កឹម សុខា សុំ​ឲ្យ​អូស្រ្តាលី​ពិនិត្យ​ឡើង​វិញ រឿង​ជន​ភៀស​ខ្លួន

ផលលំបាកយូរអង្វែង ធ្លាក់លើប្រទេសកម្ពុជា ខណៈជនភៀសខ្លួន មិនមានបំណងសុំសិទ្ធិជ្រកកោននៅកម្ពុជា ដែល​អាចឲ្យពួកគេមានការឈឺចាប់ជាថ្មី គឺជាមូលដ្ឋាន ដែលអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ស្នើ​រដ្ឋាភិបាលអូស្រ្តាលី ដែលជាប្រទេសស៊ីវិល័យ ផ្នែកសិទ្ធិមនុស្ស ត្រូវពិចារណាឡើងវិញឲ្យហ្មត់ចត់ មុនសម្រេច​បញ្ជូន​ជនភៀសខ្លួនមកកម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផលលំបាកយូរអង្វែង ធ្លាក់លើប្រទេសកម្ពុជា ខណៈជនភៀសខ្លួន មិនមានបំណងសុំសិទ្ធិជ្រកកោននៅកម្ពុជា ដែល​អាចឲ្យពួកគេមានការឈឺចាប់ជាថ្មី គឺជាមូលដ្ឋាន ដែលអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ស្នើ​រដ្ឋាភិបាលអូស្រ្តាលី ដែលជាប្រទេសស៊ីវិល័យ ផ្នែកសិទ្ធិមនុស្ស ត្រូវពិចារណាឡើងវិញឲ្យហ្មត់ចត់ មុនសម្រេច​បញ្ជូន​ជនភៀសខ្លួនមកកម្ពុជា។


ជនភៀសខ្លួនតាមទូក ឆ្ពោះទៅកាន់កោះអូស្ត្រាលី។ (រូបថត ABC News)

សិទ្ធិ - ថ្លែងប្រាប់ទូរទស្សន៍អាហ្សាហ្សីរាអន្តរជាតិ (ALJAZEERA) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នេះ អនុប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្តែងការខកចិត្ត ចំពោះប្រទេសអូស្រ្តាលីដែលព្យាយាម បញ្ជូនជន​ភៀសខ្លួនឲ្យមកជ្រកកោន នៅប្រទេសកម្ពុជា។

បើទោះមានការរិះគន់ ពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា តាមរយៈលោក ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​ កាលពី ចុងខែឧសភា ឆ្នាំ២០១៤ នេះបានព្រលយឲ្យដឹងថាប្រទេសកម្ពុជា អាច​ទទួល​យកជនភៀសខ្លួនពីប្រទេសអូស្រ្តាលី តែក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ពីរដ្ឋាភិបាលអូស្រ្តាលី មក​លើ​ជនភៀសខ្លួន ហើយថាត្រូវមានការស្ម័គ្រចិត្តពីជនភៀសខ្លួន ថាចង់ស្វែងរកសិទ្ធិជ្រកកោន នៅកម្ពុជា។

ការបង្ហើបឲ្យដឹង ពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជាខាងលើ បានធ្វើឡើង ក្រោយពីរដ្ឋាភិបាលអូស្រ្តាលី​តាម​រយៈ​អ្នកការទូតរបស់ខ្លួន បានព្យាយាមបញ្ចុះបញ្ចូលប្រទេសកម្ពុជា តាំងពីដើមឆ្នាំ២០១៤មកម្លេះ។ ការបញ្ចុះ​បញ្ចូល​នេះ ដើម្បីត្រួសត្រាយផ្លូវដល់ជនភៀសខ្លួន ចម្រុះជាតិសាសន៍ច្រើនរយនាក់ ដែលព្យាយាមសុំសិទ្ធិជ្រកកោន ជា​អចិន្រ្តៃយ៍​នៅអូស្រ្តាលី ត្រូវជំនួសដោយប្រទេសកម្ពុជា។

នៅចំពោះមុខការទទួលជនភៀសខ្លួនខាងលើ ត្រូវបានគណបក្សសង្រ្គោះជាតិ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៤ បានព្រមានម្ដងហើយ ពីផលលំបាកធ្ងន់ធ្ងរ និងយូរអង្វែងដែលនឹងត្រូវធ្លាក់មកលើប្រទេសកម្ពុជា។ កាលពេលនោះ ប្រធាន​គណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា៖ «ប្រទេសកម្ពុជា មិនគួរទទួលយកជនភៀសខ្លួន ដែលប្រទេសអូស្ត្រាលី ច្រានចោលនោះទេ ពីព្រោះប្រទេសកម្ពុជា មានជនភៀសខ្លួនផ្ទៃក្នុង កាន់តែច្រើនឡើងៗ។»

យ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជា មិនទាន់បញ្ជាក់ជាផ្លូវការថា នឹងទទួលយកជនភៀស​ខ្លួនទាំងនោះ នៅពេលណា និងចំនួនប៉ុន្មាននោះនៅឡើយ ដោយអះអាងថាករណីនេះ កំពុងស្ថិតក្នុងដំណាក់កាល​សិក្សាលំអិត របស់គណៈកម្មការពិសេសមួយ ដែលត្រូវបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាវាយតម្លៃ ករណីសំណើជនភៀសខ្លួនរបស់ភាគីអូស្រ្តាលី។

តែសម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុង​កិច្ចសម្ភាសជាមួយទូរទស្សន៍ដដែល​ ដែលមាន​ទីតាំងក្នុង​ប្រទេស​កាតា បានអះអាងថាការលំបាក វាមិនត្រឹមធ្លាក់មកលើពលរដ្ឋកម្ពុជានោះទេ តែវាក៏នឹងបង្កការ​ឈឺចាប់ដល់ជនភៀសខ្លួនទាំងនោះផងដែរ។ លោក កឹម សុខា បញ្ជាក់ថា៖ «អូស្រ្តាលីដែលគេគិតថាជាប្រទេសមួយ ដែលគោរពសិទ្ធិមនុស្ស ដែលធានាការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តែធ្វើការហ្នឹងមិនហ្មត់ចត់៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...