ក្រុមកាំភ្លើងធំ អាសឺណល ដាក់តាំងរូបចម្លាក់កីឡាករខ្លាំងរបស់ខ្លួន
ក្លឹបបាល់ទាត់កាំភ្លើងធំ អាសឺណល (Arsenal) បានដាក់តាំងបង្ហាញ នៅឯពហុកីឡដ្ឋាន អេមីរ៉ាត (Emirates) រូបសំណាក់ធ្វើពីសំរឹទ្ធ នៃវីរៈបុរសរបស់ក្លឹប ឌឺនីស ប៊េកខេម (Dennis Bergkamp) អតីតកីឡាករជម្រើសជាតិហូល្លង់ ដែលត្រូវបានក្លឹបមួយនេះ ជ្រើសតាំងជាតំណាងឲ្យក្រុម ក្នុងអំឡុងពេល១១ឆ្នាំ គឺឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០៦។
រូបចម្លាក់របស់អតីតកីឡាករ ឌឺនីស ប៊េកខេម។ (រូបថត bostonherald.com)
បាល់ទាត់អង់គ្លេស - អតីតកីឡាករអាសឺណលរូបនេះ ធ្លាប់លេងឲ្យក្រុមកាំភ្លើងធំបាន៤២៣ប្រកួត ហើយធ្លាប់រកគ្រាប់បាល់បាន ១២០គ្រាប់ផងដែរ។ អតីតកីឡាករជម្រើសជាតិហូល្លង់រូបនេះ បាននិយាយនៅក្នុងការតាំងពិពណ៌នោះថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់។ ថ្ងៃនេះបានធ្វើឲ្យរូបខ្ញុំ មានមោទកភាពយ៉ាងខ្លាំងជាមួយកម្មវិធីនេះ។ វាបានធ្វើឲ្យយើងនឹកឃើញឡើងវិញ ពីដំណាក់កាលដំបូងរបស់យើងទាំងអស់គ្នាក្នុងការលេងឲ្យក្រុមកាំភ្លើងធំ។»
អតីតកីឡាករអាសឺណលរូបនេះ បានបន្ដទៀតថា «អ្នកទាំងអស់គ្នាប្រាកដជាដឹងថា ខ្ញុំស្រលាញ់ក្លឹបនេះណាស់ ហើយខ្ញុំបានទទួលអ្វីៗជាច្រើនពីក្លឹបនេះ។ អ្នកគាំទ្រ បុគ្គលិក និងមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ គឺសុទ្ធតែជាមនុស្សអស្ចារ្យ។ ជាពិសេសក្រុមរបស់ពួកយើង គឺជាក្រុមដ៏ខ្លាំងមួយដែលធ្លាប់ទទួលបានជោគជ័យជាច្រើនកន្លងមក។»
រូបចម្លាក់នេះបានពិពណ៌នាពីសកម្មភាពគ្រប់គ្រងបាល់ ប្រកបដោយការជក់ចិត្តរបស់អតីតកីឡាកររូបនេះ នៅក្នុងការប្រកួតមួយជាមួយក្រុម ញ៉ូខាស៊ល (Newcastle) ក្នុងក្របខណ្ខព្រីមៀលីក (Premier League) កាលពីខែកុម្ភៈឆ្នាំ២០០៣កន្លងទៅ។
មិនមែនត្រឹមតែអតីតកីឡាករ ខាងលើនេះតែម្នាក់ឯងទេ ដែលក្លឹបបានយកមកដាក់តាំង នៅក្នុងពិពណ៌ដ៏ពិសេស តែនៅមានរូបចម្លាក់ អតីតអ្នកចាត់ចែង និងជាគ្រូបង្វឹកលោក ហេប័រ ឆាបមេន (Herbert Chapman) និងអតីតកីឡាករខ្លាំងៗរបស់ខ្លួនមួយចំនួនទៀត ដូចជា ទីជេរី ហង់រី (Thierry Henry) តូនី អាដាំ (Tony Adams) ដែលសុទ្ធសឹងជាកីឡាកររួមក្រុមយ៉ាងជិតស្និតរបស់ ប៊េកខេម៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៤