ហេតុអ្វី បាន​ជា​មាន​បាតុកម្ម? តេជគុណ លួន សូវ៉ាត ប្រតិកម្ម !

ហេតុអ្វីបានជាមានបាតុកម្ម? ចម្លើយយ៉ាងខ្លី ព្រោះតែពួកគាត់ចង់បាន«ការរស់នៅ»សមរម្យ ក្នុងនាមជាពលរដ្ឋនៃ​សង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ព្រះតេជគុណ លួន សូវ៉ាត ម្ចាស់ពានរង្វាន់ថ្នាក់កំពូល ផ្នែកអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ពីប្រទេសស្វីស។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុអ្វីបានជាមានបាតុកម្ម? ចម្លើយយ៉ាងខ្លី ព្រោះតែពួកគាត់ចង់បាន«ការរស់នៅ»សមរម្យ ក្នុងនាមជាពលរដ្ឋនៃ​សង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ព្រះតេជគុណ លួន សូវ៉ាត ម្ចាស់ពានរង្វាន់ថ្នាក់កំពូល ផ្នែកអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ពីប្រទេសស្វីស។


សកម្មជនតវ៉ាដីធ្លី ត្រូវអាជ្ញាធរចាប់ខ្លួន នៅក្នុងរថយន្ដទ្រុងមួយ យកទៅឃុំ កាលពីខែឧសភា ឆ្នាំ២០១២។

វិបត្តិសង្គម - ដើមឆ្នាំ២០១៤នេះ ត្រូវបានកត់សម្គាល់ដោយ អំពើហិង្សារបស់កងកម្លាំងអាជ្ញាធរកម្ពុជា ទៅលើ​ប្រជាពលរដ្ឋ ជាពិសេសទៅលើក្រុមអ្នកតវ៉ាដៃទទេ ហើយបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ នោះ ក៏​ព្រោះតែពួកគេ បានធ្វើបាតុកម្មទាមទារ សុំឲ្យមានការរស់នៅស្មើភាពដូចគេឯងតែប៉ុណ្ណោះ។ តើការប្រើអំពើ​ហិង្សា​ទាំងនោះ អាច​ចាត់ទុកថាជាការស្វែងរក«ដំណោះស្រាយ» សម្រាប់ពលរដ្ឋ និងសង្គមបានដែរឬយ៉ាងណា?

ក្នុងពីធី​ជួបជុំ​ជា​មួយប្រជាពលរដ្ឋកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវត្តសាមគ្គីរង្សី ព្រះតេជគុណលួន សូវ៉ាត បាន​មាន​សង្ឃ​ដីការត្រង់ចំណុចនេះ វាមកពីសង្គមកម្ពុជាដែល«គ្មាន»លិទ្ធិប្រជាធិបតេយ្យ គ្មានការគោរពសិទ្ធិមនុស្ស​ពិត​ប្រាកដ​នោះ​ហើយ ដែលធ្វើឲ្យពលរដ្ឋងើបតវ៉ា។

ព្រះសង្ឃដែលគេឧស្សាហ៍ឃើញភ័ក្រ នៅក្នុងសកម្មភាពសង្គមនានាអង្គនេះ បានមានសង្ឃដីកាបន្តរថា តម្រូវ​ការ​ចាំបាច់ចំពោះមុខ ជាសុខសន្តិភាព សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម។ ព្រះអង្គបានចាត់ទុក​ថា«ភាពក្រីក្រ»របស់​ប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃនេះ ព្រោះតែការដឹកនាំរបស់អ្នកកាន់អំណាចសព្វថ្ងៃមិនត្រឹមត្រូវ។

«បើសិនជាមានប្រជាធិបតេយ្យេពិតប្រាកដ មានការគោរពសិទ្ធិមនុស្សពិតប្រាកដ យើងនឹងមិនក្រក្សត់អញ្ចឹងទេ។ យើងអត់ជាប់គុក យើងអត់ស្លាប់ យើងអត់អស់ទឹក អស់ដី អស់ព្រៃព្រឹក្សា ហើយយើងក៏មិនចាំបាច់ទៅសុំអំណោយ​ពីអ្នកណាដែរ។ បើដឹកនាំត្រឹមត្រូវ គ្រប់គ្រងត្រឹមត្រូវ សេដ្ឋកិច្ចរីកចំរើន ប្រទេសជាតិរុងរឿង ប្រជាពលរដ្ឋមាន​ការងារ​ធ្វើ នោះប្រជាពលរដ្ឋនឹងរស់នៅដោយស្រួល ពុំចាំបាច់ស្រេកឃ្លានយ៉ាងនេះទេ។»

ព្រះអង្គបានបន្តបរិហារ ក្រុមអ្នកកាន់អំណាចសព្វថ្ងៃទៀតថា «លក់ខ្ទេច លក់ខ្ទី លក់ដី ភ្នំចង់រលំ អង្គរចង់រលាយ ព្រៃឈើទាំងឡាយខ្ទេចខ្ទីអស់ហើយ លក់ទាំងអស់គ្មានសល់អ្វី។ (...) ដល់គេទ្រាំមិនបានធ្វើបាតុកម្ម ចោទ​ពួកធ្វើ​បាតុកម្មជាបាតុកម្មថាខុសច្បាប់ ជាបាតុកម្មញុះញង់ បាតុកម្មអាណាធិបតេយ្យ។ តើអ្នកណាជាអ្នកអាណាធិបតេយ្យ បើលក់អស់ខ្ទេចខ្ទីចឹង។ (...) នេះមិនជាសង្គមពោរពេញទៅដោយ ការដឹកនាំនយោបាយបែបអាណាធិបតេយ្យ ! មិនមែនប្រជាជនអាណាធិបតេយ្យទេ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មតបពីមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងនៅក្នុងជួរ​រដ្ឋាភិបាលបានទេក្នុងថ្ងៃនេះ។ ប៉ន្តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងអំណាចជិត៣០ឆ្នាំ តែងតែបដិសេធ​ទៅនឹងរាល់ការលើកឡើងទាំងឡាយណា ដែលប្រឆាំងនឹងការដឹកនាំរបស់លោក។ នាពេលកន្លងមក លោក ហ៊ុន សែន ថែមទាំងបានចោទសួរមកវិញថា «តើខ្ញុំខុសអី?» នោះទៀតផង។ សំនួរបញ្ច្រាស ដែលទំនងជាលោក​ចង់​បង្ហាញប្រាប់អ្នកផងថា លោកមិនដែលធ្វើកំហុសសូម្បីបន្ដិចឡើយ។

យ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់ការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ នៅតែបញ្ជាក់អះអាងទៀតថា រដ្ឋាភិបាលសព្វ​ថ្ងៃ មិនបានគ្រប់គ្រងតាមរដ្ឋធម្មនុញ្ញទេ តែជាការគ្រប់គ្រងដែលធ្វើតាមតែបបូរមាត់ និងសំដីរបស់អ្នកមានអំណាច។ ប្រធានវិទ្យុសម្បុកឃុំ លោក ម៉ម សូណង់ដូ អ្នករិះគន់មិនសំចៃមាត់ បានបញ្ជាក់យ៉ាងដូច្នេះថា «គាត់​ (រដ្ឋាភិបាល)​ ធ្វើអី ចង់ឲ្យ​គេ​ធ្វើតាម។ អ្វីដែលគាត់គ្រប់គ្រងឃើញថា ភាពអយុត្តិធម៌កាន់តែខ្លាំងឡើងៗ៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៧៨ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...