MH370៖ ទៅលំហែនៅម៉ូហ្សំប៊ិច ស្រាប់តែប្រទះឃើញបំណែកមួយ...
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ មីនា ២០១៦
- កែប្រែចុងក្រោយ: March 12, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈពេលដែលខ្លួន បានទៅលំហែកាយនៅក្នុងប្រទេស ម៉ូហ្សំប៊ិច កាលពីខែធ្នូឆ្នាំទៅម៉ិញនោះ យុវជនជាតិអាហ្វ្រិកខាងត្បូងមួយរូប បានប្រទះឃើញបំណែកពណ៌សមួយបន្ទះ ដែលមានប្រវែងមួយម៉ែត្រ នៅលើឆ្នេរ ហើយបានយកបំណែកនោះ ត្រឡប់មកជាមួយខ្លួន ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងវិញ។ ប៉ុន្តែការប្រទះឃើញនេះ ទើបនឹងត្រូវបានទម្លាយឲ្យដឹង កាលពីថ្ងៃសុក្រទី១១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះប៉ុណ្ណោះ បន្ទាប់ពីគ្រួសាររបស់យុវជន បានមើលឃើញតាមបណ្ដាញផ្សព្វផ្សាយ ពីការរកឃើញ នូវបំណែកផ្សេងៗ នៅក្នុងតំបន់ ហើយបានរាយការណ៍ពីការរកឃើញរបស់ខ្លួន ទៅកាន់អាជ្ញាធរនៃប្រទេសអាហ្វ្រិកខាងត្បូង។
បំណែកដែលមានប្រវែងប្រមាណជា ១ម៉ែត្រ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីធ្វើការត្រួតពិនិត្យ ថាវាពិតជាបំណែករបស់យន្ដហោះ ប៊ូអីង របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនទៅ យ៉ាងអាថ៌កំបាំងជាទីបំផុត កាលពីពីរឆ្នាំមុនឬយ៉ាងណា។ នេះបើតាមការប្រកាស របស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រ។
» យុវជនជាតិអាហ្វ្រិកខាងត្បូង និងបំណែកដែលយុវជនរូបនេះ បានរកឃើញ៖
រីឯអ្នកនាំពាក្យឲ្យការិយាល័យជំនាញ របស់ប្រទេសអូស្ត្រាលីវិញ ដែលទទួលបន្ទុកខាងសុវត្ថិភាពនៃការដឹកជញ្ជូន (ATSB) បានបញ្ជាក់ថា៖ «គ្រួសារ (នៃយុវជនដែលបានរកឃើញបំណែក) បានទាក់ទងមកការិយាល័យ ATSB ហើយការិយាល័យ ក៏បានទទួលរួចហើយដែរ នូវរូបថតពីបំណែកនោះ ដែលកំពុងយកមកធ្វើការពិនិត្យ។» អ្នកនាំពាក្យបានអះអាងបន្ថែមថា បំណែកដែលគួរឲ្យសង្ស័យ នឹងត្រូវបានយកមកស្រាវជ្រាវ ដោយអ្នកស៊ើបអង្កេត របស់ប្រទេសម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ក៏ដូចជាអ្នកជំនាញ មកពីក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង នោះដែរ។
កន្លងមក មានបំណែក ឬវត្ថុជាច្រើន ដែលត្រូវបានរកឃើញ នៅក្នុងតំបន់នៃមហាសមុទ្រឥណ្ឌាខាងលិច។ ប៉ុន្តែមានបំណែកតែមួយទេ ដែលត្រូវបានស្រាវជ្រាវ រកឃើញថា យន្ដហោះប៊ូអីង ដែលភ្ជាប់ជើងហោះហើរលេខ ត្រូវបានធ្លាក់បោកខ្លួន ក្នុងសមុទ្រពិតមែន។ បំណែកនោះ ត្រូវបានរកឃើញកាលពីខែកក្កដាឆ្នាំមុន នៅលើឆ្នេរខាងកើត នៃកោះរ៉េអ៊ុយញ៉ុង (ទឹកដីរបស់ប្រទេសបារាំង ក្នុងមហាសមុទ្រឥណ្ឌាខាងលិច) ហើយត្រូវបានអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី និងប្រព័ន្ធយុត្តិធម៌បារាំង អះអាងថា វាពិតជាផ្នែកមួយ នៃយន្ដហោះបាត់ខ្លួន ហើយប្រាកដណាស់ គឺយន្ដហោះបានធ្លាក់បោកខ្លួន។ ប៉ុន្តែថា តើយន្ដហោះបានធ្លាក់របៀបណា និងដោយមូលហេតុ បែកណានោះ គេនៅមិនទាន់ដឹងអ្វីនោះទេ។
សូមរំលឹកជូនថា យន្ដហោះ «MH370» ដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ជាមួយនឹងនឹងអ្នកដំណើរ ២៣៩នាក់។ មកទល់នឹងពេលនេះ ការរុករកយន្ដហោះបាត់ខ្លួន នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង គ្មានទទួលបានលទ្ធផលឡើយ៕