ម៉េស៊ូត អូស៊្សីល៖ ខ្ញុំចង់លើកពានឲ្យអាសឺណល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លិបកាំភ្លើងធំ អាសឺណល (Arsenal) បានបំបែកកញ្ចប់ថវិការដ៏ធំរបស់ខ្លួន នៅយប់ថ្ងៃច័ន្ទ ដើម្បីទិញយកខ្សែបម្រើអាឡឺម៉ង់ ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) ពីក្រុម រៀលម៉ាឌ្រីដ (Real Madrid) ដែលជាក្តីសុបិន្តរបស់លោក អាសិង វិងហ្គឺ (Arsene Wenger) បានសម្រេច ក្នុងតម្លៃ ៤២.៥លានផោន (៥០.០៩លានអ៊ឺរ៉ូ, ៦៦.០៥លានដុល្លា)។
កីឡាករខ្សែបម្រើអាឡឺម៉ង់ ម៉េស៊ូត អូស្ស៊ីល ពេលនៅទាត់ឲ្យរៀល ម៉ាឌ្រីដ។ (រូបថត MONOROOM.info)
តម្លៃនេះមានន័យថា អូស្ស៊ីល បានក្លាយជាកីឡាករថ្លៃដាច់គេនៅក្នុងប្រវត្តិសាស្រ្តក្លិប ខណៈដែលកំណត់ត្រាចាស់ អាសឺណលចំណាយអស់ធំបំផុតត្រឹម ១៧.៥លានផោនតែប៉ុណ្ណោះ សម្រាប់កីឡាករ ជូសេ អេនតូនីញ៉ូរ៉េយ៉េស (Jose Antonio Reyes) កាលពីខែមករា ឆ្នាំ២០០៤។ អាសឺណល ក៏បានផ្តល់ឲ្យកីឡាករវ័យ២៤ឆ្នាំ (អូស៊្សីល) នូវថ្លៃឈ្នួលខ្ពស់ដាច់គេដែរ ១៤០ពាន់ផោនក្នុងមួយសប្តាហ៏ និងចុះកិច្ចសន្យារយះពេល៥ឆ្នាំ។
អូស៊្សីល បាននិយាយថា៖ «ពេលនេះខ្ញុំផ្តោតសំខាន់ ទៅលើអនាគតរបស់ខ្ញុំជាមួយអាសឺណល។ ក្នុងការពិភាក្សាជាមួយលោក វិងហ្គឺ ខ្ញុំដឹងពីអ្វីដែលក្លិបធ្លាប់បាត់បង់ ហើយគាត់មានការជឿជាក់ខ្លាំងណាស់លើខ្ញុំ។ ខ្ញុំនឹងប៉ូវសងទៅឲ្យក្លិប និងអ្នកគាំទ្រវិញទាំងអស់ នៅក្នុងការប្រកួតនីមួយៗ។ ខ្ញុំចង់ជួយក្លិបឲ្យឈ្នះពានរង្វាន់នៅរដូវកាលនេះ។»
គ្រូបង្វឹកអាសឺណល លោក អាសិង វិងហ្គឺ បាននិយាយថា៖ «គាត់ជាកីឡាករដ៏អស្ចារ្យ ដែលមានសមត្ថភាពលេងបានល្អទាំងនៅក្នុងក្លិប និងនៅក្នុងក្រុមជម្រើសជាតិ។ ខ្ញុំធ្លាប់បានសំលឹងមើលគាត់យូរណាស់ហើយ ហើយខ្ញុំតែងសង្ឃឹមថា ថ្ងៃណាមួយគាត់នឹងក្លាយជាកីឡាករអាសឺណលម្នាក់។»
គ្រូបង្វឹកសញ្ជាតិបារាំង វ័យ៦៣ឆ្នាំ បានបន្ថែមថា៖ «ខ្ញុំធ្លាប់បាននិយាយរួចមកហើយថា យើងខិតខំខ្លាំងណាស់ ដើម្បីនាំយកកីឡាករកំពូលៗមកកាន់ក្លិប។ អូស្ស៊ីល ជាកីឡាករកំរិតកំពូលម្នាក់ និងជាការបន្ថែមសមាជិកដ៏សំខាន់បំផុតនៅក្នុងក្រុមរបស់យើង។ យើងកំពុងតែទទឹងរងចាំគាត់ មកចូលរួមជាមួយយើង បន្ទាប់ពីគាត់បញ្ចប់ភារកិច្ចក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់។»
អូស៊្សីល ធ្លាប់បាននិយាយបដិសេធថា គាត់មិនចង់ចាកចេញពីកីឡាដ្ឋានបឺណាប៊ូ (Bernabeu) នោះទេ នៅពេលដែលគាត់លឺដំណឹងថា អាសឺណលចាប់អារម្មណ៏ កាលពី១០ថ្ងៃមុន។ ប៉ុន្តែកីឡាករមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ (លេងនៅអាសឺណលដែរ) ផឺ មឺតែសាកឃឺ (Per Mertesacker) ដែលធ្លាប់លេងជាមួយអូស៊្សីល នៅក្លិបប្រេមិន (Bremen) បាននិយាយលួងលោម ធ្វើឲ្យគាត់ផ្លាស់ប្តូរចិត្តបាន។
កីឡាករខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ ក៏បានផ្ញើជាសារលិខិតមួយច្បាប់ដែរ ទៅដល់អ្នកគាំទ្រក្រុមរៀលម៉ាឌ្រីដ ដែលមានអន្ថន័យថា៖ «អរគុណខ្លាំងណាស់ សម្រាប់រយះពេល៣ឆ្នាំដ៏អស្ចារ្យ ជាមួយអ្នកទាំងអស់គ្នា។ ពេលវេលាទាំងអស់នោះ ពិតជាពិសេស និងសំខាន់សម្រាប់ខ្ញុំ។ ប៉ុន្តែពេលខ្លះ ការអភិវឌ្ឍន៏មានការខុសប្លែក ហើយវាមិនដូចអ្វីដែលអ្នករំពឹងទុក។ ខ្ញុំជូនពរឲ្យអ្នកទាំងអស់គ្នា និងក្រុមទទួលបានអ្វីៗល្អបំផុត។ ពេលនេះ ខ្ញុំផ្តោតសំខាន់ទៅលើក្រុមថ្មីរបស់ខ្ញុំ "កាំភ្លើងធំ!"៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ