អ្នក​គាំទ្រ​២​នាក់រត់​ទៅ​ឱប «ហ្គារែត ប៊េល» លើ​ទី​លាន

សហព័ន្ធបាល់ទាត់ប្រទេសវ៊ែល (FAW) អាចនឹងតម្រូវឲ្យមានកម្លាំងសន្តិសុខផ្ទាល់ខ្លួន ប្រចាំក្រុមជម្រើសជាតិ បន្ទាប់ពីមានអ្នកគាំទ្រក្រុមជម្រើសជាតិ ម័កដូនៀ (Macedonia) ចំនួន២នាក់ រត់ចូលទៅក្នុងទីលាន ហើយឱបកីឡាករ ហ្គារែត ប៊េល (Gareth Bale) នៅក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក នាទីក្រុងស្កូបជេ (Skopje) កាលពីយប់ថ្ងៃសុក្រ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហព័ន្ធបាល់ទាត់ប្រទេសវ៊ែល (FAW) អាចនឹងតម្រូវឲ្យមានកម្លាំងសន្តិសុខផ្ទាល់ខ្លួន ប្រចាំក្រុមជម្រើសជាតិ បន្ទាប់​ពី​មានអ្នកគាំទ្រក្រុមជម្រើសជាតិ ម័កដូនៀ (Macedonia) ចំនួន២នាក់ រត់ចូលទៅក្នុងទីលាន ហើយឱបកីឡាករ ហ្គារែត ប៊េល (Gareth Bale) នៅក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក នាទីក្រុងស្កូបជេ (Skopje) កាលពីយប់ថ្ងៃសុក្រ។


កីឡាករ ហ្គារែត ប៊េល ពេលបង្ហាញខ្លួនជាផ្លូវការនៅក្រុម រៀល ម៉ាឌ្រីត។ (រូបថតរបស់ក្រុមរៀល ម៉ាឌ្រីត)

ហេតុការណ៏នោះ បានកើតឡើងនៅពេលដែល កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងពិភពលោក កំពុង​តែ​កម្តៅសាច់ដុំនៅវគ្គទី១។ ប៉ុន្តែប៊េល ពុំបានចូលលេងនោះទេ នៅក្នុងប្រកួតនោះ ខណៈដែលក្រុមជម្រើស​ជាតិវ៊ែល​របស់​គាត់ ចាញ់ក្រុមម័កដូនៀ ២-១។

សហព័ន្ធបាល់ទាត់ប្រទេសវ៊ែល បាននិយាយថា ពួកគេក៏បាននាំយកសន្តិសុខរបស់ក្រុមធ្វើដំណើរទៅជាមួយដែរ ប៉ុន្តែ​ប្រទេសម្ចាស់ផ្ទះម័កដូនៀ បានឆ្លើយតបថា ពួកគេជាអ្នករាប់រង សន្តិសុខនៅក្នុងកីឡាដ្ឋាននោះ។

ប៊េល ដែលមានស្រុកកំណើតនៅក្នុងទីក្រុង ខាដីហ្វ (Cardiff) បានក្លាយខ្លួនជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ នៅ​ក្នុងពិភពលោក បន្ទាប់ពីគាត់បានផ្ទេរពីក្រុម ទតិនហេម (Tottenham) ទៅកាន់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ក្នុងតម្លៃ ៨៥លានផោន កាលពីដើមខែកញ្ញា។

គាត់បានធ្វើដំណើរទៅជាមួយក្រុមជម្រើសជាតិវ៊ែលដែរ សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសុក្រ ក្នុងទៅក្រុងស្កូបជេ ប៉ុន្តែ​ដោយសារតែគាត់មានបញ្ហារបួសបន្តិចបន្តួច ទើបគ្រូបង្វឹកសម្រេចចិត្តមិនឲ្យគាត់ចូលលេង។

ប៉ុន្តែខណៈដែល ប៊េល ចេញមកកម្តៅសាច់ដុំនៅវគ្គទី១ មានអ្នកគាំទ្រក្រុមម័កដូនៀ២នាក់រត់ចូលក្នុងទីលាន ហើយស្ទុះ​បម្រុងទៅឱបគាត់ មុនពេលដែលគាត់បានច្រានពួកគេចេញ។

សហព័ន្ធបាល់ទាត់វ៊ែល បានបន្តថា៖ «សន្តិសុខនៅក្នុងកីឡាដ្ឋាន ជាតួនាទីរបស់អាជ្ញាធរនៃប្រទេសម័កដូនៀ។ ពួកគេ​មិន​ត្រូវបណ្តោយឲ្យអ្នកគាំទ្ររបស់ខ្លួនរត់ចូលទៅក្នុងទីលានបាន ដើម្បីឱប ប៊េលនោះទេ។»

អ្នកនាំពាក្យ របស់សហព័ន្ធបានបន្តថា៖ «ក្រុមដែលមានកីឡាករឆ្នើមៗលំដាប់ពិភពលោកដូចនេះ គួរតែបន្ថែមសន្តិសុខ​ឲ្យបានច្រើន ដើម្បីសុវត្ថិភាព។ ជាក់ស្តែងមានអ្នកគាំទ្ររាប់រយ រាប់ពាន់នាក់ ចង់ឃើញប៊េល។ ហើយក៏មានអ្នកកាសែត​ជាច្រើន តាមគាត់ដើម្បីចាប់យករូបភាពដែរ។»

គាត់បានបន្ថែមថា៖ «យើងសង្ឃឹមថា នឹងមិនមានរឿងបែបនោះជាបន្តទៀតនៅពេលក្រោយ។ ហើយយើងនឹងពិចារណា ដើម្បីធ្វើការផ្លាស់ប្តូរអ្វីខ្លះៗ សម្រាប់ប្រព័ន្ធសន្តិសុខ ដើម្បីរឹតបន្តឹងប្រព័ន្ធការពារឲ្យបានល្អ និងរឹងមាំ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...