ស្ថានទូត​ជប៉ុន​បក​ស្រាយ​សំដី អាប៊េ តប​ប្រតិកម្ម ហ៊ុន សែន

មន្ត្រីកុងស៊ុលនៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានបកស្រាយថា នាយករដ្ឋមន្ត្រីជប៉ុន មិនបានរិះគន់ ឬ​ធ្វើការ​ស្ដី​បន្ទោស លើ​លោក ហ៊ុន សែន ទេ។ តែនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ បានបញ្ជាក់​ជំហរ​របស់​ជប៉ុន ដែល​បាន​លើក​ឡើង ថា​សាលក្រម​របស់​តុលាការ​អន្តរជាតិ ទាក់ទងនឹងជម្លោះ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង គឺជា​សេចក្តី​​សម្រេច​​ចុង​​ក្រោយ​ និង​​ចាំបាច់​​ត្រូវ​​តែ​​គោរព​​តាម។
ស្ថានទូត​ជប៉ុន​បក​ស្រាយ​សំដី អាប៊េ តប​ប្រតិកម្ម ហ៊ុន សែន
ពីឆ្វេងមកស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 22, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើនិយាយឲ្យខ្លី គេត្រូវយល់ពីន័យ ដែលបង្កប់​នៅពីក្រោយ​ភាសា «ការទូត»!

តបទៅនឹងការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្នើសុំឲ្យជប៉ុន សម្ដែងប្រតិកម្ម​ជំនួសលោក ទៅលើសារព័ត៌មានក្នុងស្រុកមួយ ជុំវិញការចុះផ្សាយ ពីការបន្ទោស ឬការរិះគន់រូបលោក ពី​សំណាក់​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) នោះ មន្ត្រីទីប្រឹក្សានៅស្ថានទូតជប៉ុន ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានចេញមកធ្វើការបកស្រាយ ថាលោក អាប៊េ មិនបានរិះគន់ និងមិនមានបំណងរិះគន់ លោក ហ៊ុន សែន នោះឡើយ។

មន្ត្រីកុងស៊ុលនៃស្ថានទូតជប៉ុន លោក ណៅអាគី កាម៉ូស៊ីដា (Naoaki Kamoshida) បានលើកឡើង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ក៏ដូចជាវិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) ថា នៅក្នុងអំឡុងពេល នៃជំនួបរបស់លោក ស៊ីនហ្សូ អាប៊េ ជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមកនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន បាន​សង្កត់​ធ្ងន់ អំពីសារៈសំខាន់នៃនីតិរដ្ឋ និងសាលដីការបស់តុលាការមជ្ឈត្តកម្ម​អចិន្ត្រៃយ៍ (ឬហៅ​ម្យ៉ាង​ទៀត តុលាការ​​អាជ្ញាកណ្ដាលអន្តរជាតិ ដែលហៅកាត់ជាភាសាបារាំង CPA និងភាសា​អង់គ្លេស PCA) ដែល​បាន​សម្រេច​ជា​ស្ថាពរ និងភ្ជាប់កាតព្វកិច្ចច្បាប់ សម្រាប់បណ្ដារដ្ឋជាសមាជិកទាំងឡាយ។

សម្រាប់ប្រទេសជប៉ុន សាលដីការបស់​តុលាការ​អន្តរជាតិ ​ក្នុងក្រុងឡាអេ ប្រទេសហូឡង់ សម្រាប់បណ្តឹង​របស់​​ប្រទេស​ហ្វីលីពីន​ ប្រឆាំងនឹង​ប្រទេស​ចិន ​ទាក់​ទង​ជម្លោះដែនសមុទ្រ ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​នោះ​ គឺ​ជា​សេចក្តី​​សម្រេច​ចុង​ក្រោយ​ និង​ចាំបាច់​ត្រូវ​តែ​គោរព​តាម។​ នេះ ជាការអះអាង របស់លោក កាម៉ូស៊ីដា ដដែល។

ប៉ុន្តែមន្ត្រីកុងស៊ុលរូបនេះ បានបញ្ជាក់ថា៖ «បើទោះជាលោកនាយករដ្ឋមន្ត្រី អាបេ បានលើកឡើង​អំពី​ជំហរ​របស់​ជប៉ុន ដូចបានរៀបរាប់ខាងលើក៏ដោយ ក៏លោក អាប៊េ មិនមានបំណងរិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​បញ្ហា​នេះ​ដែរ»។

ការបកស្រាយ របស់មន្ត្រីស្ថានទូតជប៉ុន បានធ្វើឡើង ក្រោយប្រតិកម្មខ្លាំងៗ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទៅនឹងសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ «ឌឺខេបូឌាដេលី» ដែលលោក ហ៊ុន សែន គិតថា បានស្រង់សំដីខុស ដោយសរសេរថា នាយករដ្ឋមន្ត្រីជប៉ុន បានបន្ទោស និងរិះគន់លោក ហ៊ុន សែន ជុំវិញ​ជំហរ​​កម្ពុជា ​នៅចំពោះ​សាលដីការបស់​តុលាការ​អន្តរជាតិ​។

នៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង ប្រទេសចិន បានចាត់ទុកដែនទឹក នៅទីនោះសឹងតែទាំងមូល រហូត​មក​ដល់​ខាងមុខ​ប្រទេស​ម៉ាឡេស៊ី ដោយកាត់តាមប្រទេសហ្វីលីពីន វៀតណាម ប្រ៊ុយណេ ថាជាដែនសមុទ្រ​របស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ ដែលមានការគាំទ្រ ពីអង្គការសហប្រជាជាតិ និង​ដែល​ទទួល​បណ្ដឹង ពី​ប្រទេស​ហ្វីលីពីន បានសម្រេចនៅទីបំផុតថា វាគ្មានមូលដ្ឋានគ្រឹះ​ណាមួយ​ទាល់តែសោះ ដែល​ប្រទេស​​ចិន​​អះ​អាង ពី​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ ទៅលើតំបន់ដែនទឹកជម្លោះ ជាពិសេសនៅក្នុងតំបន់ខ្សែព្រំដែនទឹក ដែល​​ប្រទេស​​ចិន បាន​​គូសវាស​​ដោយ​ខ្លួនឯង។

តែប្រទេសកម្ពុជាវិញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានបដិសេធ មិនចូលរួមជាមួយប្រទេស​ដទៃ​ទៀត ក្នុងការចេញសេចក្ដីថ្លែងការណ៍គាំទ្រ សាលក្រមនោះ និងបានលើកឡើងថា ជម្លោះដែនសមុទ្រនេះ គួរ​តែ​ត្រូវ​បាន​ដោះស្រាយ ជាលក្ខណៈទ្វេភាគី។ ហើយ នៅក្រោយការប្រកាសជំហរនេះ ប្រទេសចិនបានសន្យា​ផ្ដល់​ជំនួយ​ឥតសំណង ដល់ប្រទេសកម្ពុជា នូវទឹកប្រាក់ប្រមាណជា ៦០០លានដុល្លារ សម្រាប់រយៈពេល​រហូត​ដល់​ឆ្នាំ២០១៨៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...