កីឡាករ ដេវីដ ល្វីស នៅព្រហ្មចារីយ៍«ស្អាត»នៅឡើយ!
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 17, 2015
- ប្រធានបទ: ស្នេហានិងកីឡា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទាក់ទងនឹងកីឡាករ ដេវីដ ល្វីស អាយុ២៨ឆ្នាំ ដែលទាត់នៅខ្សែរការពារ ឲ្យក្រុមបាល់ទាត់ប៉ារីស បានធ្វើឲ្យអ្នកផងយល់ថា កីឡាករអាយុ២៨ឆ្នាំរូបនេះ នៅព្រហ្មចារីយ៍នៅឡើយ។ នេះបើតាមការផ្សាយ ឲ្យដឹង របស់សារព័ត៌មាន El Mundo Deportivo របស់ប្រទេសអេស្ប៉ាញ។
សារព័ត៌មានបានសរសេរឲ្យដឹងថា កីឡាករ ដេវីដ ល្វីស ដែលមានសញ្ជាតិប្រេស៊ីល គឺជាអ្នកមានជំនឿយ៉ាងស៊ប់ ទៅលើសាសនាគ្រីស្ដ៍ និងថែមជាសមាជិកម្នាក់ នៅក្នុងចលនាមួយ ដែលមានឈ្មោះថា «ខ្ញុំសម្រេចចិត្តរង់ចាំ (Yo elegi esperar)»។ ចលនានោះ មានគោលការណ៍ ចង់រក្សាទុកនូវសមាជិករបស់ខ្លួន ឲ្យជៀសចេញឲ្យឆ្ងាយ ពីការរួមភេទ នៅមុនអាពាហ៍ពិពាហ៍។
ដូច្នេះ ក្នុងនាមជាសមាជិកមួយរូប របស់ចលនានេះ កីឡាករដ៏ល្បី ដេវីដ ល្វីស ទំនងជាបានសម្រេចចិត្ត នៅរង់ចាំថ្ងៃដែលកីឡាករ ត្រូវចូលរោងការ ជាមួយសង្សាចាស់វស្សារបស់ខ្លួន នាង សារ៉ា ម៉ាឌើរ៉ា (Sara Madeira) ជាមុនសិន ដើម្បីរួមរ័ក្សភិសម័យ។ តែបញ្ហាមួយ... នៅត្រង់ថា តើកីឡាករអាចអត់ទ្រាំ ដល់អង្កាល បើនាង សារ៉ា អាយុ២៤ឆ្នាំ មានរូបរាងស៊ិចស៊ីយ៉ាងណ្នឹងនោះ?
លោក នែលសុន ជូនីញរ (Nelson Junior) ស្ថាបនិករបស់ចលនា «ខ្ញុំសម្រេចចិត្តរង់ចាំ» បានថ្លែងប្រាប់សារព័ត៌មានថា៖ «ដេវីដ ល្វីស តែងតែបានគាំទ្រយើងជានិច្ច ជាពិសេសនៅតាមបណ្ដាញសង្គម។ យុវជនម្នាក់នេះ ជាគំរូសម្រាប់កុមារ និងយុវជនផ្សេងទៀត។»
ដូច កាកា
ករណីរបស់ ដេវីដ ល្វីស មិនមែនមានតែមួយទេ។ ព្រោះកីឡាករ កាកា ជាតិប្រេស៊ីលដូចគ្នា ក៏ធ្លាប់ថែរក្សា ព្រហ្មចារីយ៍របស់ខ្លួន រហូតដល់ថ្ងៃរៀបការដែរ។ អតីតម្ចាស់បាល់មាស កីឡាករ កាកា បានរៀបការនៅឆ្នាំ២០០៥ ប៉ុន្តែមិនដែលមាន ទំនាក់ទំនងផ្លូវភេទ សូម្បីតែម្ដងឡើយ នៅមុនពេលកីឡាកររៀបការ។ កាលពីពេលនោះ កីឡាករ កាកា បានថ្លែងអះអាងថា៖ «ខ្ញុំជាមនុស្សប្រុសធម្មតាម្នាក់។ ជាមួយនឹង ការ៉ូលីន (ភរិយារបស់ កាកា) យើងបានអោបគ្នា ហើយយើងតែងមានចំណង់ រវាងគ្នាទៅវិញទៅមក។ ប៉ុន្តែយើងមានអារម្មណ៍ថា គួរឲ្យអស្ចារ្យណាស់។ ខ្ញុំគិតថា ប្រសិនបើកជីវិតយើង រីករាយថ្លៃថ្លា មកទល់នឹងថ្ងៃនេះ នោះដោយសារតែយើងចេះ "រង់ចាំ"។»៕