ហ្វេសប៊ុក ចេញមុខងារថ្មីទៀត អាចចែករំលែកអាល់ប៊ុមរូបថតបាន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពមួយ វាបានបង្កប់នូវអត្ថន័យរាប់ពាន់ពាក្យនៅក្នុងនោះ ហើយពេលនេះហ្វេសប៊ុក (Facebook) នឹងអាចឲ្យអ្នកគ្រប់គ្នា អាចបន្ថែមអត្ថន័យ ពីលើការសន្ទនារបស់អ្នក កាន់តែអស្ចារ្យបន្ថែម ជាមួយនឹងមុនងារថ្មីស្រឡាងមួយទៀត។
ហ្វេសប៊ុក បង្កើតមុខងារថ្មី សម្រាប់ស្ថាប័នរូបថត របស់ខ្លួន។ (រូបថតជំនួស របស់ mashable.com)
ប្រព័ន្ធបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប្រកាសពីតួនាទីថ្មីមួយទៀត កាលពីថ្ងៃច័ន្ទ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចែករំលែក (share) នូវអាល់ប៊ុមរូបថតបាន ហើយមុខងារថ្មីនេះ ក៏អាចឲ្យអ្នកប្រើប្រាស់អាចបន្ថែម រូបភាព ចូលទៅក្នុងអាល់ប៊ុមតែមួយ យ៉ាងងាយស្រួលផងដែរ។
អាល់ប៊ុមមួយ អ្នកអាចចែករំលែកបាន ៥០ដង និងអាចចែករំលែកម្តងៗ បានរូបថត ២០០សន្លឹក។ ការបង្កើតអាល់ប៊ុមថ្មី វាអនុញ្ញាតឲ្យអ្នកធ្វើការជ្រើសរើសនូវគន្លឹះ ដើម្បីធ្វើការអញ្ជើញអ្នកមិត្តភក្តិផ្សេងៗទៀត ចូលមកចែករំលែក ឬបន្ថែមទៅលើអាល់ប៊ុមនោះបាន។ ដោយឡែកបើអ្នកជាអ្នកបង្កើតនូវអាល់ប៊ុមរូបថតនោះ អ្នកអាចមានសិទ្ធគ្រប់គ្រងអាល់ប៊ុមនោះ ទាំងមូលជំនួសមិត្តភក្តិបាន។
គួរបញ្ជាក់ថា កាលពីមុនអ្នកប្រើប្រាស់ អាចត្រឹមតែបញ្ចូលរូបភាពទៅក្នុងអាល់ប៊ុម ដែលបានបង្កើតតែប៉ុណ្ណោះ។ ហើយអាល់ប៊ុមនីមួយៗ កំណត់រូបថតត្រឹម ១០០០សន្លឹក។
តួនាទីចែករំលែកអាល់ប៊ុមថ្មីនេះ មានគន្លឹះ (settings) ៣យ៉ាង៖ សាធារណៈ (public), ឲ្យមិត្តភក្តិរបស់អ្នកឃើញ (friends of contributors) និងអ្នកឃើញតែម្នាក់ឯង (contributors only)។ កត្តាទាំងនោះវាជួយឲ្យអ្នកបង្កើតអាល់ប៊ុម អាចត្រួតពិនិត្យបានថា តើអ្នកណាបានចូលទៅកាន់ក្រុមនៃរូបថតទាំងអស់នោះ។ លោក បប់ បែដវីន (Bob Baldwin) វិស្វករខាងកម្មវិធី នៅក្នុងក្រុមហ៊ុនហ្វេសប៊ុកបាននិយាយ។
ការចែករំលែករូបថតលក្ខណៈអាល់ប៊ុមនេះ វាមានសារសំខាន់សម្រាប់ព្រឹត្តិការណ៏នានាជាក្រុមដូចជា៖ ដំណើរកំសាន្ត អាពារហ៏ពិពារហ៏ ពិធីជប់លៀង ឬពិធីជួបជុំគ្រួសារជាដើម។
ទោះជាយ៉ាងណា សម្រាប់នៅលើទូរស័ព្ទដៃ ក្រុមហ៊ុនពុំទាន់បង្កើតនៅឡើយទេ ប៉ុន្តែពួកគេសន្យាថា នឹងធ្វើការអភិវឌ្ឍន៏បន្ថែមនៅលើទូរស័ព្ទដៃវ៉ៃឆ្លាត ក្នុងពេលឆាប់ៗខាងមុខ។
សម្រាប់ប្រិយមិត្តវិញ តើមានឃើញប៊ូតុងចុចចែករំលែកអាល់ប៊ុមរួបថតហើយ ឬនៅ? បើពុំទាន់ឃើញទេ សូមធ្វើតាមការណែនាំខ្លីៗ ដូចតទៅ៖ ចុចលើឈ្មោះរបស់អ្នក - ចុចលើពាក្យហ្វូតូ (Photos) នៅផ្នែកខាងលើ - ចុចលើពាក្យអាល់ប៊ុម (Albums) នៅផ្នែកខាងលើដែរ - បន្ទាប់មកចុចលើអាល់ប៊ុមរូបថតរបស់អ្នកណាមួយ នោះវានឹងមានពាក្យស្សៀ (Share) នៅខាងក្រោម៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ