រ៉ុង ឈុន៖ ការចោទរបស់ក្រសួងការងារពេលនេះ មានចរិកនយោបាយ
បន្ទាប់ពីក្រសួងការងារបានប្រកាសជាផ្លូវការថា សហភាពសហជីពកម្ពុជា ជាសហជីពខុសច្បាប់មក លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា បានបដិសេធថាសហជីពរបស់លោកមិនខុសច្បាប់នោះទេ និងចាត់ទុកការសម្រេច របស់ក្រសួងនៅក្នុងកាលៈទេសៈនេះ ថាមានលក្ខណៈនយោបាយ។
លោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ។ (រូបថត MONOROOM.info/ O.vary)
វិស័យការងារ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន បានពន្យល់ថា ក្រសួងការងារមានចរិតលក្ខណៈរើសអើង ព្រោះកន្លងសហជីពរបស់លោកបានទៅចុះបញ្ជីនៅក្រសួងការងារដែរ តែត្រូវបានក្រសួងនេះបដិសេធដោយគ្មានហេតុផល។
ជុំវិញការចោទប្រកាន់ថា សហភាពសហជីកម្ពុជាខុសច្បាប់នោះ ត្រូវបានលោក រ៉ុង ឈុន បញ្ជាក់ថា៖ «វាជាការចម្លែកដែលក្រសួងកន្លងមកមិនចោទប្រកាន់ តែបែជាមកចេញលិខិតចោទប្រកាន់នៅពេលនេះ (...)។ ការចេញលិខិតនេះមានការបំភ័ន្ដ(...)។ តែវា(CCU) មិនខុសច្បាប់ទេ ទោះមិនចុះបញ្ជីក៏យើងអាចធ្វើសកម្មភាពបានដែរ ក្នុងការការពារយុត្តិធម៌ មិនបាច់ចុះបញ្ជីទេ វាស្របទៅនឹងអនុសញ្ញាអង្គការពលកម្មអន្តរជាតិ។ ហើយក្នុងរដ្ឋធម្មនុញ្ញក៏មិនបាននិយាយថា សមាគមត្រូវតែចុះបញ្ជីដែរ អញ្ចឹងសំខាន់គឺការពារយុត្តិធម៌ និងការគាំទ្រពីប្រជាពលរដ្ឋ។»
សូមរម្លឹកថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានមួយសម្លឹក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ បានបញ្ជាក់ថា៖ «សហភាពសហជីពកម្ពុជា(CCU) ដែលលោក រ៉ុង ឈុន អះអាងថាជាប្រធាននោះ ពុំមែនជាសហជីពស្របច្បាប់ដែលបានចុះបញ្ជីការ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ ពីព្រោះថាសហភាពសហជីពនេះ ពុំមាននីតិសម្បទាគ្រប់គ្រាន់ ដើម្បីបានការទទួលស្គាល់តាមផ្លូវច្បាប់ពីក្រសួងឡើយ។ ដូច្នេះ រាល់សកម្មភាព និងរាល់សេចក្តីថ្លែងការណ៍ណាមួយរបស់លោក រ៉ុង ឈុន គឺមិនមែនតំណាងឲ្យសម្លេងកម្មករនិយោជិតនោះទេ។»
ការចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារនៅពេលនេះ ត្រូវបានមជ្ឈដ្ឋានទូទៅកត់សម្គាល់ថា កើតឡើងតែមួយថ្ងៃ ក្រោយការអំពាវនៅទីលានប្រជាធិបតេយ្យរបស់លោក រ៉ុង ឈុន ដល់កម្មករ-កម្មការនី ឲ្យធ្វើ«កូដកម្ម»ទាំងអស់គ្នា ជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីទាមទារឲ្យតម្លើងប្រាក់ខែគោល ១៦០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។
ក្នុងការអំពាវនាវនោះលោក រ៉ុង ឈុន បានបញ្ជាក់ថា៖ «ខ្ញុំឲ្យកម្មករទៅមួយជំហ៊ានមុន បន្ទាប់មក ខ្ញុំនឹងអំពាវនាវដល់គ្រូទូទាំងប្រទេស មន្រ្តីរាជការទូទាំងប្រទេសឲ្យកូដកម្មឈប់ធ្វើការ ដើម្បីទាមទារបៀវត្យរ៍សមរម្យ(...)។ បើយើងចង់បានអភិបាលកិច្ចល្អ គឺត្រូវតែដោះស្រាយបៀវត្យរ៍នឹងហើយ តែបើក្រពះនៅតែស្រេកឃ្លាន យើងមិនអាចមានការអប់រំប្រកបដោយគុណភាពបានទេ៕»
នេះជាសេចក្ដីប្រកាសរបស់ក្រសួងការងារ ចេញផ្សាយនៅថ្ងៃទី២៥ខែធ្នូនេះ៖
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ