សម្ដីសាក្សីថ្ងៃទី១២វិច្ឆិការ នៃសង្គ្រាមរវាងកម្លាំងសមត្ថកិច្ចនិងកម្មករ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រ្តី១នាក់បានស្លាប់ (មានសាក្សីថាអ្នកស្លាប់មាន២នាក់) និងច្រើននាក់ត្រូវរបួសក្រោយការប៉ះទង្គិច រវាងសមត្ថកិច្ចចម្រុះ គ្រប់គ្រងដោយរដ្ឋាភិបាលនៃសភាឯកបក្សអាណត្តិទីប្រាំ ជាមួយប្រជាពលរដ្ឋដែលជាក្រុមកម្មកររោងចក្រ។ ក្រៅពីនេះនៅមានការចាប់ខ្លួនប្រជាពលរដ្ឋ ជាច្រើននាក់ទៀត ក្នុងនោះក៏មាន ព្រះសង្ឃចំនួន១១អង្គ និងនេនតូចព្រះជន្មប្រហែលជា១៣វស្សាមួយអង្គដែរ។ នេនតូចនេះ មុននឹងការចាប់ខ្លួន ត្រូវក្រុមសមត្ថកិច្ចទាត់ចំនួនពីរជើងយ៉ាងដំណំ ឯបុរស្សម្នាក់ទៀតដែលគេដឹងថា មានសតិមិនគ្រប់គ្រាន់ស្នាក់នៅក្នុងវត្តនោះ ក៏ត្រូវបានចាប់យកទៅដែរ។
គ្រាប់កាំភ្លើងដែលគេឃើញកងកម្លាំងបាញ់ចេញពីកាំភ្លើងរបស់សមត្ថកិច្ច។ (រូបថត MONOROOMinfo/ O. Vary)
សម្ភាសពីវត្តស្ទឹងមានជ័យ - អំពើហិង្សា រហូតមានការបាញ់បោះដោយគ្រាប់កាំភ្លើងពិត បានក្លាយជាយុទ្ធសាស្ត្រ និងជំនាញមួយយ៉ាងពិសេស ដែលសមត្ថកិច្ចដែលតែងយកមកអនុវត្ត ដើម្បីបង្គ្រាបរាល់ការជួបជុំរបស់ប្រជាពលរដ្ឋ អង្គការសង្គស៊ីវិល ក្រុមកម្មករ ក្រុមគ្រូបង្រៀន បើគ្រាន់តែពួកគេទាមទាឲ្យមានការគោរពច្បាប់ សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពប៉ុណ្ណោះ។ ទាមទារតវ៉ា ដោយសារតែកត្តាជីវភាព ទំនិញលើទីផ្សាថ្លៃ ប្រាក់ខែទាប និងមិនបានបើកជាច្រើនខែទៀតនោះ ជាមួយនឹងរឿងរ៉ាំរ៉ៃច្រើនឆ្នាំមកហើយ និងគ្មានដំណោះស្រាយណាមួយសមស្របពីរដ្ឋាភិបាល ក៏ដូចជាថៅកែរោងចក្រ។
ការប៉ះទង្គិចយ៉ាងចាស់ដៃ រវាងកម្មកររោងចក្រអេស អិល ជាមួយក្រុមសមត្ថកិច្ចចម្រុះរបស់រាជរដ្ឋាភិបាលក្នុងថ្ងៃទី១២ ខែវិច្ឆិកា ២០១៣នេះ ជាភស្ដុតាងថ្មីមួយទៀត បង្ហាញថាការអនុវត្តន៍ផ្ទាល់កន្លែង នូវយុទ្ធសាស្ត្រ និងជំនាញរបស់ក្រុមសមត្ថកិច្ចពិតជាបានប្រព្រឹត្តិទៅ ប្រកបដោយប្រសិទ្ធភាពមែន។ ការប៉ះទង្គិច ដែលឈានទៅដល់ការបាញ់កាំភ្លើង សំដៅហ្វូងបាតុករ និងបានបណ្ដាលឲ្យស្រ្តីម្នាក់ លក់បាយតាមបណ្តោយផ្លូវ មុខវត្តស្ទឹងមានជ័យ ឈ្មោះអេង សុខុម អាយុ៤៩ឆ្នាំ និង (អាចមាន) ស្រ្តីវ័យក្មេងម្នាក់ទៀតជាកម្មការីនីអ៊ិសអិល ក៏ត្រូវបានស្លាប់នៅពេលទៅដល់មន្ទីពេទ្យ។ នេះបើតាមការអះអាង របស់គ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋម្នាក់ដែលនៅក្នុងវត្តស្ទឹមមានជ័យ។
កញ្ញា វង្ស វល័ក្ខ អាយុ២៣ឆ្នាំ ជាកូនជនរងគ្រោះដែលបានស្លាប់ឈ្មោះអេង សុខុម បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកថា ម្តាយកញ្ញាកំពុងឈរលក់បាយព្រឹកម៉ោងជាងប្រាំបួន នៅយ៉ាងងជ្រៅ អែបទៅនឹងរបងថ្មរបស់សាលារៀន បានត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំទ្រូង ក្រោមដោះ។ កញ្ញាបានរៀបរាប់ថា ពេលនោះម្ដាយរបស់នាងមិនទាន់បានស្លាប់ភ្លាមៗនោះទេ គាត់នៅបើកភ្នែកនៅឡើយ ហើយក៏ដឹកយកទៅពេទ្យ តែគេមិនទទួល គាត់ក៏បានស្លាប់តែម្តងទៅ។ ឥឡូវសពត្រូវបានដឹក មកធ្វើបុណ្យនៅផ្ទះហើយ។
រង្ស រល័ក្ខ បានចោទជាសំនួរថា «តើករណីនេះអ្នកណាជាអ្នកទទួលខុសត្រូវ។ យើងនិយាយមិនឈ្នះគេទេ ឯការដាក់ពាក្យបណ្តឹងក៏ឥតប្រយោជន៍ដែរ។ (...) ស្លាប់ម្តាយមួយទាំងមូលហើយ ត្រូវក្រុមសមត្ថកិច្ចទាំងនោះមកគំរាមកំហែងថា ជាអ្នកចូលរួមធ្វើបាតុកម្មថែមទៀត និងថែមទាំងវាយអីវ៉ាន់លក់ដូរខ្ទេចខ្ទីអស់ទៀត»។ (...) ពុកខ្ញុំនៅពេទ្យ ចាំគាត់មកដល់ស៊ឹមគិតទៀត។»
តាមសាក្សីនៅផ្ទាល់កន្លែង បាននិយាយឲ្យដឹងថា មនុស្សស្លាប់អាចមានចំនួនម្នាក់ថែមទៀត ដែលជាកម្មការិនីវ័យក្មេងម្នាក់ របស់រោងចក្រ អេសអ៊ិល។ សាក្សីបាននិយាយថា នារីវ័យក្មេងនោះ បានស្លាប់ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១២ខែវិច្ឆិកា បន្ទាប់ពីនារីនោះ បានត្រូវគ្រាប់កាំភ្លើងចំកណ្ដាលពោះ ហើយដឹកទៅដល់មន្ទីរពេទ្យនោះ។ ប៉ុន្តែដំណឹងមរណភាពមួយទៀតនេះ នៅមិនទាន់មានប្រភព ដែលគួរឲ្យទុកចិត្តបានណាផ្សេង អាចបញ្ជាក់បាននៅឡើយ។
តាមការពណ៌នារបស់លោក ទិត្យ ប្រជាពលរដ្ឋដែលបាននៅកន្លែងកើតហេត្តនោះ បានតំណាលថា ដំបូងឡើយក្រុមកម្មករដែលមានគ្នាប្រហែលជាជិតពីររយនាក់ បាននាំគ្នាធ្វើការដង្ហែរជាក្បួនទៅកាន់ក្រសួងការងារ ដើម្បីជួយជំរុញឲ្យមានការដោះស្រាយបញ្ហា ដែលនៅសេសសល់ និងជាចំណុចសំខាន់នោះឲ្យបានឆាប់រហ័យ។
លោកបន្តរថា ពួកគេបានធ្វើដំណើតាមផ្លូវទំនប់ថ្មី(៣៧១)ដែលជាផ្លូវជិត តែត្រូវបានរាំស្ទះដោយកម្លាំងសមត្ថកិច្ចជាងបីរយនាក់ប្រដាប់ដោយខែល ដំបងឆក់ និងឡានទឹក។ ក្រុមកម្មករ ក៏បានបង្វែទិសដៅមកតាមផ្លួវវេងស្រេង(២១៧) តាមមុខវត្តស្ទឹងមានជ័យវិញ។ ពេលមកដល់ត្រង់ចំណុចក្បាលស្ពាន ក៏ត្រូវបានរារាំងដោយកម្លាំងសមត្ថកិច្ចដដែល។ លោកបន្ថែមថា ដោយការជំនះ ទៅមុខឲ្យខានតែបានរបស់ក្រុមកម្មករនោះ ក៏បាននាំគ្នាបុកទម្លាយរនាំងខែល ដែលកាន់ដោយក្រុមសមត្ថកិច្ចទាំងនោះ។ ឃើញសភាពការមិនអាចទប់ទសល់បាន សមត្ថកិច្ចក៏បានប្រើឡានទឹក និងគ្រាប់បែងផ្សែងបាញ់»បំបែក។ ពេលនោះក៏បណ្តាលឲ្យក្រុមកម្មករមានកំហឹង ក៏បានប្រើនូវដុំថ្មជាការតបតទៅវិញ។
ប្រជាពលរដ្ឋម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ និងជាជនរងគ្រោះម្នាក់ដែរនោះបានបញ្ជាក់ថា លោកជាអ្នកដំណើរ មិនមែនជាក្រុមបាតុករនោះទេ តែដោយផ្លូវស្ទះពេក ក៏សម្រេចចិត្តជិះផ្លូវកាត់ និងបានចូលទៅតាមវត្តស្ទឹងមានជ័យ។ គាប់ជួនជាមួយគ្នានោះ លោកបានឃើញវត្តមានសមត្ថកិច្ចជាច្រើននាក់បានចូលពេញក្នុងវត្ត និងបានធ្វើការវាយទៅលើលោកសង្ឃ និស្សិតស្នាក់ក្នុងវត្ត និងប្រជាពលរដ្ឋមួយចំនួនទៀតមិនរើសមុខ។ លោកបន្តរថា ឲ្យតែអ្នកនៅទើសមុខ ត្រូវបានគេចោទប្រកាន់ថាជាក្រុមបាតុករ និងវាយទាត់ធាក់ ចាប់ខ្លួនសឹងតែទាំងអស់។ «ខ្ញុំសំណាងហើយដែលរត់គេចទាន់នោះ។ ស្មានតែដីគោកខំលោតគេចខ្លួន តែត្រូវផុងនឹងប្រឡាយទឹកស្អុយជាប់ខ្លួនត្រឹមដើមទ្រូង ក៏លាក់ខ្លួនក្នុងនោះតែម្តងទៅទើមបានរួចខ្លួន។ (...) បុរសម្នាក់ដែលមានសតិមិនគ្រប់គ្រាន់ ក៏ត្រូវបានចាប់យកទៅជាមួយដែរ»។
មតិមហាជនបានធ្វើការកត់សម្គាល់ថា វិបត្តិ ឬភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែក្កដានេះ គេមើលឃើញថាសមត្ថកិច្ច ឬថ្នាក់ដឹកនាំក្បាលម៉ាស៊ីនដោយឯកបក្ស ហាក់បីដូចជាមានការខ្លាចរអាចំពោះការសម្តែងមតិរបស់ប្រជាពលរដ្ឋ។ ឲ្យតែមានការជួបជុំរបស់ប្រជាពលរដ្ឋ ទោះស្ថិតក្នុងកិច្ចការណាមួយ«ជាក់លាក់»ក៏ដោយក្រុមកងកម្លាំងសមត្ថកិច្ច តែងតែបញ្ជូនកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រដាប់ដោយ ខែល ដំបង ដំបងឆក់ គ្រាប់បែកផ្សែង និងឡានទឹកជាដើម ដែលពួកគាត់(សមត្ថកិច្ច) យល់ថាជាដំណោះស្រាយមួយដែលប្រសើរ និងមានប្រសិទ្ធិភាពជាងការជួបចចារ ឬទទួលយកការដោះស្រាយដោយសន្តិវិធីជុនប្រជាពលរដ្ឋនោះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ