បាញ់​គ្រាប់​ពិត​លើ​បាតុករ ស្លាប់​អ្នក​លក់​បាយ​ម្នាក់ និង​របួស​ច្រើន​នាក់

ស្ត្រីម្នាក់ត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងពិត នៅកណ្ដាលទីក្រុងភ្នំពេញ ក្នុងព្រឹត្តិការណ៍ប្រឈមមុខមួយ រវាងកង​កម្លាំង​នគរបាល និងបាតុកររបស់ក្រុមកម្មកររោងចក្រកាត់ដេរមួយ យីហោអេសអ៊ិល (SL) ដែលផលិត​សម្លៀកបំពាក់ ឲ្យក្រុមហ៊ុនសម្លៀកបំពាក់យីហោអន្តរជាតិធំៗ របស់លោកខាងលិច។ នេះបើតាមសេចក្ដីថ្លែងទុក្ខ របស់គ្រួសារជន​រងគ្រោះ និងរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: November 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីម្នាក់ត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងពិត នៅកណ្ដាលទីក្រុងភ្នំពេញ ក្នុងព្រឹត្តិការណ៍ប្រឈមមុខមួយ រវាងកង​កម្លាំង​នគរបាល និងបាតុកររបស់ក្រុមកម្មកររោងចក្រកាត់ដេរមួយ យីហោអេសអ៊ិល (SL) ដែលផលិត​សម្លៀកបំពាក់ ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់យីហោអន្តរជាតិធំៗ របស់លោកខាងលិច។ នេះបើតាមសេចក្ដីថ្លែងទុក្ខ របស់គ្រួសារជន​រងគ្រោះ និង​របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល។


កញ្ញា វង្ស វល័ក្ខណ៍ កូនស្រីរបស់ជនរងគ្រោះ។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិសង្គម - ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានដកស្រង់សម្ដីរបស់ យុវតី វង្ស វល័ក្ខណ៍ ដែលត្រូវជាកូនស្រី​របស់​ជនរងគ្រោះ មករាយការណ៍ថា «ម្ដាយខ្ញុំបានទទួលគ្រាប់កាំភ្លើងមួយគ្រាប់ ចំកណ្ដាលទ្រូង ទាំងមិនដឹងអី នៅពេលមាន​ការប្រឈម​រវាងបាតុករ និងកងកម្លាំងនគរបាល»។

លោក អំ សំអាត មន្ត្រីជំនាញមួយរូប ពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ដែលមានវត្តមាននៅនឹងកន្លែងកើតហេតុ ហើយបានធ្វើដំណើរទៅដល់មន្ទីរពេទ្យដែរនោះ ក៏បានបញ្ជាក់ពីព័ត៌មាននេះដែរ។ លោក អំ សំអាត បានបន្ថែមទៀតថា ជាហេតុការណ៍បង្ក្រាបដ៏អាក្រក់មួយ ពីសំណាក់អាជ្ញាធរ។

គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្ដ៍ បានរាយការណ៍ថា មានមនុស្សដល់ទៅ ១២នាក់បានរងរបួស ក្នុងនោះស្ត្រី​អ្នក​លក់​បាយម្នាក់ ក្នុង​ចំណោម​អ្នក​ត្រូវ​របួស​ ដែល​បាន​ដឹក​ទៅ​មន្ទីរ​ពេទ្យ បាន​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ ក្រោយ​ពី​របួស​ចំ ក្រោម​ដោះ​ខាង​ស្តាំ។ ស្ត្រី​ជន​រង​គ្រោះ​រូបនោះ ​ឈ្មោះ ហេង សុខម អាយុ ៤៩ ឆ្នាំ បាន​ស្លាប់​ភ្លាម​ពេល​ត្រូវ​បាន​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​រ៉ូស្ស៊ី។

រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងពីតុល្យភាពចុងក្រោយ និងជាផ្លូវការនៅឡើយទេ ប៉ុន្តែសាក្សីជាច្រើនបានលើក​បង្ហាញពីអ្នករបួសថា មានជាច្រើននាក់ផ្សេងទៀត។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍ថា មានបាតុករត្រូវចាប់ខ្លួន ច្រើនជាង១០នាក់។  អ្នកការសែតមួយរូប មកពីទីភ្នាក់ងារសារព័ត៌មានបារាំង ក៏បានលើក​ឡើង​ដែរថា លោកបានឃើញដោយផ្ទាល់ភ្នែក ក្រុមកងកម្លាំងនគរបាលវាយតប់ ទាត់ធាក់ទៅលើក្រុមបាតុករ នៅក្រោយ​បន្ទាប់ពី​ឃាត់ខ្លួនពួកគេហើយ។ បាតុករឃាត់ខ្លួនទាំងនោះ មួយចំនួន បានរងគ្រោះរហូតដល់បែកឈាម។

សាក្សីនៅមុខវត្តស្ទឹងមានជ័យ ដែលជាកន្លែងកើតហេតុបានអះអាងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា មូលហេតុ​ឈានទៅដល់ការប៉ះទង្គិច​ដោយហិង្សានេះ ក៏ព្រោះតែកម្លាំងសមត្ថកិច្ចច្រើនរយនាក់ ប្រដាប់ដោយខែល គ្រាប់បែកផ្សែង និងរថយន្តពន្លត់អគ្គីភ័យ​ជាង១០គ្រឿងបានបិតផ្លូវ មិនឲ្យក្រុមកម្មកររោងចក្ររាប់ពាន់នាក់ ធ្វើដំណើរយកញ្ញតិ្តទៅ​ដាក់​ផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យជួយដោះស្រាយវិវាទការងារ ដែលបានកើតឡើងយ៉ាងរ៉ាំរ៉ៃរ វាងរោងចក្រ អេសអ៊ិល និងក្រុមកម្មករកាត់ដេរ។

លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានធ្វើប្រតិកម្មខ្លីថា «ក្រុមកម្មករបានវាយប្រហារ លើនគរបាល។  (...) ក្រុមបាតុករបានគុបដុំថ្មជាច្រើន សំដៅលើនគរបាល ក្រោយពេលនគរបាលបំបែកពួកគេ ដោយប្រើឡានទឹកបាញ់ទឹក»។ អ្នកនាំពាក្យបាននិយាយទៀតថា «បាតុករបានដុតឡានមួយគ្រឿង និងម៉ូតូពីរគ្រៀង របស់នគរបាល ដែលតម្រូវឲ្យ​នគរបាល​តបតរវិញ។»

ពីក្នុងចំណោមបាតុករទាំងនោះ គេសង្កេតឃើញមានព្រះសង្ឃ និងក្រុមមនុស្សមួយចំនួន ដែលធ្វើឲ្យនគរបាលយល់ថា ពួកគេមានបំណងចង់បង្កអស្ថិរភាព ញុះញង់មកក្នុងចំណោមក្រុមកម្មករ។ តែការប្រើគ្រាប់ពិតបាញ់សំដៅហ្វូងមនុស្ស របស់អាជ្ញាធរទំនងជានឹងរង នូវការរិះគន់កាន់តែខ្លាំងថែមទៀតជាមិនខាន។ នៅក្នុងករណីវិវាតការងារ និងថែមទាំងបង្ក​ឲ្យមានមនុស្សស្លាប់បែបនេះ ត្រូវបានក្រុមសកម្មជនការពារសិទ្ធិមនុស្សបរិហារថា ក្រុមហ៊ុនបរទេសម្ចាស់យីហោ​សម្លៀកបំពាក់ នឹងមិនទទួលទិញនូវរបស់ណាមួយ ពីប្រទេសកម្ពុជា ដែលមានប្រឡាក់ប្រឡូកទៅដោយ«ឈាម»​នោះ​ទេ៕

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងត្រឡប់មកក្នុងអត្ថបទក្រោយរបស់ខ្លួន ទាក់ទងនឹងប្រតិកម្មនានា ជុំវិញការបង្ក្រាប​ប្រកប​ដោយឈាម របស់កងកម្លាំងអាជ្ញាធរនេះ។

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...