ស្ថានទូតវៀតណាម «មិន»ទទួលញត្តិរបស់អង្គការសង្គមស៊ីវិល
ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបន្តរក្សាគោលជំហររបស់ខ្លួនដដែល នោះគឺការបដិសេធមិនទទួលយកញត្តិ របស់ក្រុមអង្គការសង្គមស៊ីវិលដែលបានដាក់ ក្នុងបំណងឲ្យរដ្ឋាភិបាលវៀតណាម ជួយជំរុញការគោរពសិទ្ធិមនុស្ស និងដោះលែងជន២៣នាក់ ដែលត្រូវបានអាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជាឃុំខ្លួន។
ទង់ជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សិទ្ធិ - ជាថ្មីម្តងទៀតតំណាងក្រុមអង្គការសង្គមស៊ីវិលជាង១០០ នៅថ្ងៃទី១០ ខែកុម្ភៈ នេះបានបន្តយកញត្តិទៅដាក់នៅស្ថានទូតវៀតណាម ដើម្បីស្នើឲ្យប្រទេសវៀតណាម ជម្រុញរដ្ឋាភិបាលកម្ពុជា ឲ្យលើកលែងទោស និងដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ ទាំង២៣នាក់។ តែស្ថានទូតនៃប្រទេសកុំមុយនីស្តមួយនេះ មិនបានចាត់មន្រ្តីស្ថានទូតណាម្នាក់ឲ្យចេញមកទទួលញត្តិនោះទេ ហើយថែមទាំងមិនបញ្ជាក់មូលហេតុទៀតផង។
ការបន្តដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលជាថ្មីនេះ ត្រូវបានគេមើលឃើញថា ចំពេលដែលសាលាឧទ្ធរណ៍គ្រោងនឹងបើកសាវនាការជំនុំជម្រះជន២១នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ខណៈ២នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងរាធានីភ្នំពេញដោះលែង ឲ្យនៅក្រៅឃុំកាលពីពេលថ្មីៗនេះ។
គួររម្លឹកថា កាលពីថ្ងៃទី២៩ ខែមករា មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណ៥០នាក់ តំណាងឲ្យស្ថាប័នចំនួន១៩៧ បានដាក់ញត្តិទៅស្ថានទូតចំនួន៧ រួមមានស្ថានទូត មីយ៉ាន់ម៉ា សិង្ហបុរី ប្រ៊ុយណេ ភីលីពីន ឥណ្ឌូនេស៊ី វៀតណាម ចិន និងអង្គការសហប្រជាជាតិ ស្នើឲ្យមានការដោះលែងអ្នកទាំង២៣ ដែល បានជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។ តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតទាំងអស់នោះ បានទទួលយកញត្តិដោយមានការស្វាគមន៍យ៉ាងខ្លាំងក្លា។ ប៉ុន្តែមានតែស្ថានទូតវៀតណាមមួយទេ ដែលមិនព្រមទទួលយកញត្តិនោះ ដោយលើកហេតុផលថា ជាថ្ងៃសម្រាកបុណ្យចូលឆ្នាំចិន និងវៀតណាម។
ជុំវិញករណីនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានពន្យល់ថា អង្គការសង្គមស៊ីវិល និងពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិ និងការដាក់ញត្តិទាមទារអ្វីមួយដែលស្របនឹងច្បាប់។ ដូច្នេះ សកម្មភាពរបស់អង្គការសង្គមស៊ីវិល គឺជារឿងត្រឹមត្រូវ និងគួរតែមានការលើកទឹកចិត្ត នៅក្នុងប្រទេសដែលគោរពលិទ្ធិប្រជាធិបតេយ្យ ដូចជាកម្ពុជា។
លោក អ៊ូ វីរៈ បានបញ្ជាក់ថា៖ «ស្ថានទូតវៀតណាម តំណាងឲ្យប្រទេសកុំមុយនីស្តវៀតណាម ខ្ញុំគ្នានសង្ឃឹមជឿជាក់ ថាប្រទេសនេះ ជួយ ឬលូកដៃ ឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា នោះទេ ព្រោះប្រទេសនេះ ជាប្រទេសកុំមុយនីស្តផ្តាច់ការដែរ។ ហើយការដែលប្រទេសចិនទទួលញត្តិ ក៏មិនប្រាកដថាប្រទេសចិន ជម្រុញការគោរពសិទ្ធិមនុស្សដែរ ព្រោះចិនជាប្រទេសកុំមុយនីស្ត ដែលកំពុងរំលោភសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា»។
សូមបញ្ជាក់ថា លោក វន់ ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្សចំនួន២២នាក់ទៀត ត្រូវបានសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួន កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា យ៉ាងហិង្សារវាងកម្លាំងសមត្ថកិច្ច និងក្រុមបាតុករ នៅរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង។
ក្រោយពីការចាប់ខ្លួនជនទាំង២៣នាក់ ដែលរដ្ឋាភិបាលចាត់ទុកថាជា«ជនល្មើស» ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅឃុំក្នុងពន្ធនាគារ ត្រពាំងថ្លុង លើទឹកដីខេត្តកំពង់ចាម ក្បែរព្រំដែនវៀតណាម ដើម្បីរង់ចាំការផ្តន្ទាទោស។ តែសម្រាប់ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សកម្មជនដីធ្លី និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ បានចាត់ទុកជនទាំង២៣នាក់នោះ ថាជាជនរងគ្រោះដោយ«អយុត្តិធម៌» នឹងកំពុងទាមទារឲ្យដោះលែងពួកគេ ដោយបានធ្វើការតវ៉ា និងដាក់ញត្ដិជាបន្ដបន្ទាប់តាមបណ្តាស្ថានទូត និងអង្គការអន្តរជាតិ នានា៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤