង្គមនេះ តោងឈរលើចំណេះសំខាន់បីយ៉ាង«ចំណេះដឹង ចំណេះគិត និងចំណេះធ្វើ»។ បើមានចំណេះ​ទាំងបីនេះ នោះឥទ្ធិពលនៃការផ្សាយតាមបណ្តាញសង្គមនេះ និងសាបរលាបទៅដោយឯកឯង។

ទន្ទឹមនិងការលើកឡើងខាងលើ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់បរិបទកម្ពុជា ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម​មានមុខងារ​ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ព្រោះវាជាប្រភពតែមួយគត់នៃព័ត៌មានក្នុងប្រទេសប្រជាធិបតេយ្យ។ កន្លងមកគេសង្កេត​ឃើញថា បណ្ដាញសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ក្នុងស្រុកមួយចំនួន ហាក់ដូចជាធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលមាន​លក្ខណៈលម្អៀងទៅរកបក្សកាន់អំណាច ដោយផ្សាយតែចំណុចវិជ្ជមានរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ ហើយវិទ្យុ និង​ទូរទស្សន៍ទាំងអស់នេះហាក់មិនមានការអើពើ និងផ្សាយពីព្រឹត្តិការណ៍ព័ត៌មានកើតឡើងប្រចាំថ្ងៃ អំពីសកម្មភាព​អង្គការ​សង្គមស៊ីវិល ការរំលោភសិទ្ធិមនុស្ស ការធ្វើបាតុកម្ម ឬរឿងនយោបាយជាមួយភាគីអ្នកនយោបាយ​ប្រឆាំងម្តងណា​នោះ​ឡើយ។

ឯអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ តែងរំពឹងថានឹងមានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងធ្វើការស៊ើបអង្កេតពីបញ្ហា និងករណីសំខាន់ ដើម្បីបំពេញតួនាទីជាភ្នែក ជាត្រចៀក និងជាការដឹងឮសម្រាប់ប្រជាជន។ វាពិតជាសំខាន់ណាស់ ដែលប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលមានការទទួលខុសត្រូវ ក្នុងការផ្តល់នូវព័ត៌មានពិត និង​ត្រឹមត្រូវ ទាន់ពេលវេលា។ ពួកគេក៏បានវាយតម្លៃផងដែរថា បើសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ក្នុងស្រុកមួយចំនួននោះ មិនធ្វើកែទម្រង់ប្រកបដោយវិជ្ជាជីវៈទេ នឹងប្រឈមទៅរកការបាត់បង់នូវប្រជាប្រិយភាព និងការជឿទុកចិត្តពីប្រជាពលរដ្ឋ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...