មេ​ដឹកនាំ​វៀតណាម អបអរ​សាទរ ហ៊ុន សែន - ហេង សំរិន

មេដឹកនាំ នៃបណ្ដាប្រទេសមួយចំនួន ជាពិសេសប្រទេសកុម្មុយនីស្ដិ៍ វៀតណាម បានផ្ញើរសារ​អបអរលោក ហ៊ុន សែន និងលោក ហេង សំរិន ដែលត្រូវបាន «ជ្រើសតាំង» សារជាថ្មី ធ្វើជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល និងប្រធានរដ្ឋសភាកម្ពុជា។
មេ​ដឹកនាំ​វៀតណាម អបអរ​សាទរ ហ៊ុន សែន - ហេង សំរិន
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្ត្រី​វៀតណាម។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 08, 2018
  • ប្រធានបទ: ខ្មែរយួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីរដ្ឋសភានីតិកាលទី៦ និងរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ត្រូវបានប្រកាស ឲ្យចេញជារូបរាងរួច បណ្ដាប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេសកុម្មុយនីស្ដិ៍ មានចិន និងវៀតណាមជាដើម បានសំដែងការអបអររបស់ផងខ្លួន ចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលប្រទេសទាំងនោះ អះអាងថា ត្រូវបានជ្រើសតាំងឡើងវិញ ចេញពីការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានភាព​«សេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រជាធិបតេយ្យ»។

ទីភ្នាក់ងារផ្លូវការ «VNA» របស់ប្រទេសកុម្មុយនីស្ដិ៍ បានរាយការណ៍ថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុនហ្វុក (Nguyễn Xuân Phúc) និងប្រធានសភាវៀតណាម លោក ង្វៀន ធីគីមង្វាន (Nguyên Thi Kim Ngân) បានផ្ញើរលិខិតពីរផ្សេងគ្នា តែមានអត្ថន័យប្រហាក់ប្រហែលគ្នា ជូនមេដឹកនាំខ្មែរ ដោយអះអាងថា ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជាតិ កាលពីចុងខែកក្កដា បានបង្ហាញពី «ការជឿទុកចិត្ត» ពីសំណាក់ប្រទេសជាតិ និងប្រជាជនកម្ពុជា ចំពោះគណបក្សនេះ ដែលបានកាន់អំណាច រាប់ចាប់តាំងពីឆ្នាំ ១៩៧៩មក។

«ពង្រឹង និងពង្រីក»

មេដឹកនាំវៀតណាមទាំងពីរ បានបង្ហាញជំនឿ «យ៉ាងមុតមាំ» ថា ប្រទេសកម្ពុជានឹងបន្តថែរក្សា «សន្តិភាព ឯករាជ្យភាព អព្យាក្រឹត្យភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿង» ជាមួយនឹង «ស្ថានភាពរស់នៅ កាន់តែល្អប្រសើរ»។

លោក «ង្វៀន» ទាំងពីរ នៅបានសម្តែង ការជឿជាក់​បន្ថែមថា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ពេញលេញ​និងយូរអង្វែង រវាងវៀតណាម និងកម្ពុជា នឹងត្រូវបាន «ពង្រឹង និងពង្រីក» ដើម្បីជាប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បី​«សន្តិភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅអាស៊ីអាគ្នេយ៍ និងនៅទូទាំងពិភពលោក»។

ក្នុងថ្ងៃដដែលនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក ផាម ប៊ិញមិញ (Pham Binh Minh) ក៏បានផ្ញើរសំបុត្រដោយឡែកមួយទៀត ដើម្បីអបអរសារទរសមភាគីកម្ពុជា លោក ប្រាក់ សុខុន ដែរ។ លោក ប្រាក់ សុខុន ដែលនៅក្នុងអាណត្តិថ្មីនេះ មិនត្រឹមតែនៅជារដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិដដែលទេ តែមនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ថែមទាំងត្រូវបានតម្លើង ឲ្យមានឋានៈជា ឧបនាយករដ្ឋមន្ត្រី ដូចមន្ត្រីរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀតផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...