វិភាគ៖ នៅពេលដែលអាជ្ញាធរអាងតែកម្លាំង ហើយបាញ់បោះ
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: November 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្វីទៅជាវិធានការសមស្រប ដែលអាជ្ញាធរបានប្រកាន់យក ? វាយតប់-ទាត់ធាក់ពលរដ្ឋ យកគ្នាទាំងនោះដូចខ្មាំងសត្រូវ ឬសត្វធាតុ ? ឬក៏ត្រូវប្រើប្រាស់កាំភ្លើង បាញ់សំដៅជនស៊ីវិល ដែលគ្មានអាវុធនៅក្នុងដៃ ? គ្មានហេតុផលណាមួយ ដែលក្នុងនាមខ្លួនជាអាជ្ញាធរ មានអំណាចត្រូវប្រើប្រាស់«វិធានការសមស្រប»បែបនេះឡើយ។ វៀលែងតែថ្នាក់ដឹកនាំអាជ្ញាធរ នៅប្រកាន់ទ្រឹស្តី និងការអនុវត្តន៍តាមបែបប្រព័ន្ធផ្ដាច់ការ ឬប្រព័ន្ធកុំម្មុយនីស ទើបអ្វីដែលខ្លួនប្រកាសនៅពេលនេះ ជាហេតុផលស្របច្បាប់។
រូបលោក ហ៊ុន សែន និងភរិយា ដែលត្រូវបានបាតុករទុកចោល ដោយសារត្រូវរត់គេចចេញ ពីការបង្ក្រាបរបស់កងកម្លាំងអាជ្ញាធរ។ (រូបថត MONOROOM.info/ O.Vary)
សង្គមនិងច្បាប់ - រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានការពារពលរដ្ឋកម្ពុជាយ៉ាងខ្ជាប់ខ្ពួន ក្នុងនោះរួមមាន៖ សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដើរហើរ សិទ្ធិបុគ្គលដែលគ្មានជនណាម្នាក់ អាចមកបំពារបំពានបាន។ ការចែងទាំងអស់នេះ សំដៅឲ្យមានការគោរពគ្នាទៅវិញទៅមក គ្មានខ្ពស់គ្មានទាប តែស្ថិតនៅស្មើៗគ្នាគ្រប់ស្រទាប់ថានៈ ដើម្បីភាពសុខដុមទូទៅនៅក្នុងសង្គម។ ហើយរដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ដែរថា បើគ្រាន់តែអាជ្ញាធរសង្ស័យជនណាម្នាក់ ជននោះនៅតែត្រូវចាត់ទុកថាមិនទាន់មានទោស និងជាពិសេសទៅទៀតនោះ គឺប្រទេសកម្ពុជាគ្មានទោស«ប្រហារជីវិត»នោះឡើយ។ ច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ត្រូវដាក់ឲ្យគ្រប់ៗគ្នា នរណាក៏ដោយអនុវត្តន៍រាប់ចាប់តាំងពី ស្ដេចផែនដី រហូតរាស្ត្រសមញ្ញធម្មតា ពីកូនក្មេងរហូតដល់មនុស្សចាស់ ដោយគ្មានករណីលើកលែង ឬត្រូវបានយកមកអនុវត្តន៍ ដោយចន្លោះៗនោះទេ។
នៅក្នុងប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ និងយកច្បាប់ជាមូលដ្ឋាន «អាជ្ញាធរ»ដែលគេចង់និយាយសំដៅលើនគរបាល និងយោធានោះ វាជាជាផ្នែកមួយនៃពលរដ្ឋ (ចេញពីពលរដ្ឋ របស់ពលរដ្ឋ ដើម្បីពលរដ្ឋ) ដែលមាននិន្នាការឯករាជ្យគ្មានបក្សពួក គ្មានគណបក្សនយោបាយអ្វីឡើយ។ អាជ្ញាធរមានភារកិច្ចតែមួយគត់ ៖ «ការពារពលរដ្ឋ ឬប្រទេសជាតិទល់នឹងខ្មាំងសត្រូវ»។ ពលរដ្ឋដែលសុទ្ធសឹងជា ឪពុកម្ដាយមាមីងបងប្អូននៃក្រុមកងកម្លាំងអាជ្ញាធរទាំងនោះ និងដែលពួកគាត់គ្រាន់តែចង់ប្រើប្រាស់«សិទ្ធិស្របច្បាប់»របស់ខ្លួន ដើម្បីស្វែងរកឧត្ដមភាព ស្មើមុខស្មើមាត់ជាមួយគេឯងដែរតែប៉ុណ្ណោះ។
នៅថ្ងៃទី១២ខែវិច្ឆិកា នៅមុខវត្តស្ទឹងមានជ័យ ឬថ្ងៃទី១៥ខែកញ្ញា នៅស្ពានអាកាសក្បាលថ្នល់នោះ ហេតុការណ៍ដែលបានកើតឡើង បានថ្លោះធ្លោយឆ្ពោះទៅរកការប្រឈមមួយយ៉ាងហិង្សា រវាងអាជ្ញាធរនិងពលរដ្ឋខ្លួនឯង រហូតឈានទៅដល់ការបាត់បង់អាយុជីវិត ពលរដ្ឋដែលគ្នាមិនដឹងអ្វីនោះទៀត។ ភស្ដុតាងនិងសាក្សីជាច្រើន បានអះអាងម្ដងហើយម្ដងទៀត ពីការសំពង«ទាត់ធាក់ បោចសក់»យ៉ាង«ឃោឃៅ»ពីសំណាក់កងកម្លាំងអាជ្ញាធរ ទៅលើពលរដ្ឋដៃទទេ ដែលត្រូវបានចាប់ខ្លួន បើសូម្បីតែគ្នាបានលើកដៃ សំពះយំអង្វនោះហើយក៏ដោយ។ ហេតុអ្វីក៏មនុស្សមាឌធំៗ ដែលជាអ្នកប្រតិបត្តិក្នុងនាមអាជ្ញាធរទាំងនេះ មានអំណាចខ្លាំងក្លាម្លេះ អាចលើកដៃវាយតប់ បាញ់នរណាបានតាមចិត្ត សូម្បីតែនៅមុខអ្នកការសែត ឬនៅមុខលោកស្នងការនគរបាលរាជធានី លោក ជួន សុវណ្ណ បែបនេះ?
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សានៃប្រទេសកម្ពុជា បានថ្លែងជាញឹកញ៉ាប់ថា «ត្រូវអេះឲ្យចំកន្លែងរមាស់» ឬ«បើដាស់មនុស្សដេកលក់មែនទែន ស្រួលភ្ញាក់ទេ តែបើដាស់មនុស្សធ្វើជាដេកលក់ ធ្វើយ៉ាងណាក៏មិនភ្ញាក់ដែរ»។ សំដីរបស់លោកនាយករដ្ឋមន្ត្រីនេះ គប្បីក្រុមអាជ្ញាធរយកមកធ្វើជាចន្លុះ សម្រាប់អុចបំភ្លឺផ្លូវរបស់ខ្លួន នៅពេលដែលខ្លួនត្រូវចាត់វិធានការណាមួយ ទាក់ទងនឹងសណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះ «ត្រូវអេះឲ្យចំកន្លែងរមាស់» វាមិនខុសណាពីភាពចាំបាច់ ដែលគេត្រូវស្វែងរកឬសគល់ពិតប្រាកដ នៃបញ្ហាដែលកើតចំពោះមុខនោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១២ខែវិច្ឆិកា បានថ្លែងការពារវិធានការ«សមស្រប»របស់ខ្លួនថា ដោយសារតែមានជនឱកាសនិយមមួយក្រុម ឆ្លៀតញុះញង់ បង្កឲ្យមានអំពើហិង្សាមកលើសមត្ថកិច្ច ដោយគប់ដុំថ្ម បាញ់ចំពាមគ្រាប់ដែក និងវាយដុតបំផ្លាញមធ្យោបាយ ព្រមទាំងហ៊ុំព័ទ្ធចាប់ខ្លួន កងកម្លាំងសមត្ថកិច្ច ចំនួន៥នាក់ នៅក្នុងវត្ត។ល។ បន្ថែមពីលើនេះ តាមបណ្ដាញផ្សព្វផ្សាយនានា ឬនៅតាមបណ្ដាញសង្គមហ្វេសប៊ុក មតិសាធារណជនមួយចំនួន ក៏បានលើកឡើងមកនិយាយស្រដៀងគ្នា នឹងសេចក្ដីថ្លែងការណ៍រខាងលើដែរ ហើយថែមទាំងនិយាយថា នេះជាលទ្ធផលរបស់នៃការទាមទារជ្រុលហួសហេតុ របស់ក្រុមកម្មករនោះទៀតផង។ អ្នកខ្លះទៀត បានលើកឡើងថា អាចជាកលឧបាយរបស់គណបក្សប្រឆាំង ដែលចង់ឲ្យមានអស្ថិរភាពសង្គម បង្កចល្លាចល។ល។
តែនៅទីនេះ យើងមិនបន្លាយប្រធានបទទៅហួសពីអ្វី ដែលត្រូវនិយាយ ទាក់ទងនឹងសមត្ថកិច្ចរបស់អាជ្ញាធរនោះទេ ព្រោះមានសំនួរច្រើនណាស់ ដែលត្រូវសួរសំនួរតបទៅអាជ្ញាធរវិញ ដូចជាតើនរណា ជាជនឱកាសនិយម ? ស្គាល់និយមន័យប្រាកដឬទេ នៅពេលអាជ្ញាធរប្រើពាក្យនេះ? តើអាជ្ញាធរបានស៊ើបអង្កេតហើយឬនៅ ? ឬមួយជាអ្នកលក់លៀសហាល អ្នកលក់បាយ អ្នករត់ម៉ូតូឌុប យុវជនក្មេងៗ ឬព្រះសង្ឃប៉ុន្មានអង្គដែលកងកម្លាំងអាជ្ញាធរ បានវាយតប់ លើកកាំភ្លើងបាញ់សម្លាប់ និងចាប់ខ្លួនយកទៅ ក្រោយពេលប្រឈមមុខគ្នានោះ សុទ្ធសឹងជាជនឱកាសនិយម? បាតុករបានប្រើដុំថ្មគប់ ឬចំពាមគ្រាប់ដែក (ជាការលើកឡើង ដោយអាជ្ញាធរខ្លួនឯង ព្រោះអ្នកការសែតរកភស្ដុតាងមិនបានទេ) ឬបានដុតបំផ្លាញរថយន្ដ ម៉ូតូ ជា«ទោស»មួយ របស់បាតុករ ឬជនប្រព្រឹត្តិ តែសួរថា៖ ទោសនេះ អនុញ្ញាតឲ្យអាជ្ញាធរត្រូវប្រើកាំភ្លើងគ្រាប់ពិតបាញ់អ្នកទាំងនោះឬ ?
ជារឿងធម្មតាទេ ដែលអាជ្ញាធរមានសិទ្ធិនឹងចាប់ខ្លួន នូវរាល់ជនសង្ស័យ ឬអ្នកតដៃទាំងឡាយណា នៅក្នុងអំឡុងពេលនៃប្រតិបតិការការពារសណ្ដាប់ធ្នាប់របស់ខ្លួន។ តែសូមសួរ បន្តទៅទៀតថា៖ តើច្បាប់ណាមួយ ដែលបើកសិទ្ធិឲ្យអាជ្ញាធរ ដែលទទួលប្រាក់ខែពីពលរដ្ឋ មកវាយទាត់ធាក់ បោចសក់ក្បាល ជនសង្ស័យទាំងនោះ ដូចជាសត្វធាតុបែបនេះ ?
សំនួរទាំងនេះ បើថ្នាក់ដឹកនាំសមត្ថកិច្ចទាំងនោះចង់ឆ្លើយ មិនពិបាកទេ ? តែបើដឹងកន្លែងរមាស់ហើយ ទៅអេះកន្លែងផ្សេង ភាពរមាស់នឹងនៅមានជាដរាប។ ម្យ៉ាងទៀតយុទ្ធសាស្ត្រនៃការបង្ក្រាប បំបែកបាតុកម្ម តាមរយៈការ«បង្ហាញកម្លាំង ឬអំណាចកាំភ្លើងដំបង់ឆក់»របស់អាជ្ញាធរ មិនមានន័យស្មើនឹងការស្ងប់ចិត្តរបស់បាតុករនោះទេ។ ពួកគេអាចបំបែកជួរនៅថ្ងៃនេះ តែនៅថ្ងៃស្អែកឬថ្ងៃណាមួយទៀត ក្នុងពេលអនាគត ពួកគេនឹងប្រាកដជាជួបជុំគ្នាវិញ ហើយនៅពេលនោះ តើអាជ្ញាធររងចាំតែទប់ទល់បង្ក្រាបរហូតទៅ ឬយ៉ាងណា ?
មួយវិញទៀត នៅពេលអាជ្ញាធរសម្រេចចិត្ត បើកប្រតិបត្តិការគ្រប់គ្រងស្ថានការណ៍ ដើម្បីកុំឲ្យអំពើហិង្សារីករាលដាល តើអាជ្ញាធរខ្លួនឯងមានបានជូនដំណឹងមុន សុំឲ្យបាតុករបំបែកជួរដែរឬទេ ? តើការផ្សាយដំណឹងមួយ តាមឧឃ្ឃោសនស័ព្ទដើម្បីប្រាប់ជាមុន ពីរឱសានវាតរបស់អាជ្ញាធរ គួរតែជាជម្រើសដ៏ល្អ ដើម្បីឲ្យពលរដ្ឋផ្សេងទៀតដែលមិនដឹងខ្លួន ភៀសខ្លួនចេញពីហេតុការណ៍នេះឬទេ? តាមពិតទៅ ការព្យាយាមជជែកចរចារជាមួយបាតុករ ដើម្បីបញ្ជៀសការប្រឈមមុខគ្នា រហូតដល់ថ្នាក់ស្លាប់ឬរបួសនោះ វាមានអត្ថន័យស្មើនឹងការយកចិត្តទុកដាក់លើពលរដ្ឋ ពីសំណាក់អាជ្ញាធរទៅវិញ។
តែបើថ្នាក់ដឹកនាំរបស់អាជ្ញាធរ ឆ្លើយនឹងសំនួរទាំងអស់ខាងលើមិនចេញទេ គេត្រូវនិយាយពីសមត្ថភាព នៃការគ្រប់គ្រងរបស់មេដឹកនាំទាំងនោះ ថាតើពួកគាត់ចេះធ្វើអ្វីខ្លះ ឬចេះត្រឹមតែចង្អុលឲ្យ«វ៉ៃ»តែមួយមុខប៉ុណ្ណោះឬ? ឬបើមិនអាចឆ្លើយតាមលក្ខណៈបច្ចេកទេសបានទេ គេត្រូវនិយាយបានម្យ៉ាងទៀត ថានោះជាបញ្ហានយោបាយសុទ្ធសាធ។ ដូច្នេះបើនិយាយទាក់ទងដល់បញ្ហានយោបាយ ឬសគល់របស់វាគ្មាននរណាផ្សេងក្រៅពីមេដឹកនាំនយោបាយ ដែលក្លាយជាអ្នកទទួលខុសត្រូវ និងអាចជាអ្នកនៅពីក្រោយ នៃការបង្ក្រាបទាំងនេះឡើយ។ មេដឹកនាំមិនកើត ឬគ្មានសមត្ថភាព គេមិនត្រូវបន្ទោសទៅលើកូនចៅ ដែលប្រព្រឹត្តិកំហុសនោះទេ។
ឥឡូវនេះ អង្ករក្លាយជាបាយ មានមនុស្សស្លាប់ និងរបួស។ ដូច្នេះ ទោះក្នុងករណីណាក៏ដោយ អាជ្ញាធរត្រូវបង្ហាញពីភាពទទួលខុសត្រូវរបស់ខ្លួន។ តើនរណាខ្លះជាជនដៃដល់ លើកកាំភ្លើងបាញ់មនុស្សដែលគ្មានអាវុធនៅនឹងដៃ ? តើនរណាខ្លះ ដែលត្រូវបាននាំខ្លួនឡើងតុលាការ ដើម្បីទទួលទោស ? រហូតមកដល់ពេលនេះ កុំសង្ឃឹមឲ្យសោះ ព្រោះមិនដែលឃើញជនប្រព្រឹត្តិណាម្នាក់ ឡើងតុលាការសូម្បីតែម្នាក់ឡើយ ! ដូច្នេះ តើ«យុត្តិធម៌»នឹងត្រូវគេបំបាត់ចោលរូបរាង ជារៀងរហូតឬយ៉ាងណា?
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ