ក្រុមបាល់ទាត់ទាំង១០ ដែលមានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំ២០១៣
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំពោះអ្នកដែលស្នេហា ខាងវិស័យបាល់ទាត់ ប្រហែលជាមានសង្ឃឹមថាក្រុមដែលខ្លួនស្រលាញ់ប្រាកដ ជាមាននៅក្នុងនេះហើយ។ ហើយជម្រើសរបស់អ្នក មិនមានអ្វីខុសឡើយ ព្រោះអ្នកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់សិបលាននាក់ ដែលស្រឡាញ់ចូលចិត្តបាត់មុខមិនបាន នូវក្រុមកីឡាបាល់ទាត់ទាំងនេះ។
អ្នកស្រឡាញ់ចូលចិត្ត ក្រុមបាល់ទាត់អង់គ្លេស មេនឆេស្ទើ យូណាយធីត លើកបដាថ្លែងអំណរគុណអតីតគ្រូបង្វឹក។ (រូបថត Eurosport)
ថ្ងៃចុងសប្តាហ៏នេះ មនោរម្យព័ងអាំងហ្វូសូមដកស្រង់ពីគេហទំព័រ (hamrofootball) ដើម្បីធ្វើការបង្ហាញជូន នូវក្រុមបាល់ទាត់ទាំង១០ ដែលមានប្រជាប្រិយបំផុត នៅលើពិភពលោកប្រចាំឆ្នាំ២០១៣ ដូចតទៅ៖
១. ម៉ែនឆេស្ទើ យូណៃធីត (Manchester United)៖
ក្លឹបបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត ឬហៅកាត់ថា «ម៉ែនញូ» មានចំនួនអ្នកគាំទ្រច្រើនបំផុតនៅលើពិភពលោក ដែលមានចំនួនរហូតដល់ ៣៥០លាននាក់។
ម៉ែនញូ បានឈ្នះពានរង្វាន់ក្នុងលីក ព្រីមែលីក (Premier League) ឬកាលពីមុនមានឈ្មោះថា ហ្វឺស ឌីវីសិន (First Division) នោះ បានចំនួន២០លើក និងឈ្នះពានរង្វាន់អ៊ឺរ៉ុបឆែមពានលីក (Champions League) ចំនួន៣លើក។
២. បាសេឡូណា (Barcelona)៖
ក្លឹបអ្នកមានបុណ្យបាសេឡូណា បានឈ្នះពានរង្វាន់ស្ទើរតែគ្រប់កម្មវិធីប្រកួតទាំងអស់ ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ ប៉ុន្តែទោះជាយ៉ាងណាបានត្រឹមតែលេខ២ប៉ុណ្ណោះ នៅក្នុងតារាងប្រជាប្រិយភាពនេះ ព្រោះមានអ្នកគាំទ្រប្រមាណ ២៦០លាននាក់។
បាសេឡូណា បានឈ្នះពានរង្វាន់ក្នុងលីក ឡាលីកា (La Liga) បានចំនួន២២លើក និងឈ្នះពានរង្វាន់ឆែមពានលីកចំនួន៤សម័យកាល។
៣. រៀលម៉ាឌ្រីដ (Real Madrid)៖
ក្លឹបអធិរាជស រៀលម៉ាឌ្រីដ មានអ្នកគាំទ្រនៅជុំវិញពិភពលោកប្រមាណ ១៨០លាននាក់។ រៀលម៉ាឌ្រីដ ត្រូវបានគេដាក់រហ័សនាមថា ជាក្លឹប «បងធំ» ព្រោះបើរាប់ពីពានរង្វាន់គ្មានក្រុមណាលើសក្រុមមួយនេះនោះទេ។
រៀលម៉ាឌ្រីដ បានឈ្នះពានរង្វាន់ក្នុងលីកអេស្ប៉ាញ ឡាលីកា ដល់ទៅ៣២លើក និងឈ្នះពានរង្វាន់ឆែមពានលីក ៩សម័យកាល (លេខ១ នៅក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប)។
៤. ឆែលស៊ី (Chelsea)៖
តោខៀវ ឆែលស៊ី ជាក្លឹបដែលមានអ្នកគាំទ្រច្រើននៅតំបន់អាស៊ី និងអាហ្វ្រិក ដែលមានអ្នកគាំទ្រសរុបប្រមាណ ១៤០លាននាក់។
ក្រុមមួយនេះ ពុំសូវមានស្នាដៃជាដុំកំភួនប៉ុន្មាននោះទេ ប៉ុន្តែជាក្រុមមួយដែលមានឥទ្ធពលនៅក្នុងសករាជថ្មីនេះ។ តោខៀវធ្លាប់ឈ្នះពានរង្វាន់ព្រីមែលីកចំនួន៤លើក និងពានរង្វាន់ឆែមពានបានចំនួន១លើកគត់ កាលពីរដូវកាល ២០១១-២០១២។
៥. អាសិណល (Arsenal)៖
ក្លឹបកាំភ្លើងធំ អាសិណល មានចំនួនអ្នកគាំទ្រនៅជុំវិញពិភពលោកប្រមាណ ១១៥លាននាក់។ អាសិណល ធ្លាប់ឈ្នះពានរង្វាន់ក្នុងលីកអង់គ្លេស ព្រីមែលីកបានចំនួន១៣លើក ប៉ុន្តែក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏មួយនេះ មិនដែលបានឈ្នះពានរង្វាន់ឆែលពានលីកទេ។
៦. អេស៊ី មីឡាន (AC Milan)៖
ក្លឹបយក្សនៅអ៊ីតាលី អេស៊ី មីឡាន មានចំនួនអ្នកគាំទ្រប្រមាណ ៩៨លាននាក់ នៅលើពិភពលោក។ អេស៊ី មីឡាន បានឈ្នះពានរង្វាន់នៅក្នុងលីកអ៊ីតាលី ស៊េរីអេ (Serie A) បានចំនួន១៨លើក និងធ្លាប់ឈ្នះពានរង្វាន់អ៊ឺរ៉ុបឆែមពានលីកចំនួន៧សម័យកាល (លេខ២បន្ទាប់ពីរៀលម៉ាឌ្រីដ)។
៧. លីវើភូល (Liverpool)៖
ហង្សក្រហម លីវើភូល បើទោះបីជាមិនបានកៅអីទៅលេងក្នុងក្របខ័ណ្ឌឆែមពានលីក រយះពេលបីបួនឆ្នាំចុងក្រោយនេះក៏ដោយ ក៏ក្រុមមួយនេះ នៅតែមានប្រជាប្រិយភាពដែរ។ ហង្សក្រហម មានអ្នកគាំទ្រច្រើនបំផុតនៅតំបន់អាស៊ី មានដូចជា ចិន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី...។ មានអ្នកគាំទ្រសរុបចំនួនជាង ៧០លាននាក់។
លីវើភូល នៅតែជាក្លឹបបងធំគេ នៅក្នុងប្រទេសអង់គ្លេសដដែល ធ្លាប់បានឈ្នះពានរង្វាន់ក្នុងលីកព្រីមែលីកចំនួន១៨លើក និងជាក្រុមអង់គ្លេសដំបូងគេ ដែលធ្លាប់លើកពានឆែមពានលីកចំនួន៥សម័យកាល (លេខ៣ បន្ទាប់ពីរៀលម៉ាឌ្រីដ និងអេស៊ី មីឡាន)។
៨. បាយឺន ម៉ូនិជ (Bayern Munich)៖
ក្លឹបជើងខ្លាំងប្រទេសអាឡឺម៉ង់ បាយឺន ម៉ូនិជ មានអ្នកគាំទ្រនៅជុំវិញពិភពលោកប្រមាណ ៥០លាននាក់។ បាយឺន បានឈ្នះពានរង្វាន់ក្នុងលីកអាឡឺម៉ង់ បូដេសលីកា (Bundesliga) បានចំនួន ២៣លើក។
រីឯពានរង្វាន់អ៊ឺរ៉ុបឆែមពានលីក បាយឺន បានចំនួន៥សម័យកាល ស្មើនឹងក្រុមលីវើភូលដែរ បន្ទាប់ពីឈ្នះកាលពីឆ្នាំ២០១៣ថ្មីៗនេះ។
៩. អ៊ីនថើ មីឡាន (Inter Milan)៖
ក្លឹបជើងខ្លាំងរបស់អ៊ីតាលីពីអតីកាល អ៊ីនថើ មីឡាន មានចំនួនអ្នកគាំទ្រ ២៤លាននាក់។ អ៊ីនថើ ធ្លាប់ឈ្នះពានរង្វាន់ក្នុងលីកអ៊ីតាលី ស៊េរីអេ ចំនួន ១៨លើក និងឈ្នះពានរង្វាន់ឆែមពានលីកចំនួន៣សម័យកាលផងដែរ។ ប៉ុន្តែរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីនថើធ្លាក់ជើងយ៉ាងខ្លាំង មិនខុសអីនឹងលីវើភូលប៉ុន្មានទេ ដោយបានបាត់មុខឈឹងពីក្របខ័ណ្ឌឆែមពានលីក។
១០. ជូវីនទូស (Juventus)៖
ម្ចាស់ជើងឯកអ៊ីតាលី សេះបង្កង់ ជូវីនទូស ជាប់នៅចំណាត់ថ្នាក់លេខ១០ក្រោយគេ ខណៈដែលមានអ្នកគាំទ្រប្រមាណ ២១លាននាក់ជុំវិញពិភពលោក។
ជូវីនទូស បានឈ្នះពានរង្វាន់អ៊ីតាលី ស៊េរីអេ ចំនួន២៩លើក និងធ្លាប់លើកពានកំពូលរបស់អ៊ឺរ៉ុបឆែមពានលីក បានចំនួន២សម័យកាលនឹងគេផងដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ