ជប៉ុន៖ មាន«ខ្មោចលង»នៅក្នុងវិមានសំណាក់របស់នាយករដ្ឋមន្ត្រី?
តាំងពីលោកនាយករដ្ឋមន្ត្រី ចូលមកកាន់មុខតំណែងរបស់លោកឡើងវិញ នៅខែធ្នូឆ្នាំ២០១២កន្លងមក លោកអាប៊េមិនបានរើមករស់នៅ ក្នុងគ្រឹស្ថានដែលមានវ័យចំណាស់តាំងពី៨៤ឆ្នាំនេះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅជប៉ុន វាជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីបដិសេធ មិនចូលទៅរស់នៅក្នុងទីកន្លែងនោះ ជាមួយការអូសបន្លាយពេលយូយ៉ាងដូច្នេះ។
ប៉ុន្តែរឿងដែលគិតថាមិនលេងសើចនោះ មានអ្នកតំណាងរាស្ត្រមួយរូប នៃគណបក្សប្រឆាំងរបស់ជប៉ុន បានបង្ហាញកង្វល់របស់ខ្លួន ដោយបានសរសេរថា ជម្រើសរបស់នាយករដ្ឋមន្ត្រី ដែលមិនបានចូលទៅស្នាក់នៅ ក្នុងការិយាល័យផ្លូវការនៃនាយករដ្ឋមន្ត្រី អាចធ្វើឲ្យបារម្ភ ក្នុងការមានប្រតិកម្មការងារជាតិយឺតយ៉ាវ ប្រសិនមានរឿងហេតុបន្ទាន់ណាមួយ ត្រូវដោះស្រាយជាប្រញាប់។
តំណាងរាស្ត្ររូបនោះ បានចោទជាសំនួរថា «វាធ្លាប់មានរួចហើយ ពាក្យចចាមអារាមដែលថា វិមានសំណាក់របស់នាយករដ្ឋមន្ត្រីនោះ មានខ្មោចលង។ តើវាពិតទេ?» និងបន្តសួរទៀតថា «តើលោកនាយករដ្ឋមន្ត្រីបដិសេធ មិនទៅរស់នៅទីនោះ ដោយសារពាក្យចចាមអារាមនេះឬ?»
ខុទ្ទល័យនាយករដ្ឋមន្ត្រី បានឆ្លើយតបមកវិញ ដោយសរសេរបញ្ជាក់យ៉ាងច្បាស់ថា «ទេ»។
គួរបញ្ជាក់ថា លោក ហ្សិនហ្សូ អាប៊េធ្លាប់ជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៦-២០០៧ម្ដងរួចហើយ មុននឹងលោកបានជាប់ឆ្នោតឡើងវិញ ដើម្បីត្រឡប់មករស់នៅក្នុងវិមាននេះទៀតនោះ។ នៅជប៉ុន បើទោះជាភាពទំនើបជឿនលឿន មានកម្លាំងខ្លាំងយ៉ាងណាក៏ដោយ ដោយនៅក្នុងអារម្មណ៍របស់ប្រជាជនជប៉ុនម្នាក់ៗ ព្រលឹងខ្មោចព្រាយបីសាច តែងតែនៅសន្ឋិតជានិច្ចជាកាលជាមួយពួកគេ។
ពាក្យចចាមអារាម មិនមែនទើបនឹងមាននៅថ្ងៃនេះទេ ស្ដីពី«ខ្មោចលង»នៅក្នុងវិមាននាយករដ្ឋមន្ត្រីជប៉ុន។ ប្រមុខរដ្ឋាភិបាលជប៉ុនជាច្រើននាក់ហើយ ដែលបានហែលឆ្លងបទពិសោធន៍ យ៉ាងចម្លែកពិសេសនេះ តែមិនបានបញ្ជាក់ពីអ្វីឲ្យពិតប្រាកដទេ។ ភរិយារបស់នាយករដ្ឋមន្ត្រីទាំងនោះ ភាគច្រើនបានបដិសេធមិនព្រមទៅរស់នៅ ក្នុងលំនៅដ្ឋានមាន១១បន្ទប់នេះ ដែលធ្លាប់ឆ្លងកាត់ប្រវត្តិឈុតឆាក នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួនពីរលើក នៅក្នុងទស្សវត្តន៍ឆ្នាំ៣០។
នៅខែឧសភាឆ្នាំ១៩៣២ នាយករដ្ឋមន្ត្រី ស៊ូយ៉ូស្សី អ៊ីនូកៃ (Tsuyoshi Inukai) ត្រូវបានធ្វើឃាតនៅក្នុងវិមាននេះ ដោយក្រុមទាហ៊ានក្មេងៗ នៃកងទ័ពជើងទឹក។ មិនត្រឹមតែប៉ុណ្ណឺង នៅបួនឆ្នាំក្រោយមក ក្នុងខែកុម្ភះឆ្នាំ១៩៣៦ ទាហ៊ានបះបោរប្រមាណជា១៤០០នាក់ បានកាន់កាប់ទីក្រុងតូក្យូចំនួនបួនថ្ងៃ ជាពិសេសសង្កាត់ដែលមានក្រសួងជាតិសំខាន់ៗ និងវិមាននាយករដ្ឋមន្ត្រី។
ពួកអ្នកបះបោរទាំងនោះ បានសម្លាប់មេដឹកនាំជប៉ុនក្នុងសម័យនោះ ជាច្រើននាក់ ប៉ុន្តែនាយករដ្ឋមន្ត្រីលោក កេស៊ូកេ អូកាដា (Keisuke Okada) បានគេចខ្លួនរួច ដោយសារតែពួកទាហ៊ានសម្លាប់ច្រឡំប្អូនថ្លៃរបស់លោកជំនួស៕