សម រង្ស៊ី អបអរគណបក្សថ្មីមួយ ដែលគាំទ្រចលនាសង្គ្រោះជាតិ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មីនា ២០១៨
- កែប្រែចុងក្រោយ: March 30, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំសូមស្វាគមន៍ការគាំទ្រណាក៏ដោយ» នេះ ជាការថ្លែងឡើង របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ ចំពោះការគាំទ្ររបស់គណបក្សថ្មីមួយ ឈ្មោះ គណបក្សខ្មែរតែមួយ ចំពោះចលនាដែលលោកកំពុងដឹកនាំ។ គណបក្សថ្មីនោះ មានឈ្មោះ គណបក្សខ្មែរតែមួយ ដឹកនាំដោយលោក កែម រិទ្ធិសិត ជាប្រធាន និងលោក គុជ លី ជាអនុប្រធាន
លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រទ្វីសធើររបស់លោក ជាភាសាអង់គ្លេស ដោយមានអត្ថន័យ ជាខេមរភាសាថា៖ «ខ្ញុំសូមស្វាគមន៍ ការគាំទ្រណាក៏ដោយ ចំពោះគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ នៅក្នុងបុព្វហេតុនៃការតស៊ូ មិនឈប់ឈររបស់យើង ដើម្បីការផ្លាស់ប្ដូរមួយ តាមបែបប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដែលពិតប្រាកដ និងទទួលស្គាល់ដោយអន្តរជាតិ ព្រមទាំងមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ»។
គណបក្សខ្មែរតែមួយ តាមរយៈលិខិតមួយ ចុះហត្ថលេខាដោយលោក គុជ លី ដែលជាអ្នកនាំពាក្យគណបក្សផងនោះ បានប្រកាសកាលពីថ្ងៃទី២៧ ខែមីនានេះ ថា៖ «ដើម្បីផលប្រយោជន៍ជាតិខ្មែរ និងប្រជាជាតិខ្មែរ ខ្ញុំ គុជ លី តំណាងឲ្យ គណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រ និងចូលរួមធ្វើសកម្ម[ភាព] ជាមួយចលនាសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធាន សម រង្ស៊ី»។
លិខិតរបស់លោក គុជ លី នៅបានអំពាវនាវ ទៅអ្នកគាំទ្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ឲ្យចូលរួមជាមួយគណបក្សខ្មែរតែមួយ ដើម្បីធ្វើបេសកកម្មរួម ជាមួយចលនាសង្គ្រោះជាតិ ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយ រវាងខ្មែរនិងខ្មែរ ក្នុងនោះមានការផ្ដល់សេរីភាពឡើងវិញ ឲ្យលោក សម រង្ស៊ី - លោក កឹម សុខា - លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់ជាដៃគូអាជីព ជាមួយលោក គុជ លី ក្នុងកាសែតខ្មែរប៉ុស្ដិ៍ និងឲ្យអ្នកទោេសមនសិការទាំងអស់។
ប៉ុន្តែសម្រាប់អ្នកឃ្លាំមើល បញ្ហានយោបាយវិញ មិនមានសុទិដ្ឋិនិយម និងមិនជឿថា គណបក្សថ្មីនេះ ពិតជាមានសមានចិត្ត ជាមួយចលនាសង្គ្រោះជាតិ ដែលត្រូវរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាចលនាឧទ្ទាមក្រៅច្បាប់ និងរងការប្រមាញ់ មិនឈប់ឈរនោះទេ។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាសង្សឃ្លាំមើល បញ្ហានយោបាយ ដ៏ល្បីមួយអង្គ បានចាត់ទុកថា ការគាំទ្រនេះ គ្រាន់តែជាឆាកល្ខោនមួយ ដើម្បីងាយឲ្យអ្នកគាំទ្រចលនាសង្គ្រោះជាតិ ពិតប្រាកដដ៏ទៃទៀត ចូលអន្ទាក់ នឹងអាលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ក្របួចបានទាំងអស់៕
» សូមទស្សនា និងស្ដាប់សង្ឃដីកា របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ៖