ហ៊ុន សែន៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហៅ ហ៊ុន ម៉ាណែត ជា​អ្នក​ដឹក​នាំ​«បន្ត​វេន»

កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានកិត្តិយស ដោយសារ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) បាន​អញ្ជើញ​​ឲ្យ​ធ្វើ​ទស្សនកិច្ច ក្នុង​នាម​ជា​​«អ្នកដឹកនាំ​បន្តវេន​ជំនាន់ក្រោយ»។ នេះបើតាម​ការ​អះអាង របស់លោក ហ៊ុន សែន ជាសាធារណៈ ជុំវិញភាពស្និតស្នាល តាំងពី​រវាង​ថ្នាក់រដ្ឋ និងរដ្ឋ រហូតដល់​គ្រួសារ​នាយករដ្ឋមន្ត្រី និង​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​ងារ​ដ៏ពិសេសនេះ ត្រូវបានអ្នកសិក្សា​ពីស្ថានការណ៍កម្ពុជា មើល​ឃើញ ថាជា​យុទ្ធសាស្ត្រ​​នយោបាយ​មួយ របស់​លោក ហ៊ុន សែន ទៅ​ក្នុង​ពេល​អនាគត។
ហ៊ុន សែន៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហៅ ហ៊ុន ម៉ាណែត ជា​អ្នក​ដឹក​នាំ​«បន្ត​វេន»
ពីឆ្វេងមកស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 22, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) ហៅលោក ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់​នាយក​រដ្ឋមន្ត្រីកម្ពុជា ថាយ៉ាងដូចម្ដេច? បើតាមឪពុករបស់លោក ដែលបានថ្លែងស្រង់សំដីរបស់លោក អាប៊េ មក​បញ្ជាក់ បានឲ្យដឹងថា លោក ហ៊ុន ម៉ាណែត ជា«អ្នកដឹកនាំបន្តវេនវ័យក្មេង»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុង​ពិធី​សម្ពោធ​គម្រោង​ ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ ដោយ​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលម៉ិញ។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានស្រង់សំដី​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន មកប្រកាសជាសាធារណៈថា លោក ស៊ីនហ្សូ អាប៊េ បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេសជប៉ុន ក្នុងនាមជា«អ្នកដឹកនាំបន្តវេន ជំនាន់ក្រោយ»។

បុរសខ្លាំងរបស់កម្ពុជា ដែលមិនសូវជាភ្លេច ក្នុងការលើកមកនិយាយ ពីគ្រួសាររបស់លោក ជារៀងរាល់​ការ​ថ្លែង​ជាសាធារណៈនោះ បានមានប្រសាសន៍ដូច្នេះថា៖ «នៅពេលដែលជួបគ្នាដំបូងណ្នឹង គាត់បានអញ្ជើញ ថា​សុំ​អញ្ជើញលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់ខ្ញុំករុណាខ្ញុំនេះ។ គាត់ប្រើពាក្យអញ្ចេះ ដែលខ្ញុំករុណាខ្ញុំ មិន​ហ៊ាន​ប្រើ​ជា​មួយនឹង តាមរយៈហ្វេសប៊ុកទេ គាត់ប្រើពាក្យថា សូមអញ្ជើញលោក ហ៊ុន ម៉ាណែត ដែលជា​អ្នក​ដឹកនាំ​បន្ត​វេន​វ័យក្មេង (ទៅធ្វើ)ទស្សនកិច្ច នៅប្រទេសជប៉ុន។»។

គេពិបាកនឹងតាមស្វែងរកផ្ទៀងផ្ទាត់ ថាតើប្រសាសន៍របស់លោក ហ៊ុន សែន ជាសំដីពិតដែលថ្លែងចេញ ពី​បបូរ​មាត់របស់នាយករដ្ឋមន្ត្រីជប៉ុន ឬយ៉ាងណាឡើយ ដោយហេតុថា ការអញ្ជើញនេះ​ទំនងជាធ្វើឡើង ដោយ​សារ​តែ​​ការ​រាប់អាន ជាលក្ខណៈឯកជន ឬជាការរាប់អានផ្ទាល់ខ្លួន រវាងនាយករដ្ឋមន្ត្រីទាំងពីរប៉ុណ្ណោះ។ នេះ បើ​គេ​អាច​ដឹង​បាន តាមរយៈនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការប្រកាសដដែលនោះ។

លោក ហ៊ុន សែន បានថ្លែងបន្តថា៖ «នេះ បង្ហាញពីទំនាក់ទំនង មិនគ្រាន់តែរវាងរដ្ឋនិងរដ្ឋទេ ក៏ប៉ុន្តែក៏បាន​បង្ហាញ ពីទំនាក់ទំនងផ្ទាល់ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន អាប៊េ ផងដែរ»។

ការថ្លែងរបស់លោក ហ៊ុន សែន បានបង្កចម្ងល់សម្រាប់អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយ នៃ​ប្រទេសកម្ពុជា ដោយបានហៅ​ការអញ្ជើញ​នោះ ថាដូចជាមានលក្ខណៈ «ឯកជនជ្រុល» និង«លំអៀង» ខណៈ​ពេល​ដែល​​ប្រទេស​កម្ពុជា មានមន្ត្រីចាស់ៗសក់ស្កូវ ជាច្រើនរយពាន់នាក់​ផ្សេងទៀត មិនដែលទទួល​បាន​ឱកាស​ដូច្នេះ​ឡើយ។ លោក ព្រហ្ម​ គិត អតីតមន្ត្រីច្បាប់កម្ពុជា បានលើកឡើងដូច្នេះ ប្រាប់ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ ថា លោក ហ៊ុន ម៉ាណែត មានសំណាងទទួលឱកាសនេះ បានខ្លាំងជាងគេ ព្រោះលោកជាកូន​ប្រុស​ច្បង របស់​លោក ហ៊ុន សែន ហើយ​ពាក្យ​សំដីលោក ហ៊ុន សែន ខ្លួនឯងជាអ្នកបញ្ជាក់ស្រាប់។

មន្ត្រីច្បាប់ខ្មែរ ដែលបានចូលនិវត្តន៍រូបនេះ បានបញ្ជាក់ទៀតថា បើទោះជាលោក ហ៊ុន សែន អះអាងថា លោក​មិន«ហ៊ានហៅ»កូនលោកដូច្នេះក៏ដោយ តែការហៅលោក ហ៊ុន ម៉ាណែត ថាជា«អ្នកដឹកនាំ​បន្តវេន​វ័យ​ក្មេង»​ប៉ុន្មាន​ម៉ាត់​នេះ ហាក់ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា ពេញចិត្តពេញថ្លើមណាស់ រហូតយកមកថ្លែងប្រកាស ជា​សាធារណៈ ឬអាចនិយាយថា លោក ស៊ីនហ្សូ អាប៊េ ដូចជាចង់ទម្លាយ​ចេញ នូវពាក្យដែលលាក់ទុកក្នុងចិត្ត របស់​លោក ហ៊ុន សែន។

លោក ព្រហ្ម គិត បានថ្លែងឡើងថា៖ «នៅខ្វះតែមួយម៉ាត់ទៀត លោក ហ៊ុន សែន អាចនឹងញញឹមបិតមាត់​មិន​ជិត​ជាងនេះ។ នោះ គឺលោក អាប៊េ គួរហៅលោក ហ៊ុន ម៉ាណែត ថាជា"មេដឹកនាំបន្តត្រកូល​វ័យក្មេង" ពី​លោក ហ៊ុន សែន"»។

សម្រាប់អ្នកស្រី សូហ្វី ប៊័សូរ ឌុយរ៉ូឆេ (Sophie Boisseau du Rocher) អ្នកស្រាវជ្រាវមួយរូប របស់​វិទ្យាស្ថាន​បារាំង​​ផ្នែកទំ​នាក់​ទំនង​អន្តរជាតិ និង​ជា​អ្នក​ជំនាញ​ទាក់ទងនឹង​តំបន់​អាស៊ី​អាគ្នេយ៍ ធ្លាប់ត្រូវបាន​វិទ្យុបារាំង​អន្តរជាតិ​ «RFI» ដកស្រង់សំដីមក​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុងបង្កើតឲ្យមាន នូវការ​បន្ត​ស្នង​ត្រកូល​នយោបាយ​​ផ្ទាល់ខ្លួន ពីឪពុកទៅកូន (ជាឧទាហរណ៍ ដូចប្រទេសកូរ៉េខាងជើងសព្វថ្ងៃ) ដោយ​បាន​ដាក់​កូន​ប្រុស​​​ទាំង​​បី​​របស់​លោក ឲ្យកាន់តំណែងសំខាន់ៗ នៅក្នុងកងទ័ព នគរបាល និងនៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច។

អ្នកស្រី បានថ្លែងឲ្យដឹងថា៖ «គេអាចបារម្ភពីល្បិចកិច្ចកលថ្មីទៀត របស់លោក ហ៊ុន សែន ដែល​​គួរ​​ឲ្យ​​ស្ដាយ វា​មិន​ត្រឹម​តែ​ជា​ល្បិច​កិច្ចកលនោះទេ តែជាយុទ្ធសាស្ត្រនយោបាយ​របស់លោក ហ៊ុន សែន ដើម្បី​​បង្កើត​​ឲ្យ​​មាន នូវ​ការ​ស្នង​​ត្រកូល​​នយោបាយ​មួយ តាមបែបផ្ដាច់ការ ដើម្បីបន្តកាន់អំណាច នៅកម្ពុជា»៕

-------

» ការថ្លែងទាំងស្រុង របស់លោក ហ៊ុន សែន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...