លិខិត​ឆ្លង​ដែន ដែល​មាន​«ឥទ្ធិពល»​ជាង​គេ លើ​ពិភពលោក

គេហទំព័រ «Passport Index» បានបង្ហាញជូន ពីចំណាត់ថ្នាក់ របស់បណ្ដាលិខិតឆ្លងដែន ដែល​មិន​ចាំ​បាច់​សុំ​ទិដ្ឋាការ។ នៅ​ក្នុង​ចំណោម​នោះ ប្រទេសនៅអាស៊ីចំនួនបួន បានទទួលចំណាត់ថ្នាក់ខ្ពស់ គួរឲ្យកត់សម្គាល់។
លិខិត​ឆ្លង​ដែន ដែល​មាន​«ឥទ្ធិពល»​ជាង​គេ លើ​ពិភពលោក
លិខិតឆ្លងដែន របស់ប្រទេសកម្ពុជា។ (រូបថតឯកសារ)
Loading...
  • ដោយ: ដ. កែវ ដោយ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៨ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 18, 2015
  • ប្រធានបទ: ការទូត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគ្រាន់តែឃើញលិខិតឆ្លងដែន តើវាពិតជាបង្ហាញពីមុខមាត់ដ៏ល្អ ភាពសម្បូរហឺហារ និងឥទ្ធិពលរបស់​ប្រទេស ដែល​បាន​ចេញលិខិតឆ្លងដែនមែនឬ? មិនខុសទេ។ គេហទំព័រ «passportindex.org» បានផ្សាយ​ជា​សាធារណៈ នូវចំណាត់ថ្នាក់ របស់​ប្រទេស​ម្ចាស់លិខិតឆ្លងដែន ដែល«អាច»ធ្វើដំណើរ ឆ្លង​កាត់​ពិភពលោក ដោយ​មិន​ចាំបាច់សុំទិដ្ឋាការ។

ជាដំបូងនេះ គេមិនបានសង្ស័យអ្វីច្រើនឡើយ ព្រោះប្រទេសដែលស្ថិតនៅ ក្នុងចំណាត់កំពូលគេ គឺប្រទេស​អាមេរិក និង​អង់គ្លេស ដែលអាចឲ្យពលរដ្ឋ ដែលកាន់លិខិតឆ្លងដែន របស់ប្រទេសខ្លួន អាចធ្វើដំណើរ​ទៅ​កាន់​ប្រទេស ចំនួន១៤៧​ក្នុង​ពិភពលោក។ ចំណាត់ថ្នាក់បន្ទាប់មក គឺបារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ដែល​បាន​អនុញ្ញាត ឲ្យអ្នកកាន់លិខិតឆ្លងដែន របស់​ប្រទេសទាំងនេះ អាចធ្វើដំណើរ ទៅកាន់ប្រទេសចំនួន ១៤៥។

ចំណាត់លេខបី បានទៅលើប្រទេសអ៊ីតាលី និងស៊ុយអែត ដែលគេអាចធ្វើដំណើរ ទៅកាន់ប្រទេស​ចំនួន១៤៤ ខណៈ​លិខិត​ឆ្លងដែន របស់ប្រទេស ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ លុចហ្សំប៊ួរ ជប៉ុន និងប្រទេស​សាំងហ្គាពួរ ទទួលបាន​ចំណាត់​ថ្នាក់លេខ ៤ ព្រោះអាចធ្វើដំណើរ ទៅកាន់រដ្ឋដទៃចំនួន ១៤៣ ដោយមិនចាំបាច់​មាន​ទិដ្ឋាការ។ រីឯចំណាត់ថ្នាក់លេខ៥ បាន​ទៅ​លើ​ប្រទេសស្វីស ដែលអាចធ្វើដំណើរ ទៅកាន់ប្រទេស​ចំនួន១៤២ ក្នុងលោក។

ចុះលិខិតឆ្លងដែនកម្ពុជា?

ចំណាត់ថ្នាក់ចុងក្រោយ លេខ៨០ បានធ្លាក់ទៅលើប្រទេស ចំនួន៥៖ ស៊ូដង់ខាងត្បូង កោះសាឡូម៉ុង (Salomon កណ្ដាល​មហាសាគរប៉ាស៊ីភិក) ដែនដីប៉ាឡេស្ទីន កោះសៅតូមនិងព្រីស៊ីផល (Sao Tome and Principe ក្នុង​មហាសាគរ​អាត្លង់ទីក​ខាងកើត) និងប្រទេសភូមា។ ពលរដ្ឋនៃប្រទេសទាំងនេះ អាចធ្វើដំណើរ ដោយ​គ្មាន​ទិដ្ឋាការ ទៅកាន់រដ្ឋផ្សេងទៀត បាន​ចំនួន​ត្រឹមតែ២៨ប្រទេសប៉ុណ្ណោះ។

ចំណែកលិខិតឆ្លងដែន របស់ប្រទេសកម្ពុជាយើង ទទួលបានចំណាត់ថ្នាក់ គ្រាន់បើជាង ភូមា បន្តិច តែ​ស្មើ​ជាមួយ កូរ៉េខាង​ជើង។ លិខិតឆ្លងដែនកម្ពុជា បានជាប់លេខ ៧៣ ក្នុងការធ្វើដំណើរ ដោយមិនចាំបាច់​សុំ​ទិដ្ឋាការ ទៅកាន់ប្រទេសចំនួន ៤៤។ រីឯលិខិតឆ្លងដែន របស់​ប្រទេសថៃ មានចំណាត់ថ្នាក់លេខ ៥៥ (អាច​ធ្វើដំណើរ ទៅកាន់ប្រទេសចំនួន៦៣) ខណៈ​វៀតណាម មានចំណាត់ថ្នាក់ ៦៦ (អាចធ្វើដំណើរ ទៅកាន់​ប្រទេស​ចំនួន៥១) និងឡាវ មានចំណាត់ថ្នាក់លេខ ៧១ (អាច​ធ្វើដំណើរ ទៅកាន់​ប្រទេស​ចំនួន​៤៦)។

ក្នុង​បណ្ដាប្រទេសទាំង១០ ពីសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) លិខិតឆ្លងដែន របស់ប្រទេស​ម៉ាឡេស៊ី ទទួល​បាន​ចំណាត់ថ្នាក់ល្អជាងគេ បន្ទាប់ពីប្រទេសសាំងហ្គាពួរ។ លិខិតឆ្លងដែនម៉ាឡេស៊ី ទទួល​បានចំណាត់ថ្នាក់លេខ ៧ ក្នុង​ការ​ធ្វើដំណើរ ទៅកាន់១៤០ប្រទេស ដោយមិនខ្វល់ពីអ្វី ដែល​ហៅ​ថា ទិដ្ឋាការ។

ឃើញលិខិតឆ្លងដែន ស្គាល់ឫកប្រទេស ជាម្ចាស់?

ការបែកចែកចំណាត់ថ្នាក់នេះ មិនសូវជាបង្កការភ្ញាក់ផ្អើលអ្វី ឲ្យខ្លាំងក្លាប៉ុន្មានទេ។ បើប្រទេសណា ដែល​មាន​ចំណង​ទាក់​ទង​ការទូត បានច្រើនមានទំងន់ជាងគេ ឬប្រទេសណា ដែលសម្បូរហឺហារជាងគេ នោះ​ពលរដ្ឋ​ដែល​កាន់​លិខិត​ឆ្លង​ដែន របស់ប្រទេសនោះ អាចនឹងធ្វើដំណើរ ទៅប្រទេសកាន់តែបានច្រើន ក្នុងលោក ដោយ​គ្មានទិដ្ឋាការ។ បណ្ដា​ប្រទេស​នៅ​លោក​ខាងលិច និងនៅទ្វីបអាស៊ី ទទួលបានចំណាត់ថ្នាក់ល្អជាងគេ។ តែ​ផ្ទុយ​ទៅវិញ លិខិតឆ្លងដែន របស់ប្រទេស​មួយ​ចំនួន ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ឬប្រទេសដែលមាន ស្ថានភាព​នយោបាយ​ផុយស្រួយ បានរកឃើញចំណាត់ថ្នាក់របស់ខ្លួន នៅចុង«ប៉ូច»គេបំផុត។

កាលពីពេលមុន...

នៅប៉ុន្មានសិបឆ្នាំមុននេះ លិខិតឆ្លងដែន ដែលមានឥទ្ធិពលខ្លាំងជាងគេ គឺលិខិតឆ្លងដែន របស់ប្រទេស​យូហ្គោស្លាវី។ ខណៈ​ពេលដែលពិភពលោក ស្ថិតក្នុងការបែងចែក នៃសង្គ្រាមត្រជាក់ (សង្គ្រាមមនោគមវិជ្ជា រវាងលោកសេរី និង​លោក​កុម្មុយនីស) លិខិតឆ្លងដែនរបស់ប្រទេសមួយនេះ អាចអនុញ្ញាតឲ្យអ្នកកាន់វា ធ្វើ​ដំណើរទៅមក រវាង​ប្រទេស​លោក​ខាង​លិច និងប្រទេសកុម្មុយនីសបាន ដោយមិនចាំបាច់មានទិដ្ឋាការ​ឡើយ។ លិខិតឆ្លងដែននេះ មានតម្លៃនៅក្នុងទីផ្សារងងឹត រវាង​ពី ៥ ទៅ ៦ពាន់ដុល្លា។ ប្រទេសយូហ្គោស្លាវី ដែល​ត្រូវ​បាន​ពុះ​បំបែកជារដ្ឋផ្សេងទៀត នៅក្នុងឆ្នាំ១៩៩២៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...