ប៉ីប៉ីឌី បកស្រាយព័ត៌មានដែលសន្និដ្ឋានថា ខ្លួនហែកកេរ្តិ៍ ពេជ្រ សោភា
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 14, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប៉ីប៉ីឌី បានប្រតិកម្មភ្លាមៗ ចំពោះសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានចុះផ្សាយដោយធ្វើការសន្និដ្ឋានថា តារាចម្រៀងដែលខ្លួនកំពុងហែកកេរ្តិ៍ ជាតារាចម្រៀងស្រីល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា។
កញ្ញា ពេជ្រ សោភា តារាចម្រៀងល្បី និងលោក ប៉ីប៉ី ឌី តារាហ្វេសប៊ុក។ (រូបថត ហ្វេសប៊ុក)
តារាល្បី - ប៉ីប៉ីឌី បានបកស្រាយតាមរយៈឃ្លីបវីដេអូមួយ បង្ហោះនៅលើទំព័ររបស់ខ្លួនថា អ្វីដែលខ្លួនកំពុងនិយាយហែកកេរ្តិ៍ ទៅលើតារាស្រីមួយរូបនោះថា ខ្លួនមិនបានបញ្ចេញអត្តសញ្ញាណ របស់តារាចម្រៀងស្រីរូបនោះទេ។ តារាហ្វេសប៊ុករូបនេះ បញ្ជាក់បន្ថែមថា មុននឹងសរសេរ ឬក៏ដាក់ចំណងអត្ថបទណាមួយដែលសរសេរ គួរតែសួរខ្លួនជាមុនសិនថា ខ្លួននិយាយពីអ្នកណា មិនគួរសន្និដ្ឋានបែបនេះទេ។
លោកឆ្លើយតបយ៉ាងដូច្នេះថា៖ «គឺខ្ញុំបានផុស តែខ្ញុំមិនបានបញ្ជាក់ឈ្មោះរបស់អ្នកណាម្នាក់ទេ អញ្ចឹងកុំយកទៅសន្និដ្ឋានដោយខ្លួនឯង ចាំពេលឃើញសរសេរផុសឈ្មោះអ្នកណា ឬក៏ឈ្មោះរបស់តារាម្នាក់ហ្នឹង ឬអ្នកណាផ្សេងចាំចុះផ្សាយអំពីខ្ញុំ»។
ការបកស្រាយរបស់តារាហ្វេសប៊ុករូបនេះ ធ្វើឡើងក្រោយពេលដែលខ្លួនបានសរសេរពាក្យពេជន៍ នៅលើជញ្ជាំងហ្វេសប៊ុក ដោយបានចាត់ទុកតារាចម្រៀងស្រីម្នាក់នោះថា ជាតារាចម្រៀងម្នាក់មានប្រវត្តិមិនល្អ។ នៅក្នុងសារនោះ ប៉ីប៉ីឌី បានសរសេរថា បើមើលពីសំបកក្រៅ តារាចម្រៀងម្នាក់នោះជាមនុស្សល្អ គឺមិនចេះយកប្ដីគេ ប៉ុន្តែរឿងពិតគឺតារាចម្រៀងស្រីនោះ បានយកប្ដីគេ ហើយធ្លាប់ចេញពីផ្ទះ ទាំងកណ្ដាលយប់ជាច្រើនដងទៅ ដេកជាមួយប្រុសស្នេហ៍ ដោយទុកឱ្យលោកជាអ្នកចាក់សោផ្ទះឱ្យ។
ប៉ីប៉ីឌី ដែលគេស្គាល់ តាមរយៈការនិយាយកំប្លុកកំប្លែង នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានសរសេរហែកកេរ្តិ៍តារាស្រី«អាថ៌កំបាំង» រូបនោះទៀតថា ជាតារាចម្រៀងស្រីម្នាក់ ដែលមានកូនហើយ តែឱ្យកូនហៅថា មីងព្រោះខ្លាចធ្លាក់ប្រជាប្រិយភាព។ តែយ៉ាងណាក៏ដោយ ប៉ីប៉ីឌី មិនបានបញ្ចេញឈ្មោះពិត របស់តារាម្នាក់នោះទេ គ្រាន់តែព្រមានថា នឹងទម្លាយនៅពេលខាងមុខ និង បង្ហើបថា តារាចម្រៀងស្រីម្នាក់នោះ គឺធ្លាប់នៅផ្ទះជាមួយគ្នា។
បន្ទាប់មកភ្លាមៗ សារព័ត៌មួយក្នុងស្រុកចំនួន បានធ្វើការចុះផ្សាយដោយសន្និដ្ឋានថា តារាហ្វេសប៊ុកពូកែបាញ់បោះសម្តីរូបនេះ មានបំណងលាតត្រដាងរឿងអាស្រូវរបស់កញ្ញា ពេជ្រ សោភា ព្រោះអ្នកណាក៏ដឹងដែរថា ប៉ីប៉ីឌី ធ្លាប់រស់ក្រោមដំបូងផ្ទះតែមួយ ជាមួយកញ្ញា ពេជ្រ សោភា។
ប៉ីប៉ីឌី ដែលជាប្អូនធម៌ចាក់ទឹកមិនលេច របស់តារាចម្រៀងកញ្ញា ពេជ្រ សោភា ត្រូវបានគេឃើញ ថាអ្នកទាំងពីនេះ បានសហការគ្នាធ្វើកិច្ចការមនុស្សធម៌ជាច្រើន ដោយបានប្រមូលថវិកាជួយជនរងគ្រោះដោយសារទឹកជំនន់ កាលពីរដូវកាលទឹកជំនន់ពេលកន្លងទៅ។ បច្ចុប្បន្នអ្នកទាំងពីរ បានកំពុងក្លាយជាគូជម្លោះរវាងគ្នា ក្រោយពីតារាហ្វេសប៊ុករូបនេះ បានចាកចេញពីផ្ទះកញ្ញា ពេជ្រ សោភា ព្រមទាំងចោទប្រកាន់ កញ្ញា ពេជ្រ សោភា ថាពូកែនិយាយដើមគេ ជាពិសេសនិយាយដើមខ្លួន៕
សូមទស្សនាវីដេអូ របស់តារាហ្វេសប៊ុក ប៉ីប៉ី ឌី ដូចតទៅ៖