មេធាវីការពារ វន់ ពៅ៖ ការសម្រេចរបស់សាលាឧទ្ធរណ៍ «មិន»ត្រឹមត្រូវ
ក្រោយពីសាលាឧទ្ធរណ៍បានសម្រេច តម្កល់សាលដីកាបដិសេធការសុំនៅក្រៅឃុំរបស់ជនជាប់ចោទ២១នាក់ មេធាវីការពារក្ដីឲ្យលោក វន់ ពៅ ដែលជាប់ឃុំជាមួយនឹងជនទាំង២០នាក់ផ្សេងទៀត បានលើកឡើងថា ការសម្រេចរបស់សាលាឧទ្ទរណ៍នេះមិនត្រឹមត្រូវតាមច្បាប់ទេ។ លោកបន្ថែមថា ក្រុមមេធាវីរបស់លោកគ្រោងនឹងរៀបចំពាក្យបណ្តឹង ប្តឹងទៅតុលាការកំពូលជាបន្តទៀត។
នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤៖ «សូមដោះលែង លោក វន់ ពៅ ...»។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - លោក សំ សុគង់ មេធាវីការពារក្តីអោយលោក វន់ ពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «បើយើងមើលតាមផ្លូវច្បាប់ គឺកូនក្តីរបស់ខ្ញុំ អ្នកទាំង២១នាក់ហ្នឹង ត្រូវតែបាននៅក្រៅឃុំ បើយោងតាមមាត្រា ២០៣ និង៣៨នៃច្បាប់រដ្ឋធម្មនុញ្ញ។ ប៉ុន្តែការលើកឡើង សំអាងហេតុរបស់អង្គចៅក្រម ហាក់មិនបានស្របទៅតាមមាត្រា នៃច្បាប់ដែលការពារសិទ្ធិ និងការពារសេរីភាពអោយពួកគាត់នោះទេ។»
ការលើកឡើងនេះ ក្រោយពេលដែលសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាបដិសេធសំណើរសុំនៅក្រៅឃុំរបស់ជនជាប់ទាំង២១នាក់។ បន្ទាប់ត្រូវពីត្រូវបានតុលាការបដិសេធ មេធាវីកាពារក្តីរូបនេះបានអះអាងថាក្នុងសប្តាហ៍នេះ លោកគ្រោងប្តឹងទៅតុលាការកំពូល ដោយសារសេចក្តីសម្រេចនេះពុំមានលក្ខណៈត្រឹមត្រូវនៅឡើយ។ ទាក់ទងនឹងបញ្ហាប្តឹងបន្តទៅទៀតនេះ លោក មេធាវី គីម សុជាតិ មកពីសភាពការងារកម្ពុជាបានបញ្ជាយ៉ាងខ្លីថា «យើងនឹងពិភាក្សាជាមួយក្រុមេធាវីសិនថា ពេលណាយើងនឹងរៀបចំបណ្តឹង»។
ហេតុផលដែលតុលាការសម្រេច មិនដោះលែងអោយជនជាប់ចោទទាំងនោះនៅក្រៅឃុំ ត្រូវបានលោកមេធាវី សំ សុគង់ បញ្ជាក់ថា «គេសំអាងលើហេតុផលពីរ គឺ បើដោះលែងអោយក្រៅឃុំវាប៉ះពាល់ទៅនឹងសណ្តាប់ធ្នាប់សាធារណៈ និងមួយទៀតរក្សាទុកជនជាប់ចោទដើម្បីទុកសួរ របស់តុលាការតាមនិតិវិធីច្បាប់»។
ចំពោះការសម្រេច ដោយមិនមានវត្តមានជនជាប់សង្ស័យនៅក្នុងសវនាការ ក៏ត្រូវបានមេធាវីរូបនេះប្រតិកម្មដែរថា «ទាក់ទងនឹងផ្លូវច្បាប់ ជនជាប់ចោទត្រូវតែបង្ហាញខ្លួន នៅអង្គសវនាការ»។ លោកបានអោយដឹងថា បើកាលណាជនជាប់ចោទមិនបានមកចូលរួម មានន័យថាជាការរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់ ព្រោះការសម្រេចអោយនៅក្រៅឃុំ បើតាមផ្លូវច្បាប់ជនជាប់ចោទត្រូវតែមានវត្តមាននៅសវនាការ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកការបកស្រាយ ពីសាលាឧទ្ទរណ៍ ទាក់ទងនឹងការលើកឡើងខាងលើ។ តែមកទល់នឹងពេលល្ងាចថ្ងៃទី១២នេះ ទស្សនាវដ្ដីនៅមិនទាន់ទទួលការបកស្រាយណាមួយនៅឡើយ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៤