ផែ សុវណ្ណរិទ្ធ៖ ៣០​ឆ្នាំ​ក្រោម​អំណាច ហ៊ុន សែន កែ​ទម្រង់​បាន​អ្វី​ខ្លះ?

អាចចាត់ទុកថា«សម្បើម»គួរសម ដែលមួយថ្ងៃបន្ទាប់ពីបានដុតរូបថត លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី​ភ្នំពេញរួច យុវជន ផែ សុវណ្ណរិទ្ធ បានត្រឡប់មកជាថ្មី ដើម្បីបង្ហាញភាព«ក្លាហាន»របស់យុវជនរូបនេះ ក្នុងនាមជា​យុវជន​«ស្រករក្រោយ» ដែល«ហ៊ាន»មិនខ្លាចស្លាប់ នៅចំពោះអំណាចជាង ៣០ឆ្នាំដ៏មានឥទ្ធិពលរបស់បុរសខ្លាំង លោក ហ៊ុន សែន ដោយបានដុតកម្ទេចទៅជាផេះផង់ នូវរូបថតមួយសន្លឹករបស់លោក នាយករដ្ឋមន្ត្រី រូបនេះ និងព្រមទាំងនិយាយ​ពាក្យរិះគន់ចំៗមកជាមួយផង។ ប៉ុន្តែសម្រាប់អ្នកលេងហ្វេសប៊ុក មួយចំនួន នៅតែគិតថា នេះជាឆាកល្ខោន ដើម្បីអនុញ្ញាត​ឲ្យយុវជនរូបនេះ អាចក្ដោបក្ដាប់បាននូវបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីអាចធ្វើអ្វីមួយទៅថ្ងៃក្រោយ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាចចាត់ទុកថា«សម្បើម»គួរសម ដែលមួយថ្ងៃបន្ទាប់ពីបានដុតរូបថត លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី​ភ្នំពេញរួច យុវជន ផែ សុវណ្ណរិទ្ធ បានត្រឡប់មកជាថ្មី ដើម្បីបង្ហាញភាព«ក្លាហាន»របស់យុវជនរូបនេះ ក្នុងនាមជា​យុវជន​«ស្រករក្រោយ» ដែល«ហ៊ាន»មិនខ្លាចស្លាប់ នៅចំពោះអំណាចជាង ៣០ឆ្នាំដ៏មានឥទ្ធិពលរបស់បុរសខ្លាំង លោក ហ៊ុន សែន ដោយបានដុតកម្ទេចទៅជាផេះផង់ នូវរូបថតមួយសន្លឹករបស់លោក នាយករដ្ឋមន្ត្រី រូបនេះ និងព្រមទាំងនិយាយ​ពាក្យរិះគន់ចំៗមកជាមួយផង។ ប៉ុន្តែសម្រាប់អ្នកលេងហ្វេសប៊ុក មួយចំនួន នៅតែគិតថា នេះជាឆាកល្ខោន ដើម្បីអនុញ្ញាត​ឲ្យយុវជនរូបនេះ អាចក្ដោបក្ដាប់បាននូវបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីអាចធ្វើអ្វីមួយទៅថ្ងៃក្រោយ។


យុវជននៅលើហ្វេសប៊ុក ផែ សុវណ្ណរិទ្ធ ដុតរូបថតលោក ហ៊ុន សែន ។ (រូបថតផ្តិតពីអេក្រង់វីដេអូ)

តារាហ្វេសប៊ុក - «គ្រប់គ្នាជេរដល់ម៉ែឪជីដូនជីតាខ្ញុំ ខ្ញុំមិនខឹងទេ ដោយសារគ្រប់គ្នាមិនស្គាល់ខ្ញុំ មិនយល់ពីទឹកចិត្តរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំទ្រាំមិនបានទេ ដែលអ្នកប្រមាថភាពក្លាហានរបស់ខ្ញុំ ប្រមាថភាពក្លាហានរបស់យុវជនខ្មែរ ហើយនិយាយថា​យុវជន​ខ្លះកំសាក។ ថ្ងៃនេះ ខ្ញុំ ផែ សុវណ្ណរិទ្ធ តាំងខ្លួនឯងម្ដងទៀត ថាជាយុវជនខ្មែរក្លាហាន ហើយចង់ឲ្យយុវជនខ្មែរ​ទាំងអស់​ក្លាហានទាំងអស់គ្នា (...)។ ខ្ញុំដុតរូបលោក ហ៊ុន សែន ឲ្យគ្រប់គ្នាមើល។» នេះជាពាក្យសម្ដីដ៏«សម្បើម» ដែលធ្លាយចេញ​ពីប្រអប់មាត់របស់ យុវជនល្បីឈ្មោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយរូប ដែលបានតាំងខ្លួនថា ជាយុវជនខ្មែរ«ក្លាហាន» ដោយបានដុតរូបថតលោក ហ៊ុន សែន បុរសខ្លាំងដែលមិនធ្លាប់មាននរណាម្នាក់ ហ៊ានប៉ះពាល់បាន តាំងពីជាង៣០ឆ្នាំ​មក​ហើយ។

តារាហ្វេសប៊ុក ផែ សុវណ្ណរិទ្ធ បានបកស្រាយនៅក្នុងវីដេអូមួយ ដែលបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាល​ពី​ថ្ងៃទី១៦ខែវិច្ឆិកា វេលាម៉ោង៤និង៣០នាទីល្ងាច ដោយគូសបញ្ជាក់ថា សកម្មភាពដុតរូបថតនេះ មិនមានបំណងឲ្យ​នរណា​គាំទ្រខ្លួន ឬចង់ចុះចូលទៅខាងគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង ឬទៅខាងគណបក្សប្រជាជនកម្ពុជា ដែលជា​បក្សកាន់អំណាចនោះឡើយ។ ប៉ុន្តែយុវជនមានបំណងតែមួយគត់ នោះគឺចង់ក្រើនរំលឹក ទៅដល់យុវជនខ្មែរផ្សេងទៀត ឲ្យ​មានភាពក្លាហានឡើង។

យុវជន សុវណ្ណរិទ្ធ បានពន្យល់ពីមូលហេតុ ថាតើហេតុដូចម្ដេចបាន លោកបានដុតរូបថត លោក ហ៊ុន សែន យ៉ាងដូច្នេះថា «ការដឹកនាំ៣០ឆ្នាំ កែទម្រង់បានអ្វីខ្លះ? អំពើពុករលួយពីថ្នាក់ក្រោម ដល់ថ្នាក់លើ មន្ត្រីរាជការថ្នាក់ខ្ពស់ ធ្វើបាបមន្ត្រីរាជការ​ថ្នាក់តូច ប្រជារាស្ត្ររងទុក្ខវេទនា។ នេះជាការដឹកនាំរបស់លោក ហ៊ុន សែន ជាង៣០ឆ្នាំ។» លោក ហ៊ុន សែន ដែលនៅក្នុង​អំណាចជានាយករដ្ឋមន្ត្រីតាំងពីថ្ងៃទី១៤ខែមករាឆ្នាំ១៩៨៥ មកទល់នឹងសព្វថ្ងៃ បានក្លាយជានាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាចបានយូរជាងគេ នៅតំបន់អាស៊ីខាងកើត ដែលបើសូម្បីប្រទេសកុំម្មុយនីស​ ដូចចិន វៀតណាម ឬកូរ៉េខាងជើង ក៏មិន​មាននាយករដ្ឋមន្ត្រីណានៅក្នុងអំណាចបានយូរ ដូចលោកហ៊ុនសែន ដូច្នេះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា លោក នឹងនៅក្នុងតំណែងយ៉ាងហោចក៏ពីរអាណត្តិបន្តទៅមុខទៀតដែរ។

«ខ្ញុំដេកនៅតែផ្ទះ ក៏គេអាចចាប់ខ្ញុំដាក់គុកបានដែរ»

ផ្ទុយពីបំណងដែលចង់កាន់អំណាចយូរទៅមុខទៀត លោក ហ៊ុន សែន ត្រូវបានប្រជាជនកម្ពុជាដែលមានចំនួន​កាន់តែ​ច្រើន​ឡើងៗ សម្ដែងការមិនពេញចិត្ត ជាពិសេសនៅក្នុងការបោះឆ្នោតសកល ដែលទើបនឹងប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ ខែកក្កដា​កន្លងមកនេះ។ អ្នកផងបានមើលឃើញថា ការដឹកនាំរបស់លោក ហ៊ុន សែន មិនបានពង្រឹកឲ្យបានពិតប្រាកដ នូវប្រទេស​កម្ពុជាមួយជានិតិរដ្ឋ ប្រកបដោយសមធម៌ សច្ចធម៌ និងវឌ្ឍនភាពខ្ជាប់ខ្ជួននោះទេ។ ជាពិសេស ដូចជានៅក្នុងការពង្រឹង ប្រព័ន្ធយុត្តិធម៌របស់ប្រទេសជាដើម ក៏ត្រូវបាន យុវជន ផែ សុវណ្ណរិទ្ធ យកមកថ្លែងបរិហាដែរថា «ខ្ញុំមិនខ្លាចច្បាប់ស្រុកខ្មែរ​ទេ ពីព្រោះច្បាប់ស្រុកខ្មែរនៅនឹងមាត់មនុស្ស។ ខ្ញុំដេកនៅតែផ្ទះ ក៏គេអាចចាប់ខ្ញុំដាក់គុកបានដែរ។»

មកទល់នឹងម៉ោងនេះ មិនទាន់មានមន្ត្រីរដ្ឋាភិបាលណាម្នាក់ បញ្ចេញប្រតិកម្មអ្វីនៅឡើយ ទាក់ទងនឹងការដុតរូបថត មេ​ដឹក​នាំរដ្ឋាភិបាលដ៏កំពូលនេះ។ ប៉ុន្តែទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មួយចំនួន បានចាត់ទុកយុវជនផែ សុវណរិទ្ធ ថាមានសតិមិនគ្រប់ ជាមនុស្សឆ្កួត ឬថាចេះសម្ដែងបានឥតខ្ចោះ។ យុវជនម្នាក់ទៀត​ឈ្មោះ ផែង វណ្ណះ ដែលត្រូវបានគេស្គាល់ថា បានចាត់ទុកលោក ហ៊ុន សែន ជាវីរបុរសនោះ បានសរសេរនៅក្នុងទំព័រ​ហ្វេសប៊ុករបស់ខ្លួនថា នឹងតាមប្រមាញ់ យុវជន ផែ សុវណ្ណរិទ្ធ នៅគ្រប់ទីកន្លែងទាំងអស់។ យុវជន ផែង វណ្ណះ ថែមទាំង​បង្ហើបព័ត៌មានមួយថា ផែ សុវណ្ណរិទ្ធ មានលោកបណ្ឌិតមួយរូបឈ្មោះ ជា ចំរើន នៅពីក្រោយដែលហ៊ានធ្វើដល់ថ្នាក់នេះ។ ចំណែកឯអ្នកគាំទ្រខាងគណបក្សសង្គ្រោះជាតិមួយចំនួន បានថ្លែងថា នេះអាចជាកលឧបាយរបស់ ផែ សុវណ្ណរិទ្ធ ដើម្បី​កកូរកកាយបណ្ដាញសង្គមហ្វេសប៊ុក នៅកម្ពុជា ដែលនឹងបើកទ្វាឲ្យរដ្ឋាភិបាល អាចធ្វើច្បាប់ដាក់កំហិតទៅ​លើបណ្ដាញ​នេះ។

ល្បិចនៅក្នុងរឿង សាមកុក

ទោះបីជាយ៉ាងណាក៏ដោយ ក៏រាល់ការអះអាងខាងលើ គ្រាន់តែជាយល់ឃើញរបស់មនុស្សមួយចំនួន ដែលមានលក្ខណៈ​ជាឯកជនប៉ុណ្ណោះ ហើយក៏មិនមានភាពសមហេតុផលគ្រប់គ្រាន់នោះប៉ុន្មានទេ។ ចំពោះរឿងខាងលើនេះ ទំនងជា​មិន​ខុស​ប៉ុន្មានពីល្បិចនៅក្នុងរឿង សាមកុក នោះឡើយ ព្រោះប្រសិនបើរដ្ឋាភិបាល ឬលោក ហ៊ុន សែន មិនបង្ហាញប្រតិកម្ម ឬធ្វើ​ចំណាត់ការទៅលើយុវជន ផែ សុវណ្ណរិទ្ធ នោះទេ វាបានសេចក្ដីស្មើរនឹងការផ្ដល់រូបភាព«ល្អ» ជាអ្នកសណ្ដោស​ប្រណី​ឲ្យ​ត្រឡប់ទៅលោក ហ៊ុន សែន ឬអាចបង្ហាញថា លោក ហ៊ុន សែន ​មានព្រហ្មវិហារធម៌ សមជាមេដឹកនាំពិត​ប្រាកដ​ទៅវិញ។

ប៉ុន្តែការដុតរូបថត ឬការជេរប្រទេចបុគ្គលសាធារណៈ ដែលមានថានះជាមេដឹកនាំណាម្នាក់ ពីសំណាក់សាធារណជននោះ មិនមានអ្វីជាចម្លែកទេ នៅក្នុងប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យធំៗ។ វាចម្លែកតែម្យ៉ាងទេ នោះគឺនៅព្រះរាជាណាចក្រ​កម្ពុជា មិនដែលធ្លាប់មានរឿងបែបនេះ កើតចំលោក ហ៊ុន សែន តែប៉ុណ្ណោះ។

សម្រាប់សេចក្ដីក្លាហានរបស់យុវជន បើយោងតាមប្រវត្តិសាស្ត្រកម្ពុជាទំនើប មិនមែននិយាយត្រឹមតែយុវជនប៉ុណ្ណោះទេ ដែលគេបានធ្វើឲ្យបាក់ស្ប៉ាត ខ្លបខ្លាចនោះ តែគេត្រូវនិយាយពីប្រជាជាតិខ្មែរទាំងមូល ដែលត្រូវបានគេវាយពង្រាប​រាប​ដល់ដី នៅក្នុងសម័យខ្មែរក្រហមប៉ុលពត និងសម័យក្រោយឆ្នាំ១៩៧៩ នៅពេលដែលវៀតណាមចូលលុកលុយកាន់កាប់​ប្រទេស​កម្ពុជា៕

សូមទស្សនាវីដេអូនេះ ទាំងស្រុងដូចតទៅ៖

-------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...