មតិរិះគន់ចំពោះការកំណត់ថ្លៃរបស់សេវាទូរស័ព្ទកម្ពុជា
ក្រោយពី រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ បានរៀបចំសន្និសីទកាសែតមួយ ទាក់ទងទៅនឹងបញ្ញត្តិកម្ម លើសេវាទូរស័ព្ទនោះមក កាលពីរសៀលថ្ងៃច័ន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៣ មានមតិពីរបានលើកឡើងផ្ទុយគ្នា ពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏។
ហាងលក់ទូរស័ព្ទដៃ នៅប្រទេសកម្ពុជា។ (រូបថត wordpress.com)
ទូរគមនាគមន៍កម្ពុជា - ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសមួយ ដោយបានកំណត់ឲ្យក្រុមហ៊ុនបំរើសេវាទូរស័ព្ទចល័តទាំងអស់ នៅក្នុងប្រទេសកម្ពុជា កំណត់ការហៅចេញក្នុងប្រព័ន្ធ យ៉ាងតិចអប្បបរមា ៤.៥សេន ក្នុងមួយនាទី និងក្រៅប្រព័ន្ធ ៥.៩៥សេន ក្នុងមួយនាទី។ ការចេញសេចក្ដីប្រកាសនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ លើកឡើងក្នុងសន្និសិទការសែតមួយថា ដោយសារតែមានការព្រួយបារម្ភណ៏ អំពីហានិភ័យឆ្ពោះទៅរកការរកស៊ីផ្ដាច់មុខ របស់ក្រុមហ៊ុនទូរស័ព្ទនៅប្រទេសកម្ពុជា។
លោក យ៉ង់ គឹមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានសម្តែងនូវការយល់ឃើញថា «រដ្ឋាភិបាលមិនគួរកំណត់តម្លៃនោះទេ ព្រោះការប្រកួតប្រជែងវាមានសារៈសំខាន់ សំរាប់វិស័យឯកជន និង មិនបារម្ភណ៏ពីការខាតបង់របស់ក្រុមហ៊ុននោះទេ។ ម្យ៉ាងវិញ ទៀតខ្ញុំមានការបារម្ភណ៏ថា មានអ្នកធំ មានការចូលហ៊ុនទៅក្រុមណាមួយ ទើបធ្វើអោយមានការកំណត់ថ្លៃ។»
ឆ្លើយតបនិងការរិះគន់នេះ លោក យឹម ពុទ្ធា សាស្រ្តាចារ្យ ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ភូមិន្ទនិតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា៖ «ការកណត់នេះ គឺដើម្បីរក្សាលំនឹងផលប្រយោជន៏របស់ប្រជាពលរដ្ឋ ព្រោះក្នុងប្រព័ន្ធរបបសេដ្ឋកិច្ចទីផ្សារសេរី គឺឯកជនជាអ្នកធ្វើការដោះដូរ ប៉ុន្តែបើទីផ្សារស្ថិតក្នុងភាពបរាជ័យ រដ្ឋមានតួនាទីអន្តគមន៏ ដើម្បីធ្វើយ៉ាងណាអោយមានលំនឹងនៅក្នុងទីផ្សារ»។
លោកបន្តទៀតថា «ប្រសិនបើយើងអនុញ្ញាត អោយគាត់ប្រកួតប្រជែងថ្លៃនោះ នោះក្រុមហ៊ុនដែលមានទុនច្រើននឹងឈ្នះ។ម្យ៉ាងនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី គឺយើងធ្វើយ៉ាងណាអោយទីផ្សារមានតុល្យភាព មានន័យថា យើងគួរជំរុញអោយមានការប្រកួតប្រជែងកាន់តែច្រើន។ ប្រសិនបើប្ដូររូបភាពមកប្រកួតប្រជែងថ្លៃវិញនោះ នោះក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងបង្កើតកម្មវិធី និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើន utility របស់អតិថិជន។»
ខណៈពេលដែលទូរស័ព្ទចល័ត កំពុងតែមានការប្រកួតប្រជែងគ្នាខាងតម្លៃ ការបន្ថែមនាទី ឬទឹកប្រាក់ រហូតមានក្រុមហ៊ុនខ្លះ បានដួលរលំ ដូចជាក្រុមហ៊ុន អ៊ឹមហ្វូន និងស្តាស៊ែល ដោយសារក្រុមហ៊ុនទាំងនោះ គ្មានលទ្ធភាពក្នុងការប្រកួតប្រជែង។ លោក ណៃ ឧត្តម និស្សិត សេដ្ឋកិច្ច នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា បានបញ្ចេញការយល់ឃើញរបស់លោកថា «ធម្មតាការប្រកួតប្រជែងតែងតែចង់ឈ្នះ ហើយអ្នកណាក៏ចង់បានតម្លៃថោកដែរ បើក្រុមហ៊ុនណា មានតម្លៃថោក សេវានោះនឹងមានអតិថិជនគាំទ្រកាន់តែច្រើន»។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងត្រឡប់មកវិញនៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន ដើម្បីវិភាគឲ្យឃើញថា តើការកំណត់ថ្លៃទូរស័ព្ទដៃរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ មានលក្ខណៈសមស្រប ហើយក្រសួងបានគិតគូរទៅដល់អ្នកប្រើប្រាស់ ដែលជាពលរដ្ឋរបស់ខ្លួនឬអត់៕
---------------------------------
ដោយ៖ ក. ចាន់នីតា - ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ