ហ្គារែត ប៊េល ផ្ទេរទៅរៀលម៉ាឌ្រីដ ជាផ្លូវការនិងចុះកិច្ចសន្យា៦ឆ្នាំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លិបអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ទីបំផុត ពិតជាទិញយកខ្សែបម្រើប្រយុទ្ធ ក្រុមទតិនហេម (Tottenham) ហ្គារែត ប៊េល (Gareth Bale) ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកពិតមែន។
ខ្សែប្រយុទ្ធ ហ្គារែត បេល របស់ក្រុមបាល់ទាត់ ទតិនហេម ហតស្ពឺ។
តារាឆ្នើមអន្តរជាតិវ៊ែល បានយល់ព្រមចុះកិច្ចសន្យារយះពេល៦ឆ្នាំ នៅក្នុងកីឡាដ្ឋានបឺណាប៊ូ (Bernabéu) និងទទួលបានថ្លៃពលកម្មប្រមាណ ៣០០ពាន់ផោន ក្នុងមួយសប្តាហ៏ បន្ទាប់ពីក្លិបទាំង២ព្រមព្រៀងគ្នាក្នុងតម្លៃ ៨៥.៣លានផោន (១០០លានអ៊ឺរ៉ូ, ១៣២.២៩លានដុល្លាសហរដ្ឋអាមេរិក) រួចមក។
តម្លៃនៃការផ្ទេរនេះមានន័យថា ប៊េលបានបំបែកកំណត់ត្រាចាស់របស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលផ្ទេរពីក្រុមម៉ែនញូ (Manchester United) មករៀលម៉ាឌ្រីដ ក្នុងតម្លៃខ្ពស់ដាច់គេ ៨០លានផោន កាលពីឆ្នាំ២០០៩។
កីឡាករវ័យ២៤ឆ្នាំ ប៊េល បាននិយាយថា៖ «ខ្ញុំមានពេលវេលាដ៏សប្បាយរីករាយ រយះពេល៦ឆ្នាំ ជាមួយនឹងក្រុមទតិហេម ប៉ុន្តែពេលនេះវាជាពេលដ៏ត្រឹមត្រូវ ដែលខ្ញុំគួរតែនិយាយជម្រាបលារ។ យើងធ្លាប់មានពេលវេលាពិសេសៗ ជាមួយគ្នាជាច្រើន ហើយខ្ញុំពិតជាពេញចិត្ត និងចងចាំគ្រប់វិនាទីទាំងអស់។»
គាត់បានបន្តថា៖ «ខ្ញុំក៏មិនប្រាកដថា ខ្ញុំនឹងអាចសម្របខ្លួន ឬអាចទទួលបានជោគជ័យទាំងស្រុងនៅក្លិបថ្មីនោះដែរ ប៉ុន្តែនេះជាវិថី ក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំដឹងថា គ្រប់កីឡាករទាំងអស់តែងតែស្រម៉ៃ ចង់ទៅចូលរួមជាមួយក្លិប ដែលខ្លួនធ្លាប់ស្រម៉ៃចង់លេងឲ្យកាលពីនៅក្មេងៗ។ និយាយតាមត្រង់ ក្លិបនេះ (រៀលម៉ាឌ្រីដ) ជាក្តីសុបិន្តរបស់ខ្ញុំ តាំងតែពីវ័យកុម៉ា។»
ប៊េល បានចូលរួមជាមួយក្រុមទតិនហេម ក្នុងតម្លៃសរុប ១០លានផោន ក្នុងដំណែងជាខ្សែការពារឆ្វេង បន្ទាប់ពីចាកចេញពីក្រុមសៅហាំតុន (Southampton) កាលពីឆ្នាំ២០០៧ ហើយគាត់បានទាត់បញ្ចូលទីបាន ២៦គ្រាប់កាលពីរដូវកាលមុន និងបានឈ្នះពានរង្វាន់កិត្តិយស ជាប់ជាកីឡាករកំពូលដាច់គេនៅក្របខ័ណ្ឌព្រីមែលីក (Premier League) ផងដែរ។
គាត់បានបន្ថែមថា៖ «ទតិនហេម ជាក្លិបដែលតែងតែស្ថិតក្នុងបេះដូងរបស់ខ្ញុំជានិច្ច ហើយខ្ញុំជឿជាក់ថា រដូវកាលនេះពួកគេប្រាកដជាទទួលបានជោគជ័យ។ ពេលនេះខ្ញុំផ្តោតសំខាន់ទៅលើទំព័រជីវិតថ្មី របស់ខ្ញុំមួយទៀត ក្នុងការលេងឲ្យក្លិបយក្សរបស់អេស្ប៉ាញរៀលម៉ាឌ្រីដ ឲ្យបានលទ្ធផលល្អ នៅក្នុងរដូវកាលនេះ។»
ហ្គារែត ប៊េល ដែលក្លាយជាកីឡាករចំណូលថ្មីទី៥ នៅក្នុងរដូវក្តៅនេះ ក៏បាននិយាយថ្លែងអំណរគុណដល់ក្លិបចាស់របស់គាត់ ទាំងក្រុមសៅហាំតុន និងក្រុមទតិនហេមផងដែរ ដែលបានជួយអភិវឌ្ឍន៏ និងបានហ្វឹកហាត់គាត់បានយ៉ាងល្អក្នុងពេលកន្លងមក។
ប៊េល បាននិយាយថា៖ «បើគ្មានក្លិបទាំងនោះទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ ខ្ញុំសូមថ្លែងអំណរគុណដំបូងគេដល់ក្លិបសៅហាំតុន បន្ទាប់មកក្លិបទតិនហេម។ ខ្ញុំសូមអរគុណ ដល់អ្នកគ្រប់គ្នាទាំងអស់នៅក្នុងក្លិប ម្ចាស់ក្លិប គ្រូបង្វឹក បុគ្គលិក កីឡាករ និងអ្នកគាំទ្រទាំងអស់ ដែលតែងតែផ្តល់ជាការគាំទ្រ និងកម្លាំងចិត្តដ៏ធំធេងដល់រូបខ្ញុំ។ ខ្ញុំនឹងចងចាំអ្នកគ្រប់គ្នា៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ