យន្ដហោះ AirAsia មួយ​ទៀត​ចុះ​ចត​ខុស​ផ្លូវ ខណៈ​យន្ដហោះ​ពីរ​ផ្សេង​ហោះ​បក​ក្រោយ

គ្រោះជាន់លើគ្រោះ ទៅលើក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសម៉ាឡេស៊ី។ បាត់យន្ដហោះមួយគ្រឿង កាល​ពី​ថ្ងៃ​អាទិត្យ មិនទាន់រកឃើញផង ស្រាប់តែយន្ដហោះជាច្រើនគ្រឿងទៀត បានជួបហេតុការណ៍មិនសូវស្រួលបន្ថែម នៅ​យប់​ថ្ងៃ​ម្សិល​ម៉ិញ​នេះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 31, 2014
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លើកនេះ ហេតុការណ៍​បង្ក​ឲ្យ​មាន​គ្រោះ​ភ័យ​ភិត ច្រើន​ជាង​គ្រោះ​មហន្តរាយ​ដល់​អាយុ​ជីវិត។ បន្ទាប់​ពី​បាត់​យន្ដហោះ​មួយ​គ្រឿង កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​កណ្ដាល​សមុទ្រ​ហ្សាវ៉ា ប្រទេស​ឥណ្ឌូនេស៊ី ឥឡូវ​នេះ យន្ដហោះ​មួយ​គ្រឿង​ទៀត របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរអេសៀ (AirAsia) ដដែល បាន​ចុះ​ចត​ខុស​ផ្លូវ នៅ​លើ​កោះ​ហ្វីលីពីន កាល​ពី​យប់​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​នេះ។ អ្នក​ដំណើរ​ទាំង​អស់ នៅ​លើ​យន្ដហោះ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​យន្ដហោះ​នេះ តាម​រយៈ​ពោង​សង្គ្រោះ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ អ៊ែរប៊ូស (AirBus) ដែល​ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ​នៃ​រដ្ឋធានី ម៉ានីល (Manille) ឆ្ពោះ​ទៅ​កាន់​ក្រុង កាលីប៊ូ (Kalibo) ​នៃ​ប្រទេស​ហ្វីលីពីន បាន​ជួប​នឹង​គ្រោះ​អាសន្ន​នេះ ទំនង​ជា​បណ្ដាល​មក​ពី​អាកាសធាតុធ្លាក់អ័ព្ទ និងខ្យល់​គួច​ខ្លាំង ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​លើ​កោះ។ នេះ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង របស់​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន អ៊ែរអេសៀ ប្រចាំ​ប្រទេស​ហ្វីលីពីន។​ ស្ថានភាព​ឧត្តុនិយម​ដ៏​អាក្រក់ បាន​គ្រប​ដណ្ដប់​លើ​ប្រទេស​នេះ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ការ​រអិល​ធ្លាក់​បាក់​ដី ខ្យល់​បក់​​ខ្លាំង និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៣០​នាក់​ស្លាប់។

អាសន្នសម្រាប់យន្ដហោះពីរទៀត...

ប៉ុន្តែមិនមែនមានតែយន្ដហោះមួយនេះ នៅប្រទេសហ្វីលីពីនទេ តែយន្ដហោះរបស់ក្រុមហ៊ុនតែមួយ ចំនួនពីរ​គ្រឿងទៀត ក៏បានទទួលជួបនូវគ្រោះអាសន្ននេះដែរ។ យន្ដហោះទាំងពីរនោះ បានហោះវិលត្រឡប់មកចុះចត នៅព្រលានយន្ដហោះអន្តរជាតិ នៃរាជធានីបាងកកវិញ ដោយសារតែអ្នកបើកបរយន្ដហោះ បានសង្ស័យ​ពី​បញ្ហាបច្ចេកទេស។ ប៉ុន្តែនៅទីបំផុត ក្រុមហ៊ុន អ៊ែរអេសៀ បានប្រកាសថា មិនមានហេតុភេទអ្វីបានកើតឡើង ចំពោះយន្ដហោះរបស់ខ្លួនទេ។

យន្ដហោះអ៊ែរប៊ូស A340 បានហោះចេញពីរាជធានីបាងកក ឆ្ពោះទៅកាន់រាជធានីឡុងដ៍ ចក្រភពអង់គ្លេស និងមានអ្នកដំណើរ២៦៦នាក់ជិះជាមួយ បានហោះត្រឡប់មកចុះចតវិញ បន្ទាប់ពីអ្នកបើកបរបានសង្ស័យថា មានបញ្ហាទាក់ទងនឹងប្រព័ន្ធទឹក ក្នុងយន្ដហោះ។ រីឯជើងហោះហើរមួយទៀតទៀត ដែលភ្ជាប់ទិសដៅ​ក្នុង​ស្រុក​របស់ប្រទេសថៃ ត្រូវបានអ្នកបើកបរសង្ស័យថា មានបញ្ហាមិនស្រួលទាក់ទង នឹងកន្លែងផ្ទុកសម្ភារៈ។

ប៉ុន្តែបន្ទាប់ពីត្រូវបានក្រុមអ្នកបច្ចេកទេស នៅក្នុងប្រទេសថៃបានត្រួតពិនិត្យរួច យន្ដហោះដែលហោះឆ្ពោះ​ទៅកាន់​ប្រទេសអង់គ្លេស បានហោះចេញជាថ្មីទៀតដោយសុវត្ថភាព ខណៈយន្ដហោះដែលហោះឆ្ពោះ​ទៅ​ខេត្ត ខុនកេន (Khon Kaen) ក្នុងប្រទេសថៃ ត្រូវបានអ្នកទទួលខុសត្រូវម្នាក់បង្ហើបថា បញ្ហាដែលមានសម្លេង​មកពីកន្លែងផ្ទុកសម្ភារៈនោះ ទំនងជាមកពីហិបដាក់ឥវ៉ាន់ ឬវ៉ាលីសរបស់អ្នកដំណើរណាមួយ បានបិទមិន​ជិត​ល្អ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...