បក្សសង្គ្រោះជាតិ ចោទថាបក្សប្រជាជន«ប្លន់»យុទ្ធសាស្រ្តខ្លួន
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា យ៉ាងហោចណាស់ មានទូរស័ព្ទដៃ៨គ្រឿង និងអាយផេត៨គ្រឿងរបស់ ក្រុមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ត្រូវបានមនុស្សមួយក្រុមរឹបអូសយក និងមិនទាន់សងត្រឡប់មកវិញនៅឡើយ។ មនុស្សទាំងនោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ចោទថា ជាយោធាស្លៀកពាក់ស៊ីវិល បញ្ជាដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឲ្យមកបំភិតបំភ័យ គណបក្សសង្រ្គោះជាតិឲ្យចូលប្រជុំសភា និងប្លន់យកយុទ្ធសាស្រ្តនយោបាយ របស់គណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី (កណ្ដាល) និងលោកប៉ុល ហំម (ខាងស្តាំ)។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - ប្រធានគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម បានថ្លែងបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ចាត់ទុកវត្តមានក្រុមយោធាស្លៀកពាក់ស៊ីវិល នៅក្នុងឱកាសនៃការចុះជួបសកម្មជនរបស់ខ្លួន នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថាជាការគំរាមកំហែងខាងផ្នែកនយោបាយមួយ ពីសំណាក់រដ្ឋាភិបាល ដែលដឹកនាដោយគណបក្សប្រជាជនកម្ពុជា។ មន្ត្រីជាន់ខ្ពស់គណបក្សរូបនេះ បានចោទប្រកាន់ សកម្មភាពនោះថា មានបំណងបង្ខំឲ្យក្រុមតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សប្រឆាំងឲ្យចូលរដ្ឋសភា ដោយមិនបាច់ចរចា។ លោក បាននិយាយថា៖ «គោលដៅរបស់គេសំខាន់ គឺចង់ឲ្យយើងចូលសភា»។ ។
ការប្រឈមមុខគ្នា រវាងមន្ត្រីរបស់គណបក្សសង្រ្គោះជាតិ និងក្រុមមនុស្សស្និតនឹងគណបក្សប្រជាជនកម្ពុជា បានកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ម្សិលម៉ិញ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតជំរុញឲ្យគណបក្សសង្គ្រោះជាតិ សម្រេចលុបចោលវេទិការសាធារណៈរបស់ខ្លួន នៅទីនោះ ភ្លាមៗយ៉ាងតក់ក្រហល់។ គណបក្សនេះ ថែមទាំងបានអះអាងទៀតថា ទ្រព្យសម្បត្តិមានតម្លៃរបស់មន្ត្រីគណបក្សជាន់ខ្ពស់មួយចំនួនមក ត្រូវបានដកហូតយក ដោយក្រុមមនុស្សដែលគណបក្សប្រឆាំងនិយាយថា ជាទាហានស្លៀកពាក់ស៊ីវិល។
លោក ប៉ុល ហំម បាននិយាយឲ្យដឹងទៀតថា ទ្រព្យសម្បត្តិដែលត្រូវកំហែងយកដោយខុសច្បាប់ ជាករណីមួយ តែសំខាន់វាជារូបភាពអាក្រក់ ខាងផ្នែកនយោបាយ។ លោកបានសង្កត់ធ្ងន់ថា៖ «ក្នុងអាយផេត មានអាថ៌កំបាំងរបស់គណបក្សសង្រ្គោះជាតិ (មាន) យុទ្ធសាស្រ្ត។ (...) មកប្លន់យកឯកសាររបស់យើង នេះជាការជ្រៀតជ្រែក ខាងផ្នែកនយោបាយមួយធ្ងន់ធ្ងរណាស់ មកលើគណបក្សសង្រ្គោះជាតិ។»
រហូតមកដល់ពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនទាន់ទទួលប្រតិកម្មបំភ្លឺជាផ្លូវការ ពីសំណាក់សមត្ថកិច្ចខេត្តឧត្តរមានជ័យ និងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ទៅនឹងការចោទប្រកាន់របស់គណបក្សសង្រ្គោះជាតិនៅឡើយ។
យ៉ាងណាក៏ដោយ ទាក់ទងនឹងការបង្ខំគណបក្សសង្រ្គោះជាតិ ឲ្យត្រឡប់ចូលប្រជុំ នៅក្នុងរដ្ឋសភានោះ ត្រូវបានលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងសវនកម្មជាតិនៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថ្លែងចំអកឲ្យថា៖ «បើគណបក្សសង្រ្គោះជាតិ ធ្វើពហិការមិនចូលប្រជុំរដ្ឋសភា មិនចូលទៀតទៅ ដល់ឆ្នាំ២០១៨ តែម្តងទៅ។ »៕