បក្សសង្រ្គោះជាតិផ្តល់ជម្រើសតែមួយ ដល់បក្សប្រជាជនកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: December 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈវិបត្តិនយោបាយកម្ពុជាបន្តជាប់គាំងនៅឡើយ គណបក្សសង្រ្គោះជាតិ ក្នុងពេលចុងក្រោយនេះ បានបង្ហាញគោលជំហរដ៏តឹងរឹងមួយ សម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជាជ្រើសរើស បន្ទាប់ពីគណបក្សនេះបានសម្រេចបង្កើតរដ្ឋសភា និងរដ្ឋាភិបាលជាឯកបក្ស តាំងក្រោយបោះឆ្នោតមកនោះ។ នោះ ជាការធ្វើពហិការមិនចូលរួមក្នុងរដ្ឋសភានោះទេ បើទោះជាមានការកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដោយ។ អ្វីដែលគណបក្សជំទាស់ចង់បានបំផុតនៅពេលនេះ គឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Bory)
នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នេះបានថ្លែងប្រាប់ក្រុមអ្នកគាំទ្រថា ពីពេលមុនគណបក្សប្រជាជនកម្ពុជា បានបដិសេធការស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត និងការកែទម្រង់(គ.ជ.ប)។ ប៉ុន្តែឥឡូវនេះ ក្រោយការដាក់សម្ពាធពីបរទេស គណបក្សប្រជាជនកម្ពុជាបានយល់ព្រមថា នឹងសហការកែទម្រង់ (គ.ជ.ប) ប្រសិនបើគណបក្សសង្រ្គោះជាតិព្រមចូលរួមក្នុងរដ្ឋសភា។
អនុប្រធានគណបក្សជំទាស់ ដដែលនេះបន្តថា អ្វីដែលគណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋចង់បាននៅពេលនេះ មិនមែនត្រឹមតែការកែទម្រង់ (គ.ជ.ប) នោះទេ គឺការបោះឆ្នោតឡើងវិញ ក្រោយការកែទម្រង់(គ.ជ.ប) និងស្ថាប័នសំខាន់ៗផ្សេងៗទៀត។ លោក កឹម សុខា បញ្ជាក់ថា៖ «គណបក្សកាន់អំណាច សូមឲ្យគណបក្សសង្រ្គោះជាតិចូលមក ដើម្បីធ្វើការកែទម្រង់ (...) បើអ្នកឯងមិនព្រមស៊ើបអង្កេតរកការពិត ហើយឥឡូវចង់កែទម្រង់ (គ.ជ.ប) អោយឯករាជ្យ រដ្ឋសភា និងប្រព័ន្ធផ្សព្វផ្សាយជាដើម យើងគណបកសង្រ្គោះជាតិសុខចិត្តចូលកែទម្រង់ ប៉ុន្តែកែទម្រង់ហើយបោះឆ្នោតឡើងវិញភ្លាម តែបើចាំប្រាំឆ្នាំទៀតអត់ចូលទេ បើបោះឆ្នោតឡើងវិញ អាហ្នឹងចូលទៅបោះភ្លាម»។
ជាមួយគ្នានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្ទរពីក្រោយអនុប្រធានរបស់ខ្លួនថា ប្រទេសកម្ពុជាបច្ចុប្បន្នមានបញ្ហាច្រើនស្អេកស្កះ ហើយកំពុងតែបន្តដឹកនាំដោយមេដឹកនាំខុសច្បាប់ ដែលកើតចេញពីការបោះឆ្នោតមានភាពមិនប្រក្រតីធ្ងន់ធ្ងរ។ ដូច្នេះកម្ពុជាត្រូវតែកែទម្រង់ស្ថាប័នសំខាន់ៗ ឲ្យមានភាពឯករាជ្យ និងរៀបចំអោយមានការបោះឆ្នោតត្រឹមត្រូវឡើងវិញ ទើបប្រទេសកម្ពុជាអាចដំណើរការទៅមុខបានល្អ។
ជុំវិញការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ របស់គណបក្សជំទាស់នេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងមន្រ្តីគណបក្សប្រជាជនកម្ពុជា និងមន្រ្តី (គ.ជ.ប) ដើម្បីធ្វើការអត្ថាធិប្បាយបានទេ។ តែជាគោលជំហររបស់ (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា គិតពីក្រោយការបោះឆ្នោតរហូតមកដល់ពេលនេះ នៅតែអះអាងការពារពីភាពស្អាតស្អំ និងភាពស្របច្បាប់របស់ពួកគេ នៅក្នុងដំណើរការបោះឆ្នោតរដ្ឋសភានីតិកាលទី៥ ក៏ដូចជាការបង្កើតរដ្ឋាភិបាល និងរដ្ឋសភាថ្មីផងដែរ។ ទន្ទឹមនឹងនេះគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់គោលជំហរបើកទ្វារចរចា ជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីទម្លាយភាពទាល់ច្រក ក្រោយការបោះឆ្នោតដ៏ប្រទាំងប្រទើសនេះ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ