ក្រុម​​ជម្រើស​​ជាតិ​​អេស្ប៉ាញ រង​​ឥទ្ធិពល«​ព្យុះសង្ឃរា»​ពី​ក្រុម រៀល

គ្រូដឹកនាំក្រុមអេស្ប៉ាញ លោក «Julen Lopetegui» ត្រូវបានសហព័ន្ធបាល់ទាត់ របស់ប្រទេសនេះ បណ្ដេញចេញពីតំណែង ជាគ្រូដឹកនាំក្រុម ក្នុងថ្ងៃនេះ បន្ទាប់ពីក្រុម រៀលម៉ាឌ្រីត (Real Madrid) បានប្រកាសជាផ្លូវការ កាលពីម្សិលម៉ិញ ថាលោក «Julen Lopetegui» នឹងក្លាយជាគ្រូបង្វឹក របស់ក្រុមខ្លួនរួច។ ប៉ុន្មាននាទីក្រោយមក សហព័ន្ធបាល់ទាត់អេស្ប៉ាញ រកបានគ្រូបង្វឹកម្នាក់ទៀត ដើម្បីឡើងមកដឹកនាំ ក្រុមជម្រើសជាតិអេស្ប៉ាញ ជំនួសលោក «Julen Lopetegui»។
ក្រុម​​ជម្រើស​​ជាតិ​​អេស្ប៉ាញ រង​​ឥទ្ធិពល«​ព្យុះសង្ឃរា»​ពី​ក្រុម រៀល
លោក «Julen Lopetegui» ដែលពេលនេះ ក្លាយជាអតីត​គ្រូដឹកនាំ​ក្រុមជម្រើសជាតិ នៃប្រទេសអេស្ប៉ាញ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 13, 2018
  • ប្រធានបទ: បាល់ទាត់ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជម្រើសជាតិអេស្ប៉ាញ កំពុងរងឥទ្ធិពល «ព្យុះសង្ឃរា» ដែលកើតចេញ ពីក្រុម រៀលម៉ាឌ្រីត (Real Madrid)។ គ្រូដឹកនាំក្រុមជម្រើសជាតិ លោក «Julen Lopetegui» ត្រូវបានបណ្ដេញចេញ​ពីតំណែង នៅថ្ងៃនេះបន្ទាប់ពីលោក បានទៅចុះកិច្ចសន្យាស្ងាត់ៗ ជាមួយក្រុម រៀល ដើម្បីក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ នៅក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ។ ក្រុមរៀល បានប្រកាសពីដំណឹងនេះ ជាផ្លូវការ កាលពីថ្ងៃអង្គារម្សិលម៉ិញ។

តំណែងរបស់លោក «Julen Lopetegui» ត្រូវបានជំនួស នៅប៉ុន្មាននាទីក្រោយមក ដោយលោក «Fernando Hierro» ដែលត្រូវបានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញ តែងតាំងជាផ្លូវការ ឲ្យមកដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ចាប់ពីថ្ងៃនេះតទៅ។

ការបណ្ដេញលោក «Julen Lopetegui» ចេញពីតំណែង ត្រូវបានប្រកាសដោយផ្ទាល់ ចេញពីមាត់របស់លោក «Luis Rubiales» ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កាលពីប៉ុន្មានម៉ោងមុននេះ ក្នុងមណ្ឌលហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដែលស្ថិតក្នុងប្រទេសរ៉ូស្ស៊ី ដើម្បីត្រៀមប្រកួតបាល់ទាត់ពិភពលោក ចាប់ពីថ្ងៃស្អែកនេះទៅ។ លោក «Luis Rubiales» បានថ្លែងឡើង នៅចំពោះក្រុមអ្នកយកព័ត៌មានថា៖ «យើងចាំបាច់ត្រូវចែកផ្លូវគ្នា ចេញពីគ្រូដឹកនាំក្រុម»។

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ដែលបានជួបជជែក ជាមួយលោក «Julen Lopetegui» កាលពីព្រឹកម៉ិញនេះ បានថ្លែងឡើងថា៖ «តាមពិតទៅ ខ្ញុំមិនមានអារម្មណ៍ ត្រូវគេក្បត់អីទេ ព្រោះ "Julen Lopetegui" បានធ្វើការយ៉ាងល្អ ពីមុនមក។ តែមានបញ្ហាមួយ គឺការចរចារវាង "Julen Lopetegui" និងក្រុមរៀល ត្រូវបានធ្វើឡើង ដោយមិនបានប្រាប់សហព័ន្ធ ឲ្យដឹង សូម្បីបន្តិច។ ការនិយាយប្រាប់ យ៉ាងហោចមួយម៉ាត់ ជារឿងសំខាន់ណាស់។ ចំណែកឯអ្នកណា ដែលត្រូវមកជំនួស "Julen Lopetegui" នោះ យើងនឹងជម្រាបជូន នៅពេលក្រោយ។»។

តែលោក «Luis Rubiales» មិនបានតម្អក់ពេលយូរ ដើម្បីប្រកាសឲ្យដឹង ពីគ្រូដឹកនាំថ្មីឡើយ។ លោក «Fernando Hierro» អាយុ៥០ឆ្នាំ ត្រូវបានប្រកាស ឲ្យឡើងមកកាន់តំណែង ហើយលោកនឹងធ្វើសន្និសីទកាសែត ជាលើកដំបូង នៅល្ងាចនេះ ដោយមានវត្តមាន របស់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក «Luis Rubiales» ចូលរួមដែរ។ ចាប់ពីស្អែកទៅ លោក «Fernando Hierro» នឹងដឹកនាំការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ តែលោកមានពេល តែ២ថ្ងៃប៉ុណ្ណោះ ដើម្បីបង្វឹកក្រុមកីឡាកររបស់លោក ដោយហេតុថា ការប្រកួតលើកទីមួយ នៃជុំជម្រុះ ទល់នឹងក្រុម ព័រទុយហ្គាល់ ក្នុងបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នឹងត្រូវប្រព្រឹត្តិទៅ នៅថ្ងៃសុក្រទី ១៥ ខែមិថុនាខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...