«រីករាយនៅប៉ារីស» ណីម៉ាចង់មានឈ្មោះក្នុងប្រវត្តិរបស់ក្លឹប
- ដោយ: មនោរម្យ.អាំងហ្វូ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មករា ២០១៨
- កែប្រែចុងក្រោយ: January 31, 2018
- ប្រធានបទ: តារាបាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យចចាមអារាមទាំងនោះ បានផ្ទុះឡើងខ្លាំងក្លា នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសអេស្ប៉ាញ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ចុងក្រោយនេះ។ ពាក្យចចាមអារាម បានលើកឡើងថា កីឡាករ ណីម៉ា (Neymar) ដែលទើបនឹងត្រូវបានផ្ទេរ ពីក្រុមបាសឺឡូន (Barcelone FC) កាលពីរដូវក្ដៅកន្លងទៅ នឹងត្រូវបានក្រុម រៀលម៉ាឌ្រីដ (Real Madrid) ទិញបន្តពីក្រុមប៉ារីស នៅក្នុងតម្លៃដ៏ថ្លៃមួយ (មិនតិចជាង៣០០លានអ៊ឺរ៉ូ បើតាមពាក្យចចាមអារាមនោះ) នារដូវក្ដៅខាងមុខ។
ប៉ុន្តែ នៅយប់ថ្ងៃសៅរ៍កន្លងមក កំពូលតារាបាល់ទាត់ ជាតិប្រេស៊ីលរូបនេះ បានចេញមុខមកបកស្រាយ ដោយផ្ទាល់ នៅចំពោះអ្នកសារព័ត៌មាន បន្ទាប់ពីក្រុមប៉ារីស បានយកជ័យជំនះ នៅក្នុងផ្ទះរបស់ខ្លួន លើក្រុម ម៉ុងពឺលីយ៉េ (Montpellier) ក្នុងពិន្ទុ ៤ ទល់នឹង ០ រួចមក។ ណីម៉ា បានឲ្យដឹងថា ខ្លួនចង់មានឈ្មោះ ចារក្នុងប្រវត្តិសាស្ត្ររបស់ក្រុមប៉ារីស ហើយមានអារម្មណ៍រីករាយណាស់ ជាមួយនឹងមិត្តរួមក្រុម។
កីឡាករ ណីម៉ា បានថ្លែងឡើងថា៖ «នៅទីនេះ ខ្ញុំមានអារម្មណ៍ស្ងប់ស្ងៀម និងរីករាយ ជាមួយមិត្តរួមក្រុម។ ខ្ញុំមកទីនេះ ដើម្បីចារឈ្មោះ ក្នុងប្រវត្តិសាស្ត្រ និងដើម្បីបញ្ចេញថ្វីជើង ទាំងប៉ុន្មានដែលខ្ញុំមាន។»។
ពាក្យចចាមអារាម ថែមទាំងលើកឡើង ពីការអាក់អន់ស្រពន់ចិត្ត រវាងកីឡាករ ណីម៉ា និងខ្សែប្រយុទ្ធចាស់វស្សា របស់ក្រុមប៉ារីស គឺកីឡាករ អេឌីសុន កាវ៉ានី (Edinson Cavani) ទាក់ទងនឹងការទាត់បាល់ពិន័យ ចំងាយ១១ម៉ែត្រ ដែលគេគិតថា កីឡាករទាំងពីរមិនមានគំនិតចុះសម្រុងគ្នា និងដណ្ដើមគ្នាទាត់បាល់ពិន័យនេះ តែរៀងខ្លួន។
កំពូលតារាបាល់ទាត់ បានពន្យល់ តបនឹងការគិតឃើញទាំងនោះថា៖ «ការបំប៉ោងព័ត៌មាននោះ តែងតែកើតមានជានិច្ច។ កាលខ្ញុំនៅជាមួយក្រុមបាសឺឡូន ក៏មានរឿងដូចគ្នាដែរ អ្នកឯងដឹងទាំងអស់គ្នាហើយ ថានៅរៀងរាល់រដូវកាលផ្ទេរកីឡាករម្ដងៗ តែងតែមានការបំប៉ោងព័ត៌មាន ទាក់ទងនឹងរូបខ្ញុំ។ និយាយទៅ វាពិបាកក្នុងការបញ្ជៀស ព័ត៌មានបំប៉ោងទាំងនេះណាស់។ ហើយខ្ញុំក៏រីករាយដែរ។ បានន័យថា ខ្ញុំកំពុងត្រូវបានគេចាប់អារម្មណ៍ នៅគ្រប់កន្លែងទាំងអស់។ កីឡាករដែលមានថ្វីជើង តែងរងនូវព័ត៌មានបំប៉ោង។»។
ការលើកឡើងខាងលើ របស់កីឡាករ ណីម៉ា បានបន្ថែមទំនុកចិត្តច្រើនទៀត សម្រាប់ក្រុមប៉ារីស ពីលើការអះអាងរបស់ លោក ណាសែរ អាល់ឃេឡៃហ្វី (Nasser Al-Khelaïfi) ប្រធានក្រុមប៉ារីស ដែលបានចេញមុខមកបកស្រាយ ចំពោះពាក្យចចាមនោះដែរ។ លោក ណាសែរ បានហៅពាក្យចចាមទាំងនោះ ថាបានធ្វើឡើង ដើម្បីបង្កការ«រង្គោះរង្គើ» សម្រាប់ក្រុមរបស់លោក នៅមុនជំនួបក្រុមប៉ារីស ជាមួយក្រុមរៀលម៉ាឌ្រីត ក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌជើងឯងអ៊ឺរ៉ុប (Champions League) ដែលនឹងមកដល់ ក្នុងប៉ុន្មានសប្ដាហ៍ដ៏ខ្លីខាងមុខ។
ប្រធានក្រុមប៉ារីស បានថ្លែងអះអាងថា៖ «ពួកគេ (ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ - ក្រុមរៀលម៉ាឌ្រីត និងអ្នកគាំទ្រ) ចង់ចាប់ផ្ដើមប្រកួត ពីពេលនេះទៅហើយ។ តែយើងមិនចូល ទៅក្នុងអន្ទាក់នេះទេ។ ណីម៉ា មិនមែនត្រឹមតែ នៅជាមួយក្រុមប៉ារីស ១០០ភាគរយ នៅរដូវកាលខាងមុខនោះទេ តែកីឡាករ នឹងនៅទីនេះ ២០០០ភាគរយ។»៕