ប្រវត្តិខ្លីៗរបស់កីឡាករតម្លៃខ្លួនថ្លៃបំផុតពិភពលោក «ហ្គារេត ប៊េល»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហ្គារេត ប៊េល វ័យ២៤ឆ្នាំ កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៨៩។ គាត់ជាកីឡាករអន្តរជាតិវ៊ែល ដែលលេងក្នុងដំណែងជាខ្សែបម្រើស្លាប។ ប៊េល ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូង ជាមួយនឹងក្រុម សៅហាំតុន (Southampton) និងលេងក្នុងដំណែងជាខ្សែការពារស្លាបឆ្វេង ប៉ុន្តែគាត់មានជំនាញពិសេស ខាងទាត់បាល់ពិន័យហ្វ្រីឃីត (free kick)។
កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ហ្គារេត ប៊េល។ (រូបថត liberoquotidiano.it)
បន្ទាប់ពីផ្ទេរទៅក្លិបទតិនហេម (Tottenham) ក្នុងតម្លៃ ៥លានផោន កាលពីឆ្នាំ២០០៧ ប៊េលបានបង្ហាញពីសមត្ថភាព កាន់តែអស្ចារ្យខ្លាំងឡើងៗ និងចាប់ផ្តើមចូលលេងទៀងទាត់ជម្រើសដំបូង សម្រាប់ក្រុមមាន់ខ្នាយមាស ចាប់តាំងពីរដូវកាល ២០០៩-២០១០ មក។ ខណៈដែលមានទម្រង់លេងដល់កំរិតកំពូល ប៊េលត្រូវបានគ្រូបង្វឹកដ៏ល្បីល្បាញ លោកជូសេ ម៉ូរីញ៉ូ (José Mourinho) សរសើរថា ជាកីឡាករដែលមានល្បឿនលឿនបំផុត, លើកបាល់កាត់មុខទី បានល្អបំផុត, មានជំនាញជើងឆ្វេងយ៉ាងអស្ចារ្យ និងមានកាយសម្បទារឹងម៉ាំបំផុតផងដែរ។
នៅរដូវកាល ២០១២-២០១៣ ហ្គារ៉ែត ប៊េល បានឈ្នះពានរង្វាន់ឯកត្តជនកំពូលៗទាំង៣ប្រភេទ៖ កីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ (PFA Young Player of the Year), កីឡាករល្អបំផុតប្រចាំឆ្នាំ (PFA Players' Player of the Year) និងកីឡាករបាល់ទាត់អាជីពល្អបំផុតប្រចាំឆ្នាំ (FWA Footballer of the Year) ថែមទៀត។
បច្ចុប្បន្នគាត់បានព្រមព្រៀងទៅចូលរួមជាមួយក្លិបយក្សរបស់អេស្ប៉ាញ រៀលម៉ាឌ្រីដ (Real Madrid) ហើយ ក្នុងតម្លៃ ៨៦លានផោន (១៣៣.៩៦លានដុល្លាសហរដ្ឋអាមេរិក, ១០០.០៩លានអ៊ឺរ៉ូ) ហើយនឹងពាក់អាវលេខ១១ ជាមួយនឹងក្រុមម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប ៩សម័យកាលអធិរាជស។
ចំពោះកាលបរិច្ឆេតសំខាន់ៗរបស់ប៊េល មានដូចតទៅ៖
• ១៧ មេសា ២០០៦
វ័យ១៦ឆ្នាំ ២៧៥ថ្ងៃ ប៊េលជាកីឡាករវ័យក្មេងបំផុតទី២ ដែលលេងឲ្យក្រុមសៅហាំតុន បន្ទាប់ពីកីឡាករ ថេអូ វ៉ាល់ខត (Theo Walcott) ហើយក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់ ខណៈដែលក្រុមសៅហាំតុន យកឈ្នះក្រុមមីលវ៉ល (Millwall)។ គ្រាប់បាល់ដំបូងរបស់គាត់ កើតឡើងនៅខែសីហា ឆ្នាំ២០០៦ ក្នុងការប្រកួតជាមួយនឹងក្រុម ដឺប៊ីខោនធី (Derby County)។
• ២៦ ឧសភា ២០០៦
ប៊េល បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិវ៊ែលលើកដំបូង ក្នុងការប្រកួតជាមួយនឹងក្រុម ទ្រីនីដេដ និងតូបាហ្គូ (Trinidad and Tobago) នៅវ័យ ១៦ឆ្នាំ ៣១៥ថ្ងៃ។ ហើយគាត់បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលលេងតំណាងឲ្យតំបន់ខាងលិចនៃប្រទេសអង់គ្លេស។
• ០៧ តុលា ២០០៦
ប៊េល បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមជម្រើសជាតិ មកពីតំបន់ខាងលិច បន្ទាប់ពីទាត់បាល់ពិន័យហ្រ្វីឃីតបញ្ចូលទី ក្រុមជម្រើសជាតិស្លូវ៉ាគីបានយ៉ាងល្អ។
• ២៥ ឧសភា ២០០៧
ប៊េល បានចុះកិច្ចសន្យាលេងឲ្យក្រុមទតិនហេម ក្នុងតម្លៃខ្លួន៥លានផោន។ នៅខែកក្កដា គាត់រកគ្រាប់បាល់ទី១ ឲ្យក្រុមនៅក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុម អេសធី ផាទ្រិកអាស្លេតិក (St Patrick’s Athletic)។
• ២៦ សីហា ២០០៧
ប៊េល បានបង្ហាញខ្លួនក្នុងការប្រកួតក្នុងលីកលើកដំបូង ខណៈដែលក្រុមទតិនហេម ប៉ះក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។ ១សប្តាហ៏ក្រោយមក គាត់បានទាត់បញ្ចូលទីគ្រាប់ទី១ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ឲ្យក្រុមទតិនហេម ពេលប៉ះក្រុមហ្វុលហេម (Fulham)។
• ២០ តុលា ២០១០
បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទីលើកដំបូងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) កាលពីដើមខែ ពេលប៉ះក្រុម អេហ្វស៊ី ថ្វិនតេ (FC Twente) រួចមក ប៊េលបានទាត់បញ្ចូលទី ៣គ្រាប់តែម្នាក់ឯង (first senior hat-trick) លើកដំបូងរបស់គាត់ ខណៈដែលក្រុមស្ពឺ ប៉ះក្រុមអ៊ីនថើមីឡាន (Inter Milan)។ នៅចុងឆ្នាំនោះ គាត់បានជាប់ឈ្មោះជាកីឡាករ លេងបានល្អប្រចាំឆ្នាំ (PFA Player of the Year)។
• ២៨ មេសា ឆ្នាំ២០១៣
ប៊េល បានឈ្នះពានរង្វាន់កិត្តិយសទាំង៣ប្រភេទ ក្នុងនាមជាកីឡាករល្អបំផុតលំដាប់កំពូល នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីបង្ហាញពីទម្រង់លេងយ៉ាងអស្ចារ្យបំផុត កាលពីរដូវកាល ២០១២-២០១៣ រួចមក។
ដូច្នេះប៊េល នឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុតនៅលើពិភពលោកថ្មី ខណៈដែលគាត់បានបំបែកឯកត្តកម្មចាស់របស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានផ្ទេរពីក្រុមម៉ែនញូ ទៅកាន់រៀលម៉ាឌ្រីដ ក្នុងតម្លៃ ៨០លានផោន កាលពីឆ្នាំ២០០៩។
ប៉ុន្តែទោះជាយ៉ាងណា ពួកគេ (ប៊េល និងរ៉ូណាល់ដូ) នឹងចាប់ដៃគូជាមួយគ្នា ដើម្បីប្រជែងយកពានរង្វាន់ឡាលីកា (La Liga) របស់អេស្ប៉ាញ នៅរដូវកាលថ្មីនេះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ