ISIS ទទួលស្គាល់ភេរវកម្មបើករថយន្ដបុកមនុស្ស នៅប៊ែរឡាំង
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២០ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 20, 2016
- ប្រធានបទ: ភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅល្ងាចថ្ងៃអង្គារទី២០ ខែធ្នូនេះ (ម៉ោងនៅអ៊ឺរ៉ុបខាងលិច) ទីភ្នាក់ងារឃោសនា «Amaq» ឲ្យចលនាភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានធ្វើសេចក្ដីប្រកាសមួយ ទទួលស្គាល់ការវាយប្រហារ ដោយបើករថយន្ដដឹកទំនិញធុនធ្ងន់ បំបុកចូលក្នុងហ្វូងមនុស្ស នៃផ្សារាត្រីមួយ ស្ថិតនៅភាគខាងលិច នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថាជាគម្រោងការរបស់ក្រុមខ្លួន។
ទីភ្នាក់ងារនេះ បានសរសេរថា៖ «យុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម បានបើកប្រតិបត្តិការសិក ក្នុងរដ្ឋធានីប៊ែរឡាំង ដើម្បីជាការឆ្លើយតប ទៅនឹង សេចក្ដីអំពាវនាវ (របស់ក្រុមរដ្ឋអ៊ីស្លាម) ឲ្យធ្វើការវាយប្រហារ ទៅលើពលរដ្ឋនៃបណ្ដាប្រទែស ដែលចូលរួមក្នុងក្រុមសម្ព័ន្ធមិត្ត»។
ក្រុមសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយមានប្រទេសអាល្លឺម៉ង់ចូលរួមដែរនោះ បានធ្វើការវាយប្រហារ ដោយទម្លាក់គ្រាប់បែក ទៅលើទីតាំងសំខាន់ៗជាច្រើន របស់ក្រុមអង្គការភេរវនិយមមួយនេះ នៅក្នុងប្រទេសអៀរ៉ាក់ និងប្រទេសស៊ីរី។
ការប្រកាសទទួលស្គាល់ របស់ក្រុមរដ្ឋអ៊ីស្លាម បានធ្វើឡើងជិត២៤ម៉ោង ក្រោយការវាយប្រហារ កាលពីយប់ថ្ងៃចន្ទ ដោយបើករថយន្ដដឹកទំនិញ ដែលពាក់ស្លាកលេខ មកពីប្រទេសប៉ូឡូញ បុកចូលក្នុងហ្វូងមនុស្ស បណ្ដាលឲ្យស្លាប់១២នាក់ និងរបួស៤៨នាក់។ អគ្គទេសាភិបាលអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បានថ្លែងកាលពីព្រឹកថ្ងៃអង្គារ នៅក្នុងសុន្ទរកថាមួយ ទៅកាន់ប្រជាជាតិ ចាត់ទុកការវាយប្រហារខាងលើ ថាជា«អំពើភេរវកម្ម»។
ភេរវកម្មមុនៗ...
ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសទទួលស្គាល់ដូចគ្នា ការបើករថយន្ដបំបុកហ្វូងមនុស្ស ក្នុងទីក្រុងនីស (Nice) ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកក្កដា ខណៈមនុស្សទាំងនោះ បានមកជួបជុំគ្នា យ៉ាងច្រើនកុះករ ដើម្បីទស្សនាការបាញ់កាំជ្រួចជ្វាលា អបអរពិធីបុណ្យជាតិបារាំង។ ការវាយប្រហារនោះ បានសម្លាប់បណ្ដាជនបារាំង និងអ្នកទេសចរណ៍ ប្រមាណជាជាង៨០នាក់។
» រថយន្ដដឹកទំនិញ ដែលបានធ្វើសកម្មភាពបុកហ្វូងមនុស្ស នៅក្រុងនីស ប្រទេសបារាំង៖
ក្នុងខែកក្កដាដដែល និងប៉ុន្មានថ្ងៃក្រោយការវាយប្រហារ នៅក្រុងនីស ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខ មកទទួលស្គាល់សារជាថ្មី ការវាយប្រហារមួយទៀត បង្កឡើងដោយជនម្នាក់ ប្រដាប់ដោយពូថៅ នៅក្នុងរថភ្លើងមួយខ្សែ ស្ថិតនៅភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់។ ការចេញមុខមកទទួលស្គាល់នោះ ជាការប្រកាសលើកដំបូងបង្អស់ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលបើកមុខព្រួញរបស់ខ្លួន សំដៅប្រទេសអាល្លឺម៉ង់ បើទោះជាអ្នកស៊ើបអង្កេត ក្នុងសំនុំរឿងភេរវកម្ម «កាប់នឹងពូថៅ» នោះ មិនបានរកឃើញថា ភេរវកម្មមានចំណងទាក់ទង ជាមួយក្រុមរដ្ឋអ៊ីស្លាមក៏ដោយ៕