សម រង្ស៊ី បបួល ហ៊ុន សែន ពន្យា​ពេល​ថ្ងៃ​បោះឆ្នោត​ជាតិ

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបបួលលោកនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ ឲ្យលើកថ្ងៃបោះឆ្នោតជាតិ រហូតលុះត្រាមានការធានាថា ការបោះឆ្នោតនោះ អាចបំពេញបាន តាមបទដ្ឋានអន្តរជាតិ ជាអប្បបរមា។
សម រង្ស៊ី បបួល ហ៊ុន សែន ពន្យា​ពេល​ថ្ងៃ​បោះឆ្នោត​ជាតិ
លោក សម រង្ស៊ី អោនខ្សឹបដាក់ត្រជៀកលោក ហ៊ុន សែន នៅក្នុងអង្គប្រជុំមួយ នាវិមានរដ្ឋសភាជាតិកម្ពុជា។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ មករា ២០១៨
  • កែប្រែចុងក្រោយ: January 17, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាសញ្ញាណ នៃការខិតទៅជួបជជែកគ្នាដំបូង បន្ទាប់ពីវិបត្តិនយោបាយ អស់រយៈពេលជាច្រើនខែមកនេះឬ? លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅមុននេះបន្តិច ថាលោកចង់បបួលលោក ហ៊ុន សែន ឲ្យលើកថ្ងៃបោះឆ្នោតជាតិ ខាងមុខ។

លោក សម រង្ស៊ី បានសរសេរ នៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ឡើងថា៖ «ខ្ញុំចង់ធ្វើសំណើនេះ ទៅលោក ហ៊ុន សែន គឺសូមពន្យារពេលការបោះឆ្នោតជាតិ ក្នុងពេលខាងមុខនេះ រហូតលុះត្រាយើងទាំងអស់គ្នា អាចធានាបានថា ការបោះឆ្នោតនោះ អាចបំពេញតាមបទដ្ឋានអន្តរជាតិ ជាអប្បបរមា»។

មេដឹកនាំប្រឆាំង ដែលកំពុងមានវត្តមាន នៅក្រៅប្រទេសរូបនេះ បានពន្យល់ថា ការពន្យាពេលបោះឆ្នោតនេះ នឹងជៀសវាងបានទាំងស្រុង នូវអំពើហិង្សានយោបាយ និងបញ្ជៀសកម្ពុជា កុំឲ្យក្លាយជារដ្ឋឯកោ ឬរដ្ឋដែលស្ថិតនៅក្រៅសហគមន៍អន្តរជាតិ (Pariah state)។

គេនឹងរង់ចាំមើលប្រតិកម្ម ពីសំណាក់លោក ហ៊ុន សែន ឬពីសំណាក់រដ្ឋាភិបាលកម្ពុជា នៅក្នុងម៉ោង ឬថ្ងៃខាងមុខ ជុំវិញសំណើរនយោបាយថ្មី របស់លោក សម រង្ស៊ី ខាងលើ។

វិបត្តិនយោបាយ ដែលបានឡើងកម្ដៅខ្លាំង រាប់ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលនោះមក បានបង្កឲ្យមានប្រតិកម្មខ្លាំងក្លា ពីសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ សហភាពអ៊ឺរ៉ុប និងអង្គការអន្តរជាតិធំៗជាច្រើន។ បណ្ដាប្រទេសជាច្រើន នៅបស្ចឹមលោកបានព្រមាន មិនទទួលស្គាល់ការបោះឆ្នោតទាំងឡាយ ឬលទ្ធផលនៃការបោះឆ្នោតណា ដែលគ្មានវត្តមានចូលរួម របស់គណបក្សប្រឆាំង ដ៏សំខាន់ជាងគេនោះឡើយ។

ដើម្បីបង្ហាញពីជំហរដ៏មុតមាំ របស់ផងខ្លួននេះ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានសម្រេច​ផ្អាក​ជំ​នួយ ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​​(ហៅកាត់ថា គ.ជ.ប) ដោយលើក​យកភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ​ក្នុងឆ្នាំខាងមុខ មកធ្វើជាអំណះអំណាង។ ការប្រកាសផ្ដាច់ជំនួយនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃ/សប្ដាហ៍ ក្រោយចំណាត់ការ របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ និងហាមមន្ត្រីគ្រាក់ៗ ចំនួន១១៨នាក់ របស់គណបក្សនេះ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ។

ប៉ុន្តែកាលពីពាក់កណ្ដាលខែឆ្នូ ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រកាសរួចជាស្រេចថា កម្ពុជាមិន​តម្រូវ​ ឲ្យ​មាន​ការទទួលស្គាល់ ពីភាពស្របច្បាប់ នៃការបោះឆ្នោតនៅកម្ពុជា ដោយប្រធានាធិបតីនៃប្រទេសដទៃ ឬដោយអគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិនោះទេ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ច្បាប់រដ្ឋ​ធម្ម​នុញ្ញា នៅ​កម្ពុជា​មិន​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា ​ពី​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ឬ​ប្រធា​នា​ធិ​ប​តី​ប្រ​ទេស​ដ​ទៃ ទើ​ប​ហៅ​ការ​បោះ​ឆ្នោត​ (នោះទេ) ប្រ​ជាជន​កម្ពុជា​ចូល​រួម​ការ​បោះ​ឆ្នោត ​គឺ​គ្រប់​គ្រាន់។ ​(ហើយ​) រាជ​រដ្ឋា​ភិ​បាល​ ក៏​មាន​ទុន​គ្រប់​គ្រាន់​សម្រាប់​ការ​បោះ​ឆ្នោត(ដែរ)។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...