នាយទាហានរ៉ូស្ស៊ីម្នាក់ ប្រកាសចិញ្ច្រាំសាច់មេដឹកនាំប្រឆាំង ឲ្យដូចសាច់គោចិញ្ច្រាំចំហុយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 18, 2018
- ប្រធានបទ: នយោបាយរ៉ុស្ស៊ី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំសន្យាថា នឹងចិញ្ច្រាំសាច់អ្នកឯង ឲ្យដូចជាសាច់គោចិញ្ច្រាំចំហុយ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ» នេះ ជាសំដីអះអាងឡើង របស់ឧត្ដមសេនីយ៍ស្និតប្រធានាធិបតីរ៉ុស្ស៊ី គឺលោក «Viktor Zolotov» នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីសប្ដាហ៍មុន ដើម្បីបបួលមេដឹកនាំប្រឆាំង ដ៏សំខាន់ របស់ប្រទេសរ៉ុស្ស៊ី លោក «Alexeï Navalny» ឲ្យចូលមកប្រកួត «មួយទល់នឹងមួយ» ជាមួយលោក។
លោក «Viktor Zolotov» អតីតភ្នាក់ងារសម្ងាត់ «KGB» និងជាអតីតអង្គរក្ស ក្នុងទសវត្សរ៍ឆ្នាំ៩០ របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានបន្តថា៖ «មកដល់ពេលនេះ គ្មាននរណាម្នាក់ បានឲ្យមេរៀន ដែលស័ក្ដិសម និងដ៏ម៉ឺងម៉ាត់ រហូតដល់អ្នកឯងឈ្ងៀមថ្លើមនោះទេ»។
ឧត្ដមសេនីយ៍រូបនេះ ដែលជាមេបញ្ជាការ នៃកងទាហានឆ្មាំជាតិរ៉ុស្ស៊ី ប្រមាណជា ៤០០ ០០០នាក់ ដែលជាកងពលដាច់ដោយឡែក ពីកងទ័ពរ៉ុស្ស៊ី តែស្ថិតនៅក្រោមបញ្ជា របស់ប្រធានាធិបតី បានលើកឡើងថា៖ «ចំពោះរូបខ្ញុំ អ្នកឯងបានលើកឡើង ជាការវាយប្រហារ និងបំភ្លៃលាបពណ៌។ នៅក្នុងយោធា វាជារឿងដែលមិនត្រូវអត់ឱនឲ្យ ដោយងាយស្រួលឡើយ»។
លោកមេបញ្ជាការ អាយុ៦៤ឆ្នាំ បានពន្យល់ថា តាំងពីច្រើនសតវត្សរ៍មកហើយ ដែលជនរងគ្រោះនឹងការវាយប្រហារ ឬការលាបពណ៌ បានបបួលជនដែលវាយប្រហារ ឬលាបពណ៌ ឲ្យចូលមកដោះស្រាយគ្នា ដោយការប្រកួតមួយទល់នឹងមួយ។ លោកថា៖ «សូមកុំឲ្យនរណាម្នាក់ ចូលមកលូកលាន់ សូម្បីតែផ្នែកណាមួយ នៃប្រពៃណីប្រកួត មួយទល់នឹងមួយ ដ៏ល្អនេះឲ្យសោះ»។
កាលពីចុងខែកន្លងទៅ លោក «Alexeï Navalny» បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញចែករំលែកវីដេអូ «Youtube» នូវសារមួយ ដែលលោកថ្លែងទៅកាន់ពលទាហានទាំងឡាយ ថា «យើង (គណបក្សប្រឆាំងរ៉ុស្ស៊ី) បានប្រយុទ្ធតស៊ូ ដើម្បីផលប្រយោជន៍ របស់លោកអ្នកទាំងអស់» ហើយ «យើងនឹងការពារលោកអ្នក ពីអំណាចដឹកនាំ និងពីក្រុមមេបញ្ជាការ ដែលពុករលួយ»។
នៅក្នុងវីដេអូ ដែលមានមនុស្សចូលទស្សនា មិនតិចជាង២លានដងនោះ មេដឹកនាំប្រឆាំង បានចោទដោយចំឈ្មោះ លោក «Viktor Zolotov» ថាបានរកចំណូល ដាក់ហិបប្រាក់ផ្ទាល់ខ្លួន ពីការតម្លើងតម្លៃដ៏ខ្ពស់ នៅក្នុងវិក័យប័ត្រទិញផលិតផលចំណីអាហារ។ លោក «Alexeï Navalny» អះអាងថា លោកមេបញ្ជាការរូបនេះ មានប្រាក់យ៉ាងសម្បើម ហើយក្រុមគ្រួសាររបស់លោក មានដីធ្លីផ្ទះសម្បែងដ៏ស្កឹមស្កៃ ជាច្រើនកន្លែង។
គួបញ្ជាក់ដែរថា លោក «Alexeï Navalny» ទើបនឹងត្រូវបានដោះលែង ចេញពីពន្ធនាគារ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនដាក់ឃុំ រយៈពេល៣០ថ្ងៃ ពីបទរៀបចំបាតុកម្ម ដោយគ្មានការអនុញ្ញាត កាលពីខែមករា ដើមឆ្នាំ២០១៨ ដើម្បីជំទាស់ និងអំពាវនាវឲ្យធ្វើពិហិការ កាបោះឆ្នោតជ្រើសតាំងប្រធានាធិបតីរ៉ុស្ស៊ី ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៨ ខែមីនាកន្លងមក។
សាកសួរដោយអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង (រដ្ឋាភិបាលរ៉ុស្ស៊ី) លោក «Dmitri Peskov» បានបដិសេធមិនថ្កោលទោស ចំពោះការលើកឡើង របស់លោក «Viktor Zolotov» ទេ។ ផ្ទុយទៅវិញ អ្នកនាំពាក្យបានការពារការថ្លែង របស់លោកមេបញ្ជាការថា៖ «ពេលខ្លះ នៅចំពោះការលាបពណ៌ ដែលគ្មានមូលដ្ឋាន គេត្រូវប្រយុទ្ធតាមរបៀបគាត់ (Viktor Zolotov)»៕