ពេទ្យថាស្លាប់ តែពេលយកទៅបញ្ចុះ ស្រាប់តែបើកភ្នែក...
- ដោយ: ឈូករ័ត្ន ([email protected]) - យកការណ៍៖ ក. វិច្ចនី - បារីស ថ្ងៃទី ២៦ មីនា ២០១៥
- កែប្រែចុងក្រោយ: March 26, 2015
- ប្រធានបទ: ភ្លឹក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះសម្រាប់ខ្មែរយើង គេអាចហៅថា ភ្លឹក ឬបើតាមជំនឿ គេនិយាយថា មិនទាន់អស់អាយុ មច្ចុរាជបានព្រលែង ព្រលឹងឲ្យមករក ខ្លួនប្រាណវិញ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ដូនចាស់ចំណាស់ជាង៩០ឆ្នាំ ដែលរស់នៅក្នុងក្រុង ហ្សែលសេនគីឆេន (Gelsenkirchen) ប្រទេសអាល្លឺម៉ង់ ត្រូវបានប្រកាសជាផ្លូវការ ថាបានស្លាប់ហើយ ដោយក្រុមគ្រូពេទ្យ នៃមណ្ឌលសម្រាប់ជនចូលនិវត្តន៍មួយកន្លែង។ ប៉ុន្តែនៅពេលដែលគេនាំ សាកសពលោកយាយ មកដល់ទីបញ្ចុះសព ស្រាប់តែដូនចាស់ បានភ្ញាក់ដឹកខ្លួនមកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការផ្សាយឲ្យដឹង ពីសារព័ត៌មានក្នុងស្រុក ជាច្រើន។
«ខ្ញុំនៅទីណាអញ្ចេះ?» នេះជាសម្លេងរបស់ដូនចាស់ អាយុ៩២ឆ្នាំរូបនេះ ដែលបានព្យាយាម បើកគម្របមឈូស ជាមួយគ្រាប់ភ្នែក បើកឡើងសម្ដែងចំងល់។ យើងពិបាកនឹងស្រម័យណាស់ ប្រសិនណា ជាមឈូសរបស់លោកយាយ ត្រូវបានបញ្ចុះរួចរាល់... នៅពេលនោះ បើទោះលោកយាយ ដឹងខ្លួនមកវិញ ក៏ពិបាកនឹងគាស់ គម្របក្ដាមឈូសនៅក្រោមដី នោះដែរ ហើយករណីនេះ នឹងក្លាយជាការបញ្ចុះមនុស្ស «ទាំងរស់»។
អ្នកនាំពាក្យនគរបាល នៃទីក្រុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ដូនចាស់ បានត្រូវការ ឲ្យមានការព្យាបាលខ្លាំងក្លាមួយ។ គាត់បានទន្ទឹងចាំ សេចក្ដីស្លាប់។» រីឯប្រធានមណ្ឌល សម្រាប់ជនចូលនិវត្តន៍វិញ បានថ្លែងឡើង ទាំងសោកស្ដាយថា៖ «ជារឿងមួយតក់ស្លុតណាស់ ហើយមិនអាចពន្យល់បានទេ»។
ប៉ុន្តែដូនចាស់ មិនបានរស់មកវិញ ដើម្បីបានសប្បាយ ក្នុងជីវិតសារជាថ្មីនោះទេ ព្រោះគាត់បានស្លាប់«មែនទែន» នារសៀលថ្ងៃចន្ទ នៅក្នុងមន្ទីរពេទ្យមួយ ដែលគេបានយកគាត់ មកសម្រាកព្យាបាលវិញ។ នេះបើតាមអាជ្ញាធរ នៅក្នុងតំបន់ដដែល។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតមួយបានបើកធ្វើ ដើម្បីពន្យល់ឲ្យដឹងថា ហេតុអ្វីបានជាក្រុមគ្រូពេទ្យមុននេះ បានប្រកាសថា ដូនចាស់បានស្លាប់ទៅហើយនោះ៕