សហជីព៖ ជំនួបរវាងអ្នកបញ្ជាទិញនិងរដ្ឋាភិបាល នឹងបញ្ចប់បញ្ហាកម្មករ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងជំនួបជាមួយក្រុមសហជីពអន្តរជាតិ និងអ្នកបញ្ជាទិញម៉ាកយីហោល្បីៗ នៅលើពិភពលោក ខាងសហជីពកម្មករ ជាពិសេសមេដឹកនាំ ដែលធ្វើសកម្មភាពទាមទារតម្លើងប្រាក់ឈ្នួលកន្លងមក បានបង្ហាញការរំពឹងទុកថា បញ្ហានានាដូចបញ្ហារឿងប្រាក់ឈ្នួល អ្នកកំពុងជាប់ឃុំទាង២១នាក់ និងបញ្ហារិតត្បិតសេរីជាដើមនឹងត្រូវបានដោះស្រាយ។
ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
វិបត្តិកម្មករ - លោកអាត់ ធន់ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានថ្លែងនៅថ្ងៃទី២៧ ខែឧសភានេះ ថាវាជារឿងមួយល្អ ដែលក្រុមអ្នកបញ្ជាទិញពិភពលោក និងសហជីពអន្តរជាតិ បានជួបប្រជុំជាមួយតំណាងរដ្ឋាភិបាល ក្នុងជំនួបលើកទីពីរនេះ បន្ទាប់ការជួបពិភាក្សាគ្នាកាលពីលើកទី១ ទាំងរដ្ឋាភិបាលកម្ពុជា និងនិយោជកមិនទាន់លេចចេញសកម្មភាពអ្វី ជាដុំកំភួននៅឡើយ ក្នុងការដោះស្រាយបញ្ហាជូនកម្មករ។
លោកបញ្ជាក់បន្ថែមថា៖ «ខាងរដ្ឋាភិបាល និងភាគីខាងនិយោជក ត្រូវតែមានធ្វើសកម្មភាពអីមួយ ដើម្បីបញ្ជាក់ថាដំណើការនៃការតម្លើងប្រាក់ឈ្នួលនេះ វាមានលក្ខណៈប្រាកដប្រជា ការដោះស្រាយឱ្យមានការដោះលែងអ្នកទាំង២៣នាក់ និងបញ្ឈប់រាល់រូបភាពអសកម្មផ្សេងៗ ដែលមានការរិតបណ្តឹង ទៅលើចលនារបស់សហជីព»។
ក្រោយពីសហជីពអន្តរជាតិ និងក្រុមហ៊ុនអ្នកបញ្ជាទិញ ដែលមានម៉ាកយីហោល្បីៗមួយចំនួន នៅលើពិភពលោក បានជួបប្រជុំពិភាក្សាជាមួយមន្ត្រីរាជរដ្ឋាភិបាល ពេញមួយថ្ងៃ កាលពីថ្ងៃទី២៦ ឧសភា នៅទីស្ដីការគណៈរដ្ឋមន្ត្រីនោះមក នៅថ្ងៃទី២៧ ខែឧសភានេះ Industri ALL Glbal Unin បានរៀបចំកិច្ចពិភាក្សាមួយ រវាងសហជីពកម្ពុជា និងអ្នកបញ្ជាទិញស្តីពីស្ថានភាពកម្មករនៅកម្ពុជា។
ថ្លែងប្រាប់អ្នកសាព័ត៌មាននាឱកាសនោះ លោកអាត់ ធន់ បានសង្កត់ធន់ថា ក្រុមអ្នកបញ្ជាទិញ បានបង្ហាញជំហរច្បាស់លាស់ ចង់ឱ្យក្រុមនៃអ្នកផលិត មានការធានាចំពោះប្រាក់ឈ្នួល ម៉ោងការងារ និងបញ្ហាសុខភាពផ្សេងដែលវាជាគោលការណ៍របស់អ្នកបញ្ជាទិញ។
លោកបានបង្ហាញជំនឿយ៉ាងមុតមាំ ថាបន្ទាប់ពីកិច្ចប្រជុំលោកទីពីរនេះ ដំណោះស្រាយនឹងមានលទ្ធផលជាវិជ្ជមាន ដែលប្រាក់ឈ្នួលកម្មករ នឹងត្រូវឡើងក្នុងកំរិតមួយសមរម្យ អាចទទួលយកបានទាំងរដ្ឋាភិបាល និងកម្មករ ជាពិសេសអ្នកទាំង២១នាក់ ក៏ត្រូវបានដោះលែង និងបញ្ហាមួយចំនួនទៀត ដូចជារិតបន្តឹងសិទ្ធិសេរីភាព ក៏ត្រូវបានដោះស្រាយ។
លោក ជីរ៉កគី រ៉េនណា (Jyrki Raina) អគ្គលេខាធិកា Industri ALL Glbal Unin បានគត់សម្គាល់ថា កន្លងដំណើរការនៃការតម្លើងប្រាក់ឈ្នួលឱ្យបានសមរម្យនេះ នៅមានលក្ខណៈយឺតនៅឡើយ ហើយទង្វើបែបនេះ វាមិនបានបង្កលក្ខណៈល្អប្រសើរ សម្រាប់អ្នកបញ្ជាទិញក៏ដូចជាកម្មករនោះទេ។ លោកបន្តថា គោលបំណងរបស់សហជីពអន្តរជាតិ ក៏ដូចអ្នបញ្ជាទិញ គឺធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យការអនុវត្តការងារនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង និងធ្វើឱ្យកម្មករនិយោជិកទទួលបានប្រាក់ខែ ដែលបានចញ្ចឹមជីវិតសមរម្យបាន៕