ហិង្សា​នៅ​ក្បាល​ថ្នល់៖ ជន​បី​នាក់ ជាប់​ពន្ធនាគារ​បី​ឆ្នាំ តែ​អនុវត្ត​ទោស​ពី​២៥​ថ្ងៃ​ដល់​១​ឆ្នាំ

តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសយុវជនបីនាក់​ក្នុងចំណោមគ្នា​៦នាក់ ដែលពាក់ព័ន្ធករណីផ្ទុះអំពើហឹង្សាលើស្ពានអាកាសក្បាលថ្នល់ កាលពីខែកញ្ញាឆ្នាំមុនឲ្យជាប់ពន្ធនាគារ​រយៈ​ពេលបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសត្រឹមតែពី២៥ថ្ងៃ ដល់មួយឆ្នាំប៉ុណ្ណោះ ក្រៅពីនេះត្រូវព្យួរ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: February 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសយុវជនបីនាក់​ក្នុងចំណោមគ្នា​៦នាក់ ដែលពាក់ព័ន្ធករណីផ្ទុះអំពើហឹង្សាលើស្ពានអាកាសក្បាលថ្នល់ កាលពីខែកញ្ញាឆ្នាំមុនឲ្យជាប់ពន្ធនាគារ​រយៈ​ពេលបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសត្រឹមតែពី២៥ថ្ងៃ ដល់មួយឆ្នាំប៉ុណ្ណោះ ក្រៅពីនេះត្រូវព្យួរ។


ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)

វិបត្តិសង្គម - រយៈពេល១១ថ្ងៃ ក្រោយពីសំណុំរឿងដ៏ស្មុគស្មាញមួយនេះ ត្រូវបានតុលាការរាជធានីភ្នំពេញ លើក​យកជំនុំជំរះ និង សួរដេញដោលអស់រយៈពេលជាងបួនម៉ោងនៅក្នុងសវនាការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងមក។ នៅព្រឹកថ្ងៃសុក្រនេះ លោក សេង នាង ចៅក្រមជំនុំជំរះ បានធ្វើការប្រកាសសាលក្រមលើសំណុំរឿងមួយនេះ ដោយ​បានសម្រេច លុបចោលបទចោទ ប្រកាន់ប្រឆាំងលើយុវជនបីនាក់ ដែលជាសិស្សកំពុងជាប់ការសិក្សារៀនសូត្រ ប៉ុន្តែបានផ្តន្ទាទោសយុវជនបីនាក់ទៀត ដែលជាកម្មករឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលបីឆ្នាំ ពីបទហឹង្សាដោយ​ចេតនា និងបំផ្លាញទ្រព្យសម្បត្តិសារធារណៈ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសត្រឹមតែពី២៥ថ្ងៃ ដល់មួយឆ្នាំប៉ុណ្ណោះ ។

លោកចៅក្រម បានប្រកាសថា៖ «លុបចោលបទចោទប្រកាន់ លើឈ្មោះឯម ចាន់នូ អាយុ១៧ឆ្នាំ, ឈ្មោះ សុង និស្ស័យ អាយុ ២១ឆ្នាំ, និងឈ្មោះ តាំង សុខសេង អាយុ១៩ឆ្នាំ។ ផ្ដន្ទាទោស ឈ្មោះ ឡាញ់ សាមឿន អាយុ ២៨ឆ្នាំ និងឈ្មោះ វ៉ា នឿន អាយុ៤០ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោស ក្នុងពន្ធនាគាររយៈ​ពេល​ត្រឹម​២៥ថ្ងៃ ដោយគិតរាប់ពីថ្ងៃបានចាប់ខ្លួន ទោសសល់ពីនេះត្រូវព្យួរ។ ផ្ដន្ទាទោសឈ្មោះ ង្វៀង ធី ឌឹក អាយុ២១ឆ្នាំ ឲ្យ​ជាប់ពន្ធនាគារចំនួនបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោស ក្នុងពន្ធនាគាររយៈពេលត្រឹមតែមួយឆ្នាំ ដោយគិតរាប់ពីថ្ងៃ​បាន​ចាប់ខ្លួន ទោសសល់ពីនេះត្រូវព្យួរ។»

ជាមួយគ្នានេះ លោក ចៅក្រម សេង នាង ក៏បានសម្រចបង្គាប់ឲ្យអង្គភាពនគរបាល ដែលបានចាប់ដកហូត​ទ្រព្យ​សម្បត្តិ​ពីឈ្មោះ សុង និស្ស័យ ក្នុងអំឡុងពេលចាប់ខ្លួននោះ ត្រូវយកទ្រព្យសម្បត្តិទាំងនោះ មកប្រគល់ឲ្យម្ចាស់​ដើម​វិញផងដែរ។ លោកចៅក្រម បានបង្គាប់ឲ្យមន្ត្រីអនុរក្សពន្ធនាគារដឹកនាំខ្លួនលោក ង្វៀង ធីឌឹក ទៅកាន់ពន្ធនាគារ ដើម្បីអនុវត្តទោសតាមសេចក្ដីសម្រេចនៃសាលក្រមនេះ។

យុវជនម្នាក់ក្នុងចំណោមគ្នាបីនាក់ ដែលទទួលបានការសម្រេច លើកលែងបទចោទប្រកាន់​ពីតុលាការ​កាលពី​ព្រឹក​មិញនោះ លោក សុង និស្ស័យ និសិត្យឆ្នាំទី២ ផ្នែកគ្រប់គ្រងធនាគារ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បាន​ឲ្យ​ដឹងថា៖ «នៅពេលនេះ ខ្ញុំរីករាយនិងត្រេកអរជាខ្លាំង នៅពេលដែលតុលាការបានប្រកាសផ្ដល់ភាពយុត្តិធម៌ និង ភាពស្អាតស្អំមកឲ្យខ្ញុំវិញ »។

ជាមួយនឹងទឹកមុខស្រពាប់ស្រពោន ហាក់មិនពេញចិត្តចំពោះការសម្រេចសេចក្ដីនៃសាលក្រមនេះ ជនជាប់ចោទ ង្វៀង ធីឌឹក នៅក្នុងសវនាការសួដេញដោល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ​នេះ បានឆ្លើយបដិសេធ​ចម្លើយសារភាពរបស់ខ្លួន នៅក្នុងតំណាក់កាលស៊ើបសួររបស់នគរបាល ដែលថាគាត់​បាន​គប់ដុំថ្មទៅលើក្រុមកម្លាំង​សមត្ថកិច្ច ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នា នៅលើស្ពានអាកាស​ក្បាលថ្នល់កាល​ពី​រាត្រី​នោះ។ បុរសជនជាតិ​វៀតណាម​រូបនេះ បានថ្លែងថា គាត់ត្រូវបានក្រុមនគរបាល ធ្វើទារុណកម្ម ដោយ​ប្រើ​ដំបងឆក់ វាយដំលើរាងកាយ និងឆក់​គាត់​ជាច្រើនដង ដើម្បីបង្ខំឲ្យគាត់ឆ្លើយសារភាពនោះ។

ព្រឹត្តិការណ៍ផ្ទុះអំពើហឹង្សា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្កឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរង​របួសធ្ងន់ស្រាលជាច្រើននាក់ និង៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននោះ បានកើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច​នគរបាលចម្រុះ បានដាក់ប៉ារាសលួសបន្លា និង រនាំងដែក បិទផ្លូវលើស្ពានអាកាស បង្កការកកស្ទះចរាចរណ៍​ក្នុង​តំបន់នោះ ស្របពេលក្រុមបាតុកររាប់ម៉ឺននាក់ ដែលមកគាំទ្រមហាបាតុកម្ម ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅឯទីលានប្រជាធិបតេយ្យ បាននាំគ្នាវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។

អ្នកស្រី សិន ចន្ថា អាយុ៥៧ឆ្នាំ ដែលជាម្ដាយរបស់យុវសិស្សឈ្មោះ ឯម ចាន់នូ អាយុ១៧ឆ្នាំ ក៏បានសម្ដែងក្ដីត្រេកអរ​ផងដែរ នៅពេលទទួលបានដំណឹងថា កូនរបស់គាត់ត្រូវបានតុលាការ ប្រកាសលើកលែង​បទចោទប្រកាន់ទោស​នោះ។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំជាម្ដាយ មានការត្រកអររំភើបក្នុងចិត្តជាខ្លាំង ពេលបានទទួលដំណឹង ថា តុលាការ​បានទម្លាក់បទចោទប្រកាន់មកលើកូនខ្ញុំ»។

ក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលអំពីដំណើរការនៃរឿងក្ដីនេះ បានលើកឡើងថា តុលាការរាជធានីភ្នំពេញ ហាក់ដូចជាមិនបានចាត់វិធានការស៊ើបអង្កេតស្វែងរកចាប់ជន ដែលបានបញ្ជារឬ ប្រព្រឹត្តិអំពើបាញ់ប្រហារល្មើស​នឹងបទបញ្ជារ ដែលបង្កឲ្យមានមនុស្សស្លាប់នឹងរងរបួស នៅក្នុងព្រឹត្តិការណ៍ ផ្ទុះអំពើហឹង្សាលើស្ពានក្បាលថ្នល់នោះ ទៅផ្ដន្ទាទោសនោះទេ។

លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេសផ្នែកច្បាប់ នៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ការផ្ទុះអំពើហឹង្សាក្នុង​តំបន់​ស្ពានអាកាសក្បាលថ្នល់ កាលពីពាក់កណ្ដាលខែកញ្ញាឆ្នាំ២០១៣ បង្កឡើងដោយក្រុមកម្លាំងប្រដាប់អាវុធ​ចម្រុះរបស់រដ្ឋាភិបាល យករនាំងលួសបន្លាឃាំងទៅបិទផ្លូវលើស្ពានអាកាស ដែលជាហេតុបង្ក ឲ្យមានការកកស្ទះ​ចរាចរណ៍ទៅមករបស់ប្រជាជន និង បង្កឲ្យមានការផ្ទុះអំពើហឹង្សាកើតឡើង។

លោកបានថ្លែងថា៖ «បើគ្មានការយករនាំងដែកលួសបន្លាបិទផ្លូវនោះទេ ក៏គ្មានការកកស្ទះចរាជរណ៍ រហូតដល់​មាន​ការផ្ទុះអំពើហឹង្សានោះដែរ។ ប៉ុន្តែអ្វីដែលយើងជាសង្គមស៊ីវិលមានការសោកស្ដាយនោះ គឺ តុលាការមិនបានចាត់​វិធានការ​ស៊ើបអង្កេត ដើម្បីនាំខ្លួនជន ដែលបានបាញ់ប្រហាមកលើពលរដ្ឋ​រហូតដល់ស្លាប់និងរងរបួសមក​ផ្តន្ទាទោស។ ទាំងនេះ បង្ហាញថាប្រព័ន្ធតុលាការនៅកម្ពុជា នៅមិនទាន់ឯករាជ្យពិតប្រាកដ និង អំពើនិទណ្ឌភាព​នៅតែមាន ហើយជនប្រព្រឹត្តិអំពើហឹង្សា នៅតែបន្តការប្រព្រឹត្តិ រំលោភពានលើច្បាប់៕»

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ២៨ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...