ហ៊ុន សែន៖ បក្សសង្រ្គោះជាតិចូលចិត្តធ្វើរឿង«ប្លែកៗ» ចំពោះ គ.ជ.ប
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះបានថ្លែងសារនយោបាយ ដោយចំអកឲ្យគណបក្សសង្រ្គោះជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះភាពឯករាជ្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)
ការបោះឆ្នោត - «ថាមិនចូលចិត្ត គ.ជ.ប ឥឡូវបោះឆ្នោតក្រោមដំបូលរបស់ គ.ជ.ប ដដែល។ (...) មិនទទួលស្គាល់ គ.ជ.ប ឲ្យ គ.ជ.ប លាលែង ប៉ុន្តែដល់ទៅបោះឆ្នោតប៉ុន្មានថ្ងៃមុន គ.ជ.ប ដដែល»។ នេះជាការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅមណ្ឌល កម្សាន្តកោះពេជ្រ។
ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី កន្លងបានបរិហារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាគ្មានភាពឯករាជ្យ ហើយបានបដិសេធលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត កាលពីខែកក្កដា ឆ្នាំ២០១៣ តែប្រមុខគណៈបក្សជំទាស់នេះ បានប្រកាសថាលទ្ធផលបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ក្រោមការរៀបចំរបស់ គ.ជ.ប អាចទទួលយកបាន។
គោលជំហររបស់លោកសម រង្ស៊ី ចំពោះភាពឯករាជ្យ របស់ គ.ជ.ប យ៉ាងដូច្នេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកថាគណបក្សសង្រ្គោះជាតិ មានជំហរមិនច្បាស់លាស់ចំពោះ គ.ជ.ប និងចូលចិត្តធ្វើរឿង«ប្លែកៗ»។
ភ្លាមៗទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការអត្ថាធិប្បាយ ចំពោះការលើកឡើង របស់លោកនាយករដ្ឋមន្រ្ តីហ៊ុន សែន បានទេ។
កន្លងមក មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ធ្លាប់ពន្យល់ថា កាលដែលគណបក្សប្រជាជនកម្ពុជា ព្រមទទួលយកការកែទម្រង់ស្ថាប័នបោះឆ្នោត គឺមានន័យថាគណបក្សប្រជាជនកម្ពុជា ក៏ទទួលស្គាល់ដែរថា គ.ជ.ប មិនទាន់គ្រប់លក្ខណៈ ដែលចាំបាច់ត្រូវតែធ្វើការកែទម្រង់។
តែបើទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឲ្យតម្លៃពីភាពឯករាជ្យរបស់ គ.ជ.ប ខុសគ្នាក៏ដោយ ក៏គណបក្សទាំងពីរ បានឯកភាពគ្នារួចហើយថា នឹងធ្វើការកំណែទម្រង់ស្ថាប័នមួយនេះ ក្រោមកិច្ចសហការជួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន៕