ពែកមី លេងជ្រុល តែដឹងខ្លួនទាន់ (vdo)
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៥ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 10, 2015
- ប្រធានបទ: កំប្លែង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មកដល់ផ្ទះ ប្រពន្ធខ្ញុំបាទនេះ បានប្រាប់(ខ្ញុំបាទ)ថា បងឯងលេងម៉ិញ ខុសធ្ងន់ណាស់» នេះជាសម្ដីរបស់នាយ ពែកមី ដែលបាននិយាយ នៅក្នុងឃ្លីបវីដេអូរបស់ខ្លួន បង្ហោះកាលពីយប់ថ្ងៃសៅរ៍ សុំការអភ័យទោស ពីព្រះមហាក្សត្រ និងពីប្រជារាស្ត្រខ្មែរ នូវទង្វើនៃការសម្ដែងមួយ ដែលតារាកំប្លែងយល់ថា ជាកំហុសដ៏ធំមួយ។ នោះគឺការយក ក្រដាសប្រាក់មួយម៉ឺនរៀល ដែលមានរូបព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ នរោត្ដម សីហមុនី យកមកគាបនឹងម្រាមជើង។
ការថ្លែងរបស់លោក ទំនងជាយោងទៅនឹងការសំដែង នៅក្នុងឈុតឆាកកំប្លែងខ្លីមួយ ដែលមានចំណងជើងថា «សាច់ឯង» ដែលបានចាក់ផ្សាយ នៅក្នុងកញ្ចក់ទូរទស្សន៍ ស៊ីធីអិន កាលពីយប់ថ្ងៃសៅរ៍ដដែល។ នៅក្នុងឈុតឆាកនេះ លោក ពែកមី បានសម្ដែងជាតួបង ទៅសុំលុយពីតួប្អូន ដែលសម្ដែងដោយ នាយប៉ូម ដើម្បីយកមកមើលជំងឺឪពុក នៅឯស្រុកស្រែចំការ។ ប៉ុន្តែដោយការម៉ៅស្វិត និងមានសម្ពាធពីភរិយា តួជាប្អូនបានឲ្យលុយ មកនាយ ពែកមី តែ២ម៉ឺនរៀល (បើគិតជាដុល្លារ បាន៥ដុល្លា) ប៉ុណ្ណោះ។ តែដោយខឹង នឹងតួប្អូននេះ តួលោក ពែកមី បាននិយាយថា៖ «បើឲ្យត្រឹមតែ២ម៉ឺន អញ្ចឹង អញអត់យកនឹងដៃទេ តែដាក់គាប នឹងមេជើងអញមក»។
វីដេអូកំប្លែង ដែលលេងនៅក្នុងទូរទស្សន៍ មានរយៈពេលប្រមាណជិត៣០នាទី ត្រូវបានថតជាប់ជាវីដេអូ និងយកចេញទៅបង្ហោះ នៅតាមបណ្ដាញសង្គម យ៉ាងពោរពាស។ ប៉ុន្តែបញ្ហាមួយបានកើតឡើង៖ ភរិយាលោក ពែកមី បានសម្លឹងឃើញមុនគេ ថាការគាបលុយនឹងជើងនេះ ជាកំហុសមួយដ៏ធ្ងន់ធ្ងរ។ តារា ពែកមី បានស្រង់សម្ដីរបស់ភរិយាខ្លួន ដែលស្ដីរំលឹកខ្លួន ពីទង្វើនេះ មកបញ្ជាក់ថា៖ «បងឯងលេងម៉ិញ ខុសធ្ងន់ណាស់។ បងឯងមិនគួរណា យកលុយក្រដាសមួយម៉ឺន ដែលមានរូបព្រះករណា មកគាបនឹងមេជើងអញ្ចឹង វាខុសធ្ងន់។»
នៅក្នុងវីដេអូ ដែលបានបង្ហោះ នៅវេលាជិតអាធ្រាត ក្នុងទំព័រហ្វេសប៊ុករបស់លោកនោះ តារាកំប្លែងបានលើកដៃសំពះ សុំព្រះរាជទានទោស ពីកំហុសឆ្គាំឆ្គង ដែលលោកបានអះអាងថា ជាកំហុសដោយអចេតនានេះ។ លោក ពែកមី ដ៏ល្បីឈ្មោះ បានថ្លែងថា៖ «ខ្ញុំបាទនេះ ពុំមានចេតនាក្នុងមើលងាយ ព្រះមហាក្សត្រ ព្រមទាំងមើលងាយ លុយខ្មែរទេ។ (...) បើអញ្ចឹង សូមខន្តីអភ័យទោស និងព្រះរាជទានទោស។»
យ៉ាងណាក៏ដោយ គេមិនដឹងថា តើការយកលុយ ឬការយកព្រះឆាយាលក្ខណ៍ របស់ព្រះមហាក្សត្រ មកគាបនឹងជើង នៅត្រូវមានទោសកំហុស បែបណានោះទេ ដោយសារតែប្រទេសកម្ពុជា នៅមិនទាន់មានច្បាប់ដាក់កំហិត ទៅលើករណីនេះនៅឡើយ។ រីឯកាយវិការនៃឈុតឆាកកំប្លែងវិញ ត្រូវបានប្រិយមិត្តហ្វេសប៊ុកមួយចំនួន ធ្វើការិះគន់ថា គួរតែសម្រិតសម្រាំង ឲ្យបានល្អជាងនេះ ដោយសារតែកាយវិការណាក៏ដោយ មានទស្សនិកជនគ្របវ័យទស្សនា ក្នុងនោះ មានទាំងកុមារ ដែលសុទ្ធសឹងជាទំពាំងរបស់កម្ពុជានោះផង។
ប្រិយមិត្តហ្វេសប៊ុក មួយចំនួនទៀត បានលើកឡើងថា ប្រសិនបើលោក ពែកមី បានបង្ហោះវីដេអូ ធ្វើការសុំអភ័យទោសភ្លាមៗនេះ ទំនងជាលោកបានដឹង ពីបទពិសោធន៍ក្នុងពេលកន្លងមក ស្ដីពីប្រតិកម្មរបស់ពលរដ្ឋខ្មែរ ទាក់ទងនឹងយកព្រះឆាយាលក្ខណ៍ ឬក្រដាសប្រាក់ ... មកដាក់ផ្ទាល់នឹងដី មកជាន់ឈ្លី ឬមកបាចចោលជាដើម។ ហើយមួយវិញទៀត បើលោករង់ចាំឲ្យប្រតិកម្ម ពីបណ្ដាជនកើតឡើងមុន ការសុំទោសនោះ លោកដែលជាតារាល្បីឈ្មោះមួយរូប អាចនឹងទទួលមកវិញ នូវផលអវិជ្ជមានច្រើនជាង៕
សូមទស្សនាវីដេអូ ទាំងពីរដូចខាងក្រោម៖