IRI៖ ពលរដ្ឋកម្ពុជាចង់ឃើញ «ប្រទេសមានការផ្លាស់ប្តូរ»
នៅពេលដែលដំណោះស្រាយភាពតានតាំង នៃវិបត្តិនយោបាយកម្ពុជា នៅតែមិនទាន់មានពន្លឺនៅឡើយនោះ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់អាមេរិកបានចេញរបាយការណ៍មួយ ចូលមកបន្ថែមគ្រឿងផ្សំរបស់ខ្លួន ដាក់ឲ្យវិបត្តិនេះកាន់តែមានទម្ងន់ធ្ងន់ឡើងថែមទៀត។ របាយការណ៍នៃការស្ទង់មតិ ដែលចេញផ្សាយ នៅថ្ងៃទី២៤ ខែមករានេះ នឹងមិនធ្វើឲ្យរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីចាស់វស្សា លោក ហ៊ុន សែន សប្បាយចិត្តប៉ុន្មានឡើយ។
រូបភាពមួយ ដែលថតចម្លងចេញពីរបាយការណ៍ របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។
នយោបាយកម្ពុជា - វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់សហរដ្ឋអាមេរិកហៅកាត់ថា អាយអ័រអាយ (IRI) បានចេញរបាយការណ៍ចុងក្រោយមួយ អំពីលទ្ធផលនៃការស្ទង់មតិពលរដ្ឋកម្ពុជា ដោយរកឃើញថា ពលរដ្ឋកម្ពុជាភាគច្រើន ដែលធ្លាប់គិតថាប្រទេសកម្ពុជាដើរលើផ្លូវត្រូវនោះ មានចំនួនថយចុះ។ ការស្ទង់មតិចុងក្រោយនេះ ក៏បានរកឃើញថា កត្តាសំខាន់បំផុតក្នុងការសម្រេចថា បោះឆ្នោតឲ្យគណបក្សណាមួយ នៅក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣កន្លងទៅនេះ អ្នកបោះឆ្នោតភាគច្រើនបានឆ្លើយថា «ប្រទេសកម្ពុជាត្រូវមានការផ្លាស់ប្តូរ»។
វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ក្នុងរបាយការណ៍ស្ទង់មតិ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះ បានបង្ហាញថា ការស្ទង់មតិ នៅខែមករា ឆ្នាំ២០១៣ រកឃើញថា អ្នកដែលគិតថា ប្រទេសកម្ពុជាដើរលើផ្លូវត្រូវ មានចំនួន ៧៩% ប៉ុន្តែការស្ទង់មតិនៅខែវិឆ្ឆិកា ឆ្នាំ២០១៣ ដដែលនោះ ពោលក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តខែកក្កដារួច រកឃើញថា ប្រទេសកម្ពុជាដើរលើផ្លូវត្រូវ មានការថយមកត្រឹម៥៥%វិញ។
ជុំវិញការចេញផ្សាយរបាយការណ៍របស់ IRI ក្រោយការបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០១៣ នេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើការចេញផ្សាយរបាយការណ៍ របស់ IRI កាលពីក្រោយការបោះឆ្នោត អាណត្តិទី៤ ឆ្នាំ២០០៨ រកឃើញថា ពលរដ្ឋកម្ពុជា ៨២% យល់ថា ប្រទេសកម្ពុជាដើរលើផ្លូវត្រូវ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបាន៩០អាសនៈ។ កាលណោះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានទទួលស្គាល់ និងសាទរ ការស្ទង់មតិរបស់ IRI នេះ។
ដោយឡែក សម្រាប់របាយការណ៍ស្ទង់មតិរបស់ IRI ក្នុងអាណត្តិទី៥ ឆ្នាំ២០១៣ នេះ មជ្ឈដ្ឋានទូទៅប្រាកដជាលើកឡើងថា តើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងទទួលស្គាល់ ឬសាទរ ការស្ទង់មតិរបស់ IRI ជាបន្តទៀត ឬយ៉ាងណា? មានចម្ងល់ ក៏ព្រោះតែ ក្រោយការបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០១៣ នេះ គណបក្សប្រជាជនកម្ពុជា បានថយចុះចំនួនអាសនៈពី៩០ មកត្រឹម៦៨ អាសនៈប៉ុណ្ណោះ ខណៈគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បដិសេធមិនទទួលយក៥៥អាសនៈ។ ជាពិសេសទៅទៀត នៅក្រោយការបោះឆ្នោត ប្រទេសកម្ពុជាបានកំពុងធ្លាក់ ទៅក្នុងវិបត្តិនយោបាយដោះស្រាយមិនចេញ និងការផ្ទុះបាតុកម្មជាហូហែរ ពីសំណាក់ក្រុមពលរដ្ឋប្រឆាំង រហូតដល់មានការបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងរបស់អាជ្ញាធរ គ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
ជុំវិញករណីនេះ លោក ប៉ិច ពិសី នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា បានពន្យល់ថា លទ្ធផលដែល IRI ចេញផ្សាយ គឺជាការឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាពលរដ្ឋ ហើយក៏បានបង្ហាញឲ្យឃើញពីចំណុចខ្វះខាត របស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ នាយកកម្មវិធីរូបនេះបញ្ជាក់ថា៖ «ការទាមទាររបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ដែលរដ្ឋាភិបាលមិនអាចព្រងើយកន្តើយបានទេ ហើយដើម្បីជំរុញឲ្យប្រទេសរបស់យើង ដំណើរការទៅមុខបានល្អ គឺការបែងចែកអំណាចឲ្យបានច្បាស់លាស់៖ ទី១. តុលាការឯករាជ្យ ដែលអាចជឿជាក់ពីប្រជាពលរដ្ឋ ទី២. សភាដែលអាចសួរដេញដោលរដ្ឋាភិបាល និងទី៣. គឺរដ្ឋាភិបាល ដោយមិនអាចឲ្យអំណាចនយោបាយ ឬបុគ្គណាមួយរំលោភប្រព័ន្ធណាមួយបានទេ៕»
របាយការណ៍នៃការស្ទង់មតិនោះ អាចរកអានបានជាភាសាអង់គ្លេស នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ដោយចុុចនៅលើទីនេះ។
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤