ភេរវកម្មនៅបាសឺឡូន៖ ប្រតិកម្មផ្ទុះឡើងផ្អៀងពិភពលោក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ សីហា ២០១៧
- កែប្រែចុងក្រោយ: August 18, 2017
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំបូងគេ គឺប្រតិកម្មភ្លាមៗ ចេញពីរដ្ឋាភិបាល និងពីព្រះបរមរាជវាំង របស់ព្រះរាជាណាចក្រអេស្ប៉ាញ។ លោក ម៉ារីយ៉ាណូ រ៉ាហូយ (Mariano Rajoy) នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានសរសេរនៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «ពួកភេរវជន នឹងមិនមានជ័យជំនៈដាច់ខាត ពីលើប្រជាជនមួយ ដែលស្រឡាញ់សេរីភាព នៅចំពោះភាពសហាវព្រៃផ្សៃ»។ ខណៈព្រះរាជាអេស្ប៉ាញ ព្រះបាទ ហ្វីលីពទី៦ (Felipe VI) បានបញ្ចេញព្រះរាជឱង្ការ តាមរយៈព្រះបរមរាជវាំងថា៖ «ពួកវានឹងមិនធ្វើឲ្យយើង ភ័យញាប់ញ័រអ្វីឡើយ។ ប្រទេសអេស្ប៉ាញទាំងមូល គឺជាក្រុងបាសឺឡូនតែមួយ។ មហាវិថី "Ramblas" នឹងក្លាយជាមហាវិថី របស់យើងទាំងអស់គ្នា ជាថ្មីទៀត។»។
បារាំង
បន្ទាប់មកប្រទេសបារាំង ដែលជាប់ជិតខាងបំផុត របស់អេស្ប៉ាញ ក៏បានសំដែងសមានចិត្ត តាមរយៈប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចំពោះហេតុការណ៍ដ៏រន្ធត់ខាងលើ ដែលប្រទេសបារាំងខ្លួនឯង ធ្លាប់ជួបរួចមកហើយ។ លោក ម៉ាក្រុង បានសរសេរបង្ហាញ ពី«សាមគ្គីភាពរបស់ប្រទេសបារាំង ចំពោះជនរងគ្រោះ នៅក្នុងការវាយប្រហារដ៏រង្គាល ក្នុងទីក្រុងបាសឺឡូន»។ លោកបន្តថា៖ «យើងមានស្មារតីរួមរួប និងជំហរច្បាស់លាស់»។
ប៊ែលហ្សិក
ព្រះរាជាណាចក្រ ប៊ែលហ្សិក ដែលរងគ្រោះដោយភេរវកម្មច្រើនលើក បានចូលរួមរំលែកទុក្ខ ទៅដល់ជនរងគ្រោះ និងបានបញ្ជាក់តាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួន លោក ឆាល មីឆែល (Charles Michel) នៅលើទំព័រទ្វីសធើរដែរថា៖ «គ្មានទង្វើសាហាវយង់ឃ្នងណាមួយ អាចធ្វើឲ្យរំសាយកម្លាំង និងប្រព័ន្ធដ៏រឹងមាំ នៃសម្ព័ន្ធភាពរបស់យើងបានឡើយ»។
អាល្លឺម៉ង់
«ការវាយប្រហារ ដ៏គឃ្លើន និងកំសាក» នេះ បើតាមរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានថ្លែង បរិហារទង្វើភេរវកម្មខាងលើ។ លោក ស្ដេហ្វេន ស៊ីប៊ែរ (Steffen Seibert) អ្នកនាំពាក្យរបស់អ្នកស្រី អង់ជឺឡា ម៉ែរគែល (Angela Merkel) អធិការបតីនៃប្រទេសអាល្លឺម៉ង បានសរសេរឡើងថា៖ «អារម្មណ៍ដ៏ក្រៀមក្រំ របស់យើង នៅជាមួយជនរងគ្រោះ នៃការវាយប្រហារ ដ៏គឃ្លើន និងកំសាក នៅក្រុងបាសឺឡូន - ដោយសាមគ្គីភាព និងមិត្តភាព នៅជាមួយប្រជាជនអេស្ប៉ាញ»។
អង់គ្លេស
រីឯប្រទេសអង់គ្លេស ដែលទើបឆ្លងផុត ព្រឹត្តិការណ៍បើករថយន្ដបុកមនុស្ស នៅលើស្ពានកណ្ដាលរាជធានីរបស់ខ្លួន កាលពីប៉ុន្មានខែចុងក្រោយនោះ បានបង្ហាញ «ជំហរសាមគ្គីភាព» ជាមួយប្រទេសអេស្ប៉ាញ ដើម្បីប្រឆាំងនឹងភេរវនិយម។ នេះ ជាប្រតិកម្មរបស់អ្នកស្រី ថេរីសា ម៉េ (Theresa May) នាយករដ្ឋមន្ត្រីរបស់ចក្រភព នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយក្នុងយប់ថ្ងៃដដែល។ អ្នកស្រីបានសរសេរថា៖ «អារម្មណ៍របស់ខ្ញុំ ស្ថិតនៅជាមួយជនរងគ្រោះ ចេញពីការវាយប្រហារដ៏រន្ធត់ កើតឡើងនៅថ្ងៃនេះ ក្នុងក្រុង បាសឺឡូន និងស្ថិតនៅជាមួយក្រុមជួយសង្គ្រោះ ដើម្បីឆ្លើយតប ទៅនឹងហេតុការណ៍ ដែលកំពុងកើតឡើងនេះ»។
អ៊ីតាលី
សម្រាប់លោក ប៉ាវឡូ ហ្សង់ទីឡូនី (Paolo Gentiloni) នាយករដ្ឋមន្ត្រី របស់ប្រទេសអ៊ីតាលីវិញ បានសរសេរថា៖ «បាសឺឡូនដ៏ស្រស់ស្អាត និងជាមិត្តភ័ក្រ បានរងការវាយប្រហារហើយ។ ប្រទេសអ៊ីតាលី នៅជិតជាប់ជានិច្ច ជាមួយអាជ្ញាធរតំបន់ និងអាជ្ញាធរអេស្ប៉ាញ។»។ ខណៈសម្ដេចសង្ឃកាតូលីក ហ្វ្រង់ស័រ (François 1) បានថ្លែងចេញពីបូរីវ៉ាទីកង់ (Vatican - រដ្ឋតូចមួយ ស្ថិតនៅកណ្ដាលរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី) បានសំដែង «ការព្រួយបារម្ភដ៏ធំធេង» និង«ការនៅជិតប្រជាជនអេស្ប៉ាញ» ពីសំណាក់ព្រះអង្គ នៅចំពោះហេតុការណ៍នេះ។
អាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងតាមរយៈ ទំព័រទ្វីសធើររបស់លោក ផ្ដល់ភាពក្លាហាន និងភាពរឹងប៉ឹង ជូនទៅប្រទេសអេស្ប៉ាញ ដែលទើបធ្លាក់ខ្លួន រងគ្រោះជាលើកដំបូង នូវហេតុការណ៍បើករថយន្ដបុកមនុស្ស យ៉ាងដូច្នេះ។ លោកសរសេរថា៖ «សហរដ្ឋអាមេរិក ថ្កោលទោស ការវាយប្រហារភេរវកម្ម នៅក្រុង បាសឺឡូន (ប្រទេសអេស្ប៉ាញ) ហើយ(សហរដ្ឋអាមេរិក)នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីជួយប្រទេសនេះ។ សូមក្លាហាន និងរឹងប៉ឹងឡើង! បេះដូងរបស់យើង នៅជាមួយអ្នក!»។
រ៉ូស្ស៊ី
បន្ទាប់ពីបានវាយតម្លៃ អំពើភេរវកម្មខាងលើ ថាជា«ឧក្រិដ្ឋកម្មដ៏សាហាវ និងឥតអៀនខ្មាស»រួច ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានអំពាវនាវឲ្យរួមគ្នា ប្រឆាំងកម្លាំងភេរវនិយម។ នៅក្នុងទូរសារមួយ ផ្ញើរទៅថ្វាយព្រះរាជាអេស្ប៉ាញ នៅក្នុងយប់នេះ លោក ពូទីន បានសរសេរថា៖ «អ្វីដែលបានកើតឡើង អះអាងបន្ថែមទៀត ពីភាពចាំបាច់ នៃរួបរួមគ្នាដ៏ពិតប្រាកដមួយ ពីសំណាក់ការខិតខំ របស់ពិភពលោកទាំងមូល ក្នុងការប្រយុទ្ធ ដោយគ្មានការរារែក ប្រឆាំងនឹងកម្លាំងភេរវនិយម»។
ជប៉ុន
ដោយឡែក ប្រតិកម្មរបស់បណ្ដាមេដឹកនាំ នៅក្នុងទ្វីបអាស៊ី និងទ្វីបអូសេអានី (អូស្ត្រាលី ញូហ្សេឡែន...) មិនទាន់ឃើញធ្លាក់មកដល់ នៅឡើយ ដោយទំនងជាបណ្ដាល មកពីវេលាយប់ជ្រៅ ក្នុងពេលកំពុងស្រាវជ្រាវ និងសរសេរអត្ថបទនេះ។
លើកលែងតែរដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) ដែលកំពុងមានវត្តមាន នៅរដ្ឋធានីវ៉ាស៊ីតោន សហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយសមភាគីរបស់លោក នៅទីនោះ ថាលោកសូមសំដែង សមានចិត្តដ៏ក្រៀមក្រំ ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ។ លោកបន្តថា៖ «នៅក្នុងរយៈពេល ដ៏ពិបាកនេះ ខ្ញុំចង់ថ្លែង ទៅកាន់ប្រទេសអេស្ប៉ាញ នូវសាមគ្គីភាពរបស់យើង (ប្រទេសជប៉ុន)»។
អ.ស.ប
ចំពោះអគ្គលេខាអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតែរ៉េស (Antonio Guterres) បានថ្លែងថ្កោលទោស ចំពោះអំពើភេរវកម្ម និងបានបង្ហាញ ពី«មរណទុក្ខដ៏ជ្រាលជ្រៅបំផុត» ចំពោះក្រុមគ្រួសារ នៃជនរងគ្រោះដល់ជីវិត និងចំពោះរដ្ឋាភិបាល ព្រមទាំងប្រជាជនអេស្ប៉ាញ។ លោកបានជូនពរ ឲ្យជនរងរបួស ឆាប់ជាសះ ហើយសំដែងក្ដីសង្ឃឹមថា ជនទទួលខុសត្រូវក្នុងភេរវកម្ម នឹងត្រូវយកមកកាត់ទោស នៅក្នុងប្រព័ន្ធតុលាការ។
លោក អង់តូនីញ៉ូ ហ្គូតែរ៉េស ក៏បានអះអាងដែរ ពីសាមគ្គីភាព របស់អង្គការសហប្រជាជាតិ ជាមួយនឹងរដ្ឋាភិបាលអេស្ប៉ាញ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវនិយម និងអំពើហិង្សា ដែលបង្កឡើង ដោយក្រុមជ្រុលនិយម។
សហភាពអ៊ឺរ៉ុប និងអង្គការណាតូ
«ខ្ញុំសូមសំដែលភាពក្ដុកក្ដួល ដ៏ជ្រាលជ្រៅ ជូនទៅក្រុមគ្រួសារ និងញាតិមិត្តរបស់ជនរងគ្រោះ ជូនទៅលោក ម៉ារីយ៉ាណូ រ៉ាហូយ (នាយករដ្ឋមន្ត្រីអេស្ប៉ាញ) និងជូនទៅពលរដ្ឋអេស្ប៉ាញទាំងអស់» នេះ ជាសំណេររបស់លោក ហ្សង់ ក្លូដ ជុងគើរ (Jean-Claude Juncker) ប្រធានគណៈកម្មការអ៊ឺរ៉ុប របស់សហភាពអ៊ឺរ៉ុប ប្រហាក់ប្រហែល នឹងសំណេររបស់លោក ហ្សង់ ស្ដូតេនប៊ែរ (Jens Stoltenberg) អគ្គលេខាធិការ របស់អង្គការសន្ធិសញ្ញា នៃសម្ព័ន្ធភាពអាត្លង់ទីកខាងជើង (ហៅកាត់ថា NATO ឬ OTAN) ដែរ។ តែលោក ហ្សង់ ស្តូតេនប៊ែរ បានសង្កត់ធ្ងន់ថា៖ «យើងមានស្មារតីរួបរួម នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងភេរវនិយម»៕