សម រង្ស៊ី នឹងចូលរួមទាមទារ ជាមួយអ្នកភូមិបឹងកក់
បើទោះជាអ្នកភូមិបឹងកក់ បានបដិសេធថាការទាមទារតវ៉ារបស់ពួកខ្លួន មិនពាក់ព័ន្ធនឹងនយោបាយនោះក៏ដោយ តែនៅល្ងាចថ្ងៃពុធទី២៥ ខែធ្នូនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងថា លោកនឹងមកចូលរួមតវ៉ាជាមួយ អ្នកភូមិបឹងកក់នៅថ្ងៃព្រហស្បត្តិ៍ស្អែក។ ការតវ៉ាទាមទារ ដែលលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាននិយាយរួចហើយថា មានការដុតបញ្ឆេះពីអ្នកនយោបាយប្រឆាំង។
អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី។ (រូបថត MONOROOM.info/ Senghong)
វិបត្តិដីធ្លី - មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានជួបជាមួយអ្នកភូមិបឹងកក់នៅល្ងាចថ្ងៃទី២៥ ខែធ្នូនេះ ប្រមាណជាម៉ោងបួនល្ងាច ហើយបានសន្យាថា លោកនឹងមកចូលរួមធ្វើការទាមទារជាមួយពួកគាត់ នៅថ្ងៃស្អែក ជាទ្រង់ទ្រាយធំ។
ក្រុមអ្នកភូមិបឹងកក់ប្រមាណជាងហាសិបនាក់ភាគច្រើនជាស្រ្តី រួមមានវត្តមានអ្នកស្រីយ៉ោម បុប្ជា និងអ្នកស្រី ទេព វណ្ណនី បានបន្តការទាមទារតវ៉ាររបស់ពួកគេ នៅមុខសាលារាជធានី ដោយបានបិទផ្លូវសារជាថ្មី និងបានបន់ស្រន់បាចសាយអំពិលគ្រោះម្ទេស ដើម្បីបង្ខំឲ្យលោកអភិបាលរាជធានី ចេញមកដោះស្រាយបញ្ហាដីធ្លីដ៏ចម្រូងចម្រាស់ កើតមានតាំងពីរជាង៧ឆ្នាំមកហើយ នៅលើទីតាំងបឹងកក់។ នៅរសៀលថ្ងៃដដែល ការទាមទាររបស់អ្នកភូមិបឹងកក់នេះ បានឈានទៅដល់ការដុតកង់ឡានចំនួន៧កង់ នៅពីរកន្លែងផ្សេងគ្នា។ ពួកគាត់ថែមទាំងបានច្រៀងចម្រៀងពីរបទ នៅចំពោះមុខភ្លើងកង់ឡាន ដែលកំពុងដុតនោះទៀតផង។
ការប្រកាសចូលរួមទាមទាររបស់លោក សម រង្ស៊ី នៅមុខសាលារាជធានីនេះ ស្របនឹងការលើកឡើងរបស់អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ដែលថាបាតុកម្មរបស់អ្នកភូមិបឹងកក់ មានការដុតបញ្ឆេះពីអ្នកនយោបាយប្រឆាំង។
ស្រង់សម្ដីនៅថ្ងៃពុធទី២៥ ខែធ្នូនេះ ដោយវិទ្យុសម្លេងប្រជាធិបតេយ្យ អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងថា៖ «នេះជាការសើរើមួយដែលកើតឡើង ដោយសារតែអ្នកនយោបាយដុតកំដៅ អញ្ជឹងវាមិនអាចនឹងមានដំណោះស្រាយ ឬក៏ការឆ្លើយតបណាមួយឲ្យទាន់ពេលបានទេ ត្រូវទុកពេលសម្រាប់ធ្វើការងារនេះ សិក្សាបន្ថែមអំពីដំណោះស្រាយ ដែលមានកន្លងមក»។
ការលើកឡើងរបស់អភិបាលរាជធានីខាងលើនេះ មិនមែនគ្មានហេតុផលនោះទេ ដោយសារតែកន្លងមក ក្រុមអ្នកភូមិបឹងកក់ទាំងនេះ ត្រូវបានគេប្រទះឃើញជាញឹកញយ ថាតែងតែចូលរួមធ្វើបាតុកម្មជាមួយគណបក្សប្រឆាំង។ ប៉ុន្តែ ទោះជាមានការចោទប្រកាន់បែបនេះក៏ដោយ ក៏កាលពីព្រឹកថ្ងៃដដែល តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ និងសមាជិកគណបក្សនេះម្នាក់ទៀត ក៏បានស្នើសុំដល់ក្រុមអ្នកតវ៉ាបឹងកក់ទាំងនេះ ឲ្យបញ្ឈប់ការតវ៉ានៅមុខសាលារាជធានីតទៅទៀត ហើយស្នើសុំទៅចូលរួមជាមួយគណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យនោះវិញ។ ប៉ុន្តែការស្នើសុំនោះ ត្រូវបានអ្នកភូមិបឹងកក់ច្រានចោល។
អ្នកស្រី ទេព វណ្ណនី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន តបនឹងការស្នើរបស់លោក ហូ វ៉ាន់ ខាងលើថា ការចង់ជួយដោះស្រាយពីសំណាក់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យពួកគាត់រីករាយ។ ម្យ៉ាងទៀត ចំពោះបាតុកម្មរបស់គណបក្សប្រឆាំង ខាងក្រុមអ្នកស្រីទទួលស្គាល់ថា បានឆ្លៀតពេលដើម្បីចូលរួមជាមួយមែន។ ប៉ុន្តែនាពេលនេះ ក្រុមអ្នកស្រីចាំបាច់ត្រូវតែដោះស្រាយ បញ្ហានៅចំពោះមុខសិន ព្រោះអ្នកភូមិបឹងកក់ទាំងប៉ុន្មានគ្រួសារនេះ កំពុងជួបនូវបញ្ហាគ្មានទីលំនៅ និងរងទុក្ខវេទនាយ៉ាងខ្លាំង ពីការបណ្តេញចេញ៕
-----------------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ