សូម្បីតែងតាំងអ្នកនាំពាក្យ ក៏រដ្ឋសភា ត្រូវគិតរឿងនយោបាយ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៦ មីនា ២០១៥
- កែប្រែចុងក្រោយ: March 26, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការតែងតាំងអ្នកនាំពាក្យ របស់រដ្ឋសភាជាតិកម្ពុជា បានរងការរិះគន់ ថាមានការរើសអើង បែងចែកឋានៈ បក្សពួក និងនយោបាយ។ ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានធ្វើការរិះគន់លើស្ថាប័នរដ្ឋសភានេះ ដោយយោងលើពាក្យ ដែលបានប្រើប្រាក់ ក្នុងសេចក្តីសម្រេចរបស់រដ្ឋសភា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ តាមរយៈពាក្យថា «ជាអ្នកនាំពាក្យ» និងជា«អ្នកនាំពាក្យបម្រុង»។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក អំ សំអាត បានថ្លែងឲ្យដឹងថា រដ្ឋសភាមិនគួណា កំហិតនៃការឆ្លើយឆ្លងព័ត៌មាន នៃអ្នកនាំពាក្យនោះឡើយ ព្រោះអ្នកនាំពាក្យ ត្រូវមានសិទ្ធិស្មើគ្នា ក្នុងការផ្តល់ព័ត៌មាន នៅពេលអ្នកនាំពាក្យម្នាក់ មិនអាចផ្តល់ព័ត៌មានបាន ព្រោះតែខ្លួនរវល់ ឬទំនាក់ទំនងមិនបាននោះ។
តាមសេចក្តីសម្រេចកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយ លោក ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេចតែងតាំង ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា ទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា លោក ឈាង វុន មកពីគណបក្សប្រជាជនកម្ពុជា ជា«អ្នកនាំពាក្យ» រីឯអនុប្រធានរបស់លោក ឈាង វុន គឺអ្នកស្រី ជូឡូង សូមូរ៉ា ដែលមកពី គណបក្សសង្គ្រោះជាតិ ជា«អ្នកពាក្យបម្រុង» នៃរដ្ឋសភា នានីតិកាលទី៥នេះ។
ជាក់ស្ដែង ទាក់ទងនឹងបញ្ហា នៃការតែងតាំង«អ្នកនាំពាក្យបម្រុង»នៃរដ្ឋសភានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទង ទៅលោក ឈាង វុន ដើម្បីសុំប្រតិកម្មពីលោក។ ប៉ុន្តែ មន្ត្រីអ្នក«នាំពាក្យ» ដែលមានសិទ្ធិឆ្លើយតប តាមការចែង នៅក្នុងសេចក្តីសម្រេចខាងលើ មិនអាចទាក់ទងបានឡើយ ព្រោះប្រព័ន្ធទូរស័ព្ទ បានឆ្លើយបញ្ជាក់ថា៖ «លេខទូរស័ព្ទដែលលោកអ្នកហៅ កំពុងជាប់រវល់»។ រីឯអ្នកស្រី ជូឡូង សូមូរ៉ា ដែលជាអ្នក«នាំពាក្យបម្រុង»នោះវិញ ទទួលការហៅចូល តែអ្នកលើកទូរស័ព្ទនោះ អាចជាជំនួយការ របស់អ្នកស្រី។ តែនៅពេលដឹងថា ជាអ្នកសារព័ត៌មាន បែរជាឆ្លើយថា មិនមែនទៅវិញ។
សម្រាប់មន្រ្តីសិទ្ធិមនុស្ស លោក អំ សំអាត បានដាក់ការអង្កេត លើសេចក្តីសម្រេចខាងលើនោះថា បានប្រើប្រាស់នូវពាក្យ «បម្រុង» សម្រាប់អ្នកនាំពាក្យទីពីរ របស់រដ្ឋសភា។ លោកថា ទំនងជាខ្លាច មានការភាន់ច្រឡំ ក៏បានសង្កត់«ពណ៌ខ្មៅធ្ងន់»លើពាក្យថា«អ្នកនាំពាក្យ» និងពាក្យ «អ្នកនាំពាក្យបម្រុង»។ សេចក្តីសម្រេចនោះ បានបកស្រាយថា៖ «អ្នកនាំពាក្យនេះ មានតួនាទី និងភារកិច្ចរៀបចំឯកសារ ផ្សព្វផ្សាយព័ត៌មាន និងធ្វើការបំភ្លឺជូនសាធារណជន។ ចំពោះព្រឹត្តិការណ៍ និងសភាពការណ៍ នយោបាយជាតិ និងអន្តរជាតិសំខាន់ៗ មកលើរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកអ្នកនាំពាក្យបម្រុង ត្រូវទទួលភារកិច្ចជំនួសអ្នកនាំពាក្យ ពេលអ្នកនាំពាក្យ ជាប់បំពេញបេសកកម្ម ក្រៅប្រទេស។»
តាមរយៈឃ្លាក្នុងមាត្រាពីរ នៃសេចក្តីសម្រេចដដែល ត្រូវបានលោក អំ សំអាត យល់ឃើញថា រដ្ឋសភាកំពុងមាន ចេតនា រុញអ្នកនាំពាក្យរបស់រដ្ឋសភា ទៅក្នុងរឿងនយោបាយច្រើនជាង បង្កើតអ្នកនាំពាក្យ សម្រាប់ផ្តល់ព័ត៌មានពិត នៃរដ្ឋសភា។ លោកបានចាត់ទុកថា ការសម្រេចនេះ ថ្វីបើមានមនុស្សពីរនាក់ ជាអ្នកនាំពាក្យ តែសម្រាប់សិទ្ធិ និងអំណាច ក្នុងការឆ្លើយឆ្លងព័ត៌មាន «មាន»សម្រាប់មនុស្សតែម្នាក់ដដែល គឺលោក ឈាង វុន។
លោកបន្តថា តាមសេចក្តីសម្រេចនេះ អ្នក«បម្រុង» គ្មានសិទ្ធិឆ្លើយអ្វីទាំងអស់ ចំពោះអ្នកសារព័ត៌មាន បើគ្មានការផ្ទេរសិទ្ធិ ពីអ្នកនាំពាក្យ«មែនទែន» ក្នុងករណីលោក នៅក្នុងស្រុក ហើយក៏មិនអាចផ្តល់ព័ត៌មាន បានទាន់ពេលវេលា សម្រាប់អ្នកសារព័ត៌មាននោះដែរ។ លោកថា តាមពាក្យ«បម្រុង»នេះ និងពាក្យថា «អ្នកនាំពាក្យជាប់បំពេញ បេសកកម្មក្រៅប្រទេស» មានន័យថា បើអ្នកនាំពាក្យមានវត្តមានស្រុក ហើយលោកមិនបានផ្តល់ព័ត៌មាន តែអ្នកព័ត៌មានស្វែង រកអ្នកបម្រុងមកឆ្លើយ នោះរាល់ព័ត៌មានដែលអ្នកបម្រុងឆ្លើយ អាចត្រូវអ្នកនាំពាក្យមែនទែន បដិសេធព័ត៌មាននោះ បានទាំងស្រុង និងគ្រប់ពេលវេលា។ លោកបន្តថា មួយទៀត អ្នកបម្រុង ក៏អាចបង្ហាញថា ខ្លួនគ្មានសិទ្ធិឆ្លើយ ជាមួយអ្នកសារព័ត៌មានទេ ព្រោះខ្លួនជាអ្នកបម្រុង ហើយអ្នកនាំពាក្យទីមួយលោក ឈាង វុន កំពុងមាន«វត្តមាន»ក្នុងស្រុកនៅឡើយ។
មន្រ្តីសិទ្ធិមនុស្សរូបនេះ បានពន្យល់ទៀតថា៖ «ជាធម្មតា អ្នកនាំពាក្យ ដែលតាមក្រសួងខ្លះគាត់យល់ គាត់អាចតែងតាំងពីរ បី បួន ឬក៏ប្រាំ (...) បើមួយទាក់ទងមិនបាន ទាក់ទងមួយ ពីរ បីនាក់ មិនខានអី នឹងបានមួយទេ។ តែបើការតែងតាំងតែមួយ ហើយមួយបម្រុង ចុះបើទាក់ទងមួយមិនបាន ហើយគ្មានការផ្ទេរសិទ្ធិ ហើយអ្នកពេញសិទ្ធិ នៅមានវត្តមាន (ក្នុងស្រុក) អញ្ចឹងអ្នកទីពីរ ដែលជាអ្នកបម្រុង លោកម្តេចនឹងហ៊ានឆ្លើយ? (…) ស្ថាប័នកំពូលៗ គួបើកសិទ្ធិទូលាយទៅ អ្នកនាំពាក្យយ៉ាងតិចពីរហើយ ពេញសិទ្ធិទាំងអស់ បើទាក់ទងមួយមិនបាន អាចទាក់ទងមួយ។ នេះវាមានភាពងាយស្រួល សម្រាប់អ្នកសារព័ត៌មាន ដែលចង់បានព័ត៌មាន។ (…) បើតែងតាំងពីរដែរ មួយពេញសិទ្ធិ មួយបំរុង វាដូចតែមួយដដែលហ្នឹង។»
កន្លងមក លោក ឈាង វុន ត្រូវបានគេមើលឃើញថា រាល់ការផ្តល់ព័ត៌មានរបស់លោក ជាមួយអ្នកសារព័ត៌មាន តែងធ្វើការវាយប្រហារ ទៅលើគូបដិបក្ខរបស់ខ្លួន។ ជាមួយគ្នានេះ ការបកស្រាយរបស់លោក ហាក់ដូចជាមាននិន្នាការគាំទ្រ ទៅតែក្រុមម្ខាង ជាពិសេស លោកធ្លាប់ប្រឆាំងដាច់ខាត លើបុគ្គលមួយចំនួន ដូចយ៉ាងលោក សុន ឆ័យ មកពីគណបក្សប្រឆាំង នាពេលកន្លងមកជាដើម។ ចំណែកឯអ្នកស្រី ជូឡូង សូមូរ៉ា ជាមនុស្ស មកពីគណបក្សប្រឆាំង ដ៏ធំមួយនៅកម្ពុជា និងក៏ត្រូវជាភរិយា របស់មេបក្សប្រឆាំងនោះដែរ។ បើអញ្ចឹងទេ តើរដ្ឋសភាបានតែងតាំង អ្នកទាំងពីរនាក់ ឲ្យមកដើរតួក្នុងនយោបាយ ជៀសជាងជាអ្នកនាំពាក្យ ឲ្យស្ថាប័នជាតិ?