ទិវាសិទ្ធិមនុស្សរបស់សង្គមស៊ីវិល បញ្ជប់ដោយយកញាត្តិត្រឡប់ទៅវិញ
ក្បួនយាត្រារបស់ប្រជាពលរដ្ធដែលមកពីគ្រប់ទិសទី ដែលបានធ្វើធម្មយាត្រា ដើរថ្មើរជើងចាប់ពីខេត្តកំពតមក រហូតដល់រាជធានីភ្នំពេញ ប្រើអស់រយៈពេលដប់ថ្ងៃ បានបញ្ឃប់សកម្មភាពរបស់ខ្លួន ត្រង់គោលដៅមុខរដ្ធសភា នៅថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៣នេះ។ ក្រោយពេលញាត្តិរបស់គាត់ មិនត្រូវបានទទួលយក ពីសំណាក់តំណាងរាស្រ្តឬសមាជិកណាម្នាក់នៃរដ្ឋសភានោះ ក្រុមសមាជិកទាំងអស់នៃក្បួនក្រុមយាត្រា ត្រូវបានបំបែកគ្នាទៅកាន់គោលដៅផ្សេងៗគ្នាវិញ នាម៉ោងប្រហែល១២ថ្ងៃត្រង់។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)
ធម្មយាត្រាសិទ្ធិមនុស្ស - អ៊ំប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ បានប្រាប់ពីមូលហេតុនៃការរំសាយក្បួនអបអរសិទ្ធិមនុស្សនេះថា ដោយសារពួកគាត់មានការនឿយហត់ខ្លាំង ក្នុងការដើរពីខេត្តកំពតមកទីក្រុងភ្នំពេញនេះអស់១០ថ្ងៃ។ ម្យ៉ាងវិញទៀត ញាត្តិរបស់គាត់មិនត្រូវបានខាងភាគីណាមួយ មកទទួលយកទៀតនោះ ទើបនាំគ្នារំសាយ។
អ្នកទទួលខុសត្រូវម្នាក់ខាងសមាគមប្រជាធិបតេយ្យ បានផ្តល់បទសំភាសន៏ថា គាត់មានការខកបំណងយ៉ាងខ្លាំង នាពេលក្រុមក្បួនយាត្រារបស់គាត់ ខិតខំដើម្បីយកញាត្តិមក ប៉ុន្តែមិនត្រូវបាន ខាងភាគីណាមួយមកទទួលយកដូច្នេះ។ ទោះបីយ៉ាងណា គាត់នឹងខិតខំធ្វើការផ្សព្វផ្សាយញាត្តិទាំងនេះ តាមប្រពន្ឋ័ផ្សព្វផ្សាយផ្សេងៗ របស់សង្គមស៊ីវិល និងតាមរយៈអ៊ីធឺណែត។
រដ្ឋសភាឈប់សម្រាក
ទាក់ទងនឹង ការដាក់ពាក្យបណ្ដឹង ឬញត្តិរបស់ពលរដ្ឋអ្នកធ្វើធម្មាយាត្រាទាំងនេះ លោក ជាម យៀម តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចសព្វថ្ងៃ និងជាសមាជិកជាន់ខ្ពស់មួយរូបនៃរដ្ឋសភាកម្ពុជា បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងទាំងហ្វូ ថា រដ្ធសភាមានគណកម្មាការទីមួយ តំណាងដោយ លោកញ៉ែម ថាវី ជាអ្នកទទួលពាក្យបណ្តឹងទាក់ទងនឹងសិទ្ធមនុស្សនេះ។ ប៉ុន្តែការមិនទទួលយកញាត្តិថ្ងៃនេះ លោកបានលើកមូលហេតុថា ដោយសារតែជាថ្ងៃឈប់សម្រាក គ្មានអ្នកធ្វើការ ទើបមិនមានការទទួលញាត្តិនេះ។ ប៉ុន្តែបើពួកគាត់យកញាត្តិមកដាក់នាថ្ងៃធ្វើការ ខាងរដ្ធសភានឹងទទួលយកញាត្តិរបស់ពួកគាត់ដូចធម្មតា។
ចំណែក លោក ញ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យខាងគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ ទស្សនាវដ្តីថា រូបលោកបានដឹងពីក្បួនធម្មាយាត្រាមួយផ្នែក មានគោលបំណងយកញាត្តិនេះទៅដាក់រដ្ធសភា ប៉ុន្តែខាងលោក ជាគណបក្សសង្គ្រោះជាតិមិនបានទៅកាន់រដ្ធសភាទេ។ លោកបញ្ជាក់មូលហេតុថា ដោយសារតែខាងគណបក្សសង្គ្រោះជាតិ មិនទាន់ចូលក្នុងសភាឯកបក្ស ហើយក៏គ្មានគម្រោងចូលសភាឯកបក្សនោះដែរ ទើបសមាជិកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ មិនបានទទួលញាត្តិនេះ។ ចំណែកខាងគណបក្សគាត់បានដឹងដំណឹងនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
លោកបានថ្លែងបន្ថែមថា ព្រឹកមិញមានមួយក្រុមមួយបានយកញាត្តិនេះ មកឲ្យគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យដែរ ប៉ុន្តែទោះបីយ៉ាងណា ខាងលោកនៅមិនទាន់ដឹងថាតើខាងណាជាអ្នកយកមកនៅឡើយ។ ទោះបីយ៉ាងណា លោក ញ៉ែម ប៉ុញ្ញាឫទ្ធិ បានបញ្ជាក់ថា បើខាងក្បួនធម្មាយាត្រាណាមួយ មានបំណងយកញាត្តិនោះមកឲ្យ អាចយកមកខាងទីលានប្រជាធិបតេយ្យបាន ឬទីស្នាក់ការគណបក្សក៏បាន៕
-----------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ