វិភាគ​នយោបាយ​ថៃ៖ ប្រជាធិបតេយ្យ ដែល​មិន​ខ្វល់​នឹង​សម្លេង​ភាគ​ច្រើន

«យើងធុញទ្រាន់ណាស់ នឹងនយោបាយរបៀបនេះ។ យើងមិនចង់បាន ការបោះឆ្នោតទៀតទេ។ យើងតែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការជ្រើសរើសរដ្ឋាភិបាលអណត្តិក្រោយ និងដើរតាមរាជឱវាតរបស់ព្រះមហាក្សត្រនៃយើង។» នេះជាថ្លែងរបស់ មេដឹកនាំបាតុករលោក ស៊ូថេប ថោងស៊ូបាន ទៅកាន់ក្រុមមនុស្សដែលមានសមានចិត្តជាមួយលោក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងធុញទ្រាន់ណាស់ នឹងនយោបាយរបៀបនេះ។ យើងមិនចង់បាន ការបោះឆ្នោតទៀតទេ។ យើងតែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការជ្រើសរើសរដ្ឋាភិបាលអណត្តិក្រោយ និងដើរតាមរាជឱវាត​របស់ព្រះមហាក្សត្រ​នៃយើង។» នេះជាការថ្លែងរបស់ មេដឹកនាំបាតុករលោក ស៊ូថេប ថោងស៊ូបាន ទៅកាន់ក្រុមមនុស្ស ដែលមាន​សមានចិត្ត​ជាមួយលោក។


លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)

នយោបាយថៃ - មិនត្រឹមតែប៉ុណ្ណឹងទេ បាតុករម្នាក់បានស្រែកទាមទារ កាលពីថ្ងៃចន្ទទី០៩ខែធ្នូនេះ ពី​«ថ្ងៃវិនិច្ឆ័យ​ចុងក្រោយ» ដោយលោក ស៊ូថេប ថោងស៊ូបាន ដែលជាមេចលនាប្រមូលមនុស្ស តាំងពីច្រើនសប្ដាហ៍មកហើយ នៅ​កណ្ដាលទីក្រុងបាងកក ប្រឆាំងនឹងរដ្ឋាភិបាលកាន់អំណាច កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

ចំណែកនៅផ្នែកខាងត្បូងនៃប្រទេសថៃវិញ ការងើបតវ៉ាប្រឆាំងរបស់ពលរដ្ឋសមញ្ញ ក៏បានបង្ហាញពីកម្លាំងរបស់ខ្លួន យ៉ាងសម្បើមដែរ។ ការដង្ហែក្បួនជាច្រើន នៅតាមដងផ្លូវនៃខេត្ត ភូកេត បានអបអររួចជាស្រេចហើយ នូវ«ថ្ងៃ​ជ័យជំនះ»​​របស់ពួកគេ។

ប៉ុន្តែទោះបី វាជា«ជ័យជំនះ»ក្ដី ឬការ«វិនិច្ឆ័យចុងក្រោយ»ក្ដី គេនឹងអាចដឹងក្នុងថ្ងៃខាងមុខ សម្រាប់​រាជាណា​ចក្រ​មួយនេះ ដែលសម្បូរទៅដោយការធ្វើរដ្ឋប្រហារ និងការ«បង្វិល»ផ្នែកនយោបាយ យ៉ាងប៉ិនប្រសព្វ។ បើសិនជា​«ជើងកៅអី»របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រូវបាក់ដួលរលំមែននោះ គឺ​ប្រព័ន្ធនយោបាយថៃទាំងមូល ដែលនឹងត្រូវក្លាយជារលកយក្ស ស៊ូណាមី ហើយធ្វើការបោកបក់ មិនត្រឹមតែទៅ​លើ​ផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែអាចធ្លាយហួសចេញពីព្រំដែន នៃអតីតរាជាណាចក្រ សៀម មួយនេះទៀតផង។

បើទោះជាប្រទេសថៃ មានសក្ដានុពលខាងសេដ្ឋកិច្ច ជារដ្ឋដែលមានភាពស៊ីវីល័យយ៉ាងសកម្មក៏ដោយ តែថៃនៅតែ​ជាប្រទេសមួយ ដែលមិនចោល«ប្រពៃណី»ដើម បើគេសង្កេតមើលឡើងវិញ ចាប់តាំងពីការធ្វើរដ្ឋប្រហារ ឆ្នាំ១៩៣២ ដែលបានផ្លាស់ប្ដូរប្រទេសសៀម មកជា«ថៃ» នៃរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះមក។ នោះគឺបញ្ហាជាតិនិយម​ជ្រុលហួស ការគោរពយ៉ាងខ្ជាប់ខ្ជួននូវព្រះរាជា ដែលត្រូវបានចាត់ទុកដូចព្រះអាទិទេព និងកងទ័ពដែល​តែងតែ​មាន​ឥទ្ធិពលខានមិនបាន នៅក្នុងសង្គមថៃ។

ប៉ុន្តែ «ប្រពៃណី» ដែលដើរស្មើរជាមួយភាពទំនើបកម្មទាំងនេះ បែរជាត្រូវបានគេគិតថា បានធ្វើឲ្យល្អក់កករ ដោយ​សារបុរសមហាសេដ្ឋីម្នាក់ នោះគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បងប្រុសបង្កើេតរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែល​សម្បូរទៅដោយអ្នកស្រឡាញ់ចូលចិត្តយ៉ាងភ្លូកទឹកភ្លូកដី ជាពិសេសនៅផ្នែកខាងជើង និងខាងកើតនៃប្រទេស។ ចាប់ពីពេលដែលបុរសនេះ ចូលមកកាន់អំណាច នៅឆ្នាំ ២០០១ រហូតមកដល់ថ្ងៃនេះ បើទោះជាមានបាតុកម្ម រដ្ឋ​ប្រហារ​​យោធា ការផ្ដន្ទាទោស រួចជម្លៀសខ្លួន និងដាក់ប្រកាសតាមចាប់ខ្លួនមកវិញ យ៉ាងណាក៏ដោយ តែបុរស​ដែល​មានឥទ្ធិពលម្នាក់នេះ នៅតែគ្មាននរណាម្នាក់អាចប៉ះពាល់បានឡើយ។ តើឲ្យគូរបដិបក្ខនយោបាយណាមួយ នៅ​សុខស្រួលយ៉ាងដូចម្ដេច បើទាំងពួកគេដឹងថា បុរសដែលមានប្រជាប្រិយភាពរូបនេះ ស្ថិតនៅក្រោយវាំងនន​នយោបាយ​ថៃសព្វថ្ងៃនោះ?

រឿងមួយដែលសំខាន់ដែរនោះ ប្រតិកម្មដែលកើតមាននៅតាមដងផ្លូវសព្វថ្ងៃ សុទ្ធសឹងមានប្រភពចេញមក បណ្ដា​ជនដែលមានចរន្ដ«អភិរក្ស» និងចង់រក្សាតួនាទីថានៈ«កណ្ដាល និងខ្ពស់»របស់ខ្លួន នៅក្នុងសង្គម។ រីឯបណ្ដាជន​ដែលគ្មានតួនាទី និងមានជីវភាពទាល់ក្រ ដែលនៅមានចំនួនច្រើនលើសលប់នោះ ជារឿយៗត្រូវបាន​អូសទាញ​ដោយ​គ្រួសារត្រកូល ស៊ីណាវ៉ាត្រា។ ទោះជាមានបំណងអ្វីផ្សេងក៏ដោយ ក៏សកម្មភាពនយោបាយរបស់​បងប្អូន​ត្រកូល​មហាសេដ្ឋី ត្រូវបានជនក្រីក្រទាំងនោះចាត់ទុក ដូចជាអវតាចាប់ជាតិ ដែលចេះ«ជប់»លុយ​មិនរីងស្ងួតនោះ​ផងទៀត។ ដូច្នេះ ជារឿងធម្មតាទេ ប្រសិនបើមានការ​បោះ​ឆ្នោតកើតឡើងជាថ្មីមែន បងប្អូនត្រកូល ស៊ីណាវ៉ាត្រា ឬអ្នកជិតដិតណាផ្សេងក៏ដោយ នឹងប្រាកដជាជាប់​ឆ្នោត​ទៀតជាពុំខាន។

ដោយហេតុនេះ ទើបលោក ស៊ូថេប ថោងស៊ូបាន ស្នើសុំឲ្យមានគោលការណ៍«ប្រជាធិបតេយ្យ»ថ្មីមួយ ដែល​មិន​មែន​ជាប្រជាធិបតេយ្យបែប«បស្ចឹមលោក»នោះទេ។ នោះគឺការបង្កើត នូវលទ្ធិប្រជាធិបតេយ្យ«ផ្ដាច់ការ»មួយឡើង ដែល​ស្ថិតនៅក្រោយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដដែល តែដឹកនាំដោយក្រុមប្រឹក្សា«ប្រជាជន»មួយ ដែលមិនចាំ​បាច់​ធ្វើការបោះឆ្នោត។ គំនិតនេះ ត្រូវបានលោក ស៊ូថេប បកស្រាយថាជា«ប្រពៃណី»ចាក់គ្រឹះរបស់ប្រជាជាតិថៃ ដែល​បាន​កើតមានតាំងពីយូរមកហើយ។

ដូច្នេះ នៅពេលនេះយើងនឹងអាចយល់បាន ថាអ្វីទៅជាដំណើរការនយោបាយ នៅលើផ្លូវដ៏រលាក់នៅប្រទេសថៃ៖ ការទាមទារតវ៉ា ដែលចេញពីប្រជាជនផង និងចេញពីអ្នកបដិវត្តន៍និយមផង តែបានទាត់ចោល នូវមូលដ្ឋានគ្រឹះ​នៃ​លិទ្ធិប្រជាធិបតេយ្យ ដែលគេត្រូវយកសម្លេងភាគច្រើនជាអ្នកឈ្នះ ក្នុងការគ្រប់គ្រងប្រទេស។ តើប្រជាធិបតេយ្យ​«ផ្ដាច់ការ»និយមនេះ នឹងអាចមានរូបរាងទៅរួចទេ? ប្រព័ន្ធនយោបាយបែបនេះ នឹងឲ្យតម្លៃបែបណា​ទៅ​បណ្ដាជន​ខ្វះទ្រព្យ ខ្វះថានៈ ដែលជាពលរដ្ឋដូចគ្នា? ហើយថា នឹងមានប្រទេសណាខ្លះ ដែលប្រកាសទទួលស្គាល់?

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...