បាតុកម្មនៅប៉ារីស៖ គណបក្សសង្គ្រោះជាតិត្រៀមដាក់ញ្ញតិទៅរដ្ឋាភិបាលបារាំង
អ្នកទទួលខុសត្រូវមួយរូប របស់គណបក្សសង្គ្រោះជាតិសាខាប្រទេសបារាំង បានថ្លែងថាក្រុម លោកនឹងត្រៀមញ្ញតិមួយ ដាក់ទៅកាន់ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំងបញ្ចេញប្រតិកម្ម ជួយឈឺឆ្អាលជាមួយពលរដ្ឋកម្ពុជា ក្នុងនាមជាសហប្រធានសន្និសិទ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ ការធ្វើញ្ញតិនេះ នឹងត្រូវប្រកាសនៅក្នុងបាតុកម្មមួយ នៅថ្ងៃសៅរ៍ទី២៤ខែសីហាខាងមុខ នៅទីលានត្រូកាដេរ៉ូ (Trocadero) កណ្ដាលទីក្រុងប៉ារីស ប្រទេសបារាំង។
ទីលានត្រូកាដេរ៉ូនៅទីក្រុងប៉ារីស ឬអាចហៅម្យ៉ាងទៀត ជាទីលានសេរីភាព ដែលអនុញ្ញាតឲ្យមានធ្វើបាតុកម្ម។ (រូបថត TIMUR / SIPA)
ជាមួយនឹងជំនឿយ៉ាងមុតមាំ ថាបាតុកម្មដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ អាចនឹងមានបាតុករចូលរួមពី៤០០ ទៅ៥០០នាក់នោះ អនុប្រធានគណបក្សសាខាប្រទេសបារាំង ទទួលបន្ទុកខាងទំនាក់ទំនងព័ត៌មាន លោក ហម ប៊ុនឆាយ បានអះអាងថា បាតុកម្មនេះមានគោលបំណងបីសំខាន់។ គោលបំណងដែលសំខាន់ជាងគេ គឺបាតុកម្មអហឹង្សានេះចង់ផ្ញើរសារទៅកាន់ប្រទេសបារាំង ក្នុងនាមប្រទេសនេះជាសហប្រធានសន្និសិទ និងជាប្រទេសហត្ថលេខីមួយផង នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីទាមទារឲ្យបារាំងចូលរួមចំណែកទទួលខុសត្រូវ ក្នុងការឃ្លាំមើលដំណើរប្រព្រឹត្តិទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៨ខែកក្កដាកន្លងទៅនេះ ដែលលោកបានបរិហាថា មានភាពមិនប្រក្រតីជាច្រើន។
មន្ត្រីគណបក្សប្រឆាំងរូបនេះ ជឿថាប្រទេសបារាំងអតីតអាណាព្យាបាលរបស់កម្ពុជា ដែលជាប្រទេសមួយជើងឯកខាងលិទ្ធិប្រជាធិបតេយ្យ និងជាផ្នែកមួយនៃសហភាពអ៊ឺរ៉ុបផងនោះ មិនបានទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនេះទេ ដែលខុសពីប្រទេសចិនកុម្មុយនីស និងប្រទេសមួយចំនួននៅជាប់កម្ពុជា។ តែផ្ទុយទៅវិញ បារាំងបានទុកឲ្យតំណាងរបស់ខ្លួននៅសហគមន៍អ៊ឺរ៉ុប ធ្វើប្រតិកម្មជំនួស ដោយបានជម្រុញឲ្យប្រទេសកម្ពុជា ធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីភាពសុខចិត្តសុខកាយនៃគ្រប់ភាគីគណបក្សនយោបាយ។
«...នឹងជួបនូវវាសនា ដូច(មេដឹកនាំផ្ដាច់ការ)នៅខាងប្រទេសអារ៉ាប់»
លោក ហម ប៊ុនឆាយ បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា បានសម្ដែងឆន្ទះយ៉ាងមោះមុត ចង់ផ្លាស់ប្ដូរ«របប»របស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ក្រោយពីការកាន់អំណាច ជិត៣០ឆ្នាំរបស់គាត់កន្លងមក។ «គាត់ (លោក ហ៊ុន សែន) គួរចុះចេញពីអំណាចដោយសន្តិភាពទៅ ខ្ញុំថាគាត់អាចរក្សាទ្រព្យសម្បត្តិគាត់ កិត្តិយសគាត់បានខ្លះ។ តែបើសិនណាជាគាត់ នៅតែរឹងទទឹង និងក្រាញលើអំណាច ដោយរំលោភលើឆន្ទះរបស់ប្រជាពលរដ្ឋ ខ្ញុំថាគាត់នឹងជួបនូវវាសនាដូច (មេដឹកនាំផ្ដាច់ការ) នៅខាងប្រទេសអារ៉ាប់។»
អ្នកវិភាគតាមដានស្ថានការណ៍កម្ពុជា បានសង្ស័យថា នោះអាចជាការបណ្ដេញ នាយករដ្ឋមន្ត្រីស្របច្បាប់មួយរូបចេញពីតំណែង ដែលអាចបង្កឲ្យមានភាពវឹកវរ និងការប្រទាញប្រទង់ដោយចម្រូងចម្រាស់មួយ ដោយសារតែគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលរត់លើគន្លងច្បាប់របស់ប្រទេសកម្ពុជា ឬអាចមានការអះអាងពីក្រុមប្រឹក្សាធម្មនុញ្ញផងនោះ បានប្រកាសថាលោក ហ៊ុន សែន តាមរយៈគណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោតឡើងវិញតាមបែបប្រជាធិបតេយ្យ។
លោកអនុប្រធានគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំងរូបនេះ បានបកស្រាយដូច្នេះថា «បើគាត់ឈ្នះឆ្នោតពិតមែន ហេតុអ្វីបានជាគាត់មិនឲ្យមានគណកម្មការពហុ (ចម្រុះ) ដែលមានអង្គការក្រៅរដ្ឋាភិបាលចូលរួម និងពិនិត្យ នូវលទ្ធផល (ឆ្នោត) ឲ្យមានតម្លាភាព ? (...) រឿងអីបានជាយកទាហាន ទ័ព រថក្រោះ មកដាក់ពេញទីក្រុង និងតាមខេត្តផ្សេងៗ?»
«គណៈកម្មការចម្រុះ» ដែលគណបក្សប្រជាជនកម្ពុជា ធ្លាប់បានចូលរួមប្រជុំយ៉ាងហោចណាស់បីដង នៅរាជធានីភ្នំពេញ ជាមួយគណបក្សសង្គ្រោះជាតិ តែរហូតមកដល់ពេលនេះ មិនមានលទ្ធផលអ្វីឡើយ។ រីឯការចល័តទ័ពវិញ រដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់បានប្រកាសជាច្រើនដងដែរថា ជាការដាក់ពង្រាយដើម្បីការពារសុវត្ថិភាព និងសន្តិសុខសង្គម។
សូមបញ្ជាក់ផងដែរថា ក្រៅពីបាតុកម្មថ្ងៃទី២៤ខែសីហា ដែលរៀបចំនៅទីក្រុងបារីសប្រទេសបារាំងនេះ គណបក្សប្រឆាំងក៏គ្រោងរៀបចំបាតុកម្មចំនួនពីរទៀតដែរ នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវប្រទេសស្វីស និងនៅថ្ងៃ៣០ខែសីហា នៅមុខទីស្នាក់ការសហគមន៍អ៊ឺរ៉ុប នៅរាជធានីប្រ៊ុយស៊ែលប្រទេសប៊ែលហ្សិក។ ក្នុងប្រទេសកម្ពុជា ក៏នឹងមានការរៀបចំ ការជួបសំណេះសំណាលមួយដែរ។
ក្នុងនាមលោកជាខ្មែររួមឈាមមួយរូប លោកហម ប៊ុនឆាយ បានសម្ដែងការកោតស្ងប់ស្ងែង នូវសេចក្ដីក្លាហានរបស់បងប្អូនខ្មែរក្នុងស្រុក ដែលស្រឡាញ់សេរីភាព បូរណភាពទឹកដី ហើយចង់ឲ្យស្រុកមានការលូតលាស់។ លោកបន្ថែមថា តាមរយៈបាតុកម្មទាំងនេះ បងប្អូនខ្មែរដែលរស់នៅក្រៅស្រុក មានបំណងនឹងចូលរួមជាមួយ ព្រមទាំងដង្ហែបងប្អូនខ្មែរនៅក្នុងស្រុក ដើម្បីការពារបុព្វហេតុ និងឆន្ទះរបស់ពួកគេ ប្រឆាំងនឹងជនផ្ដាច់ការ។
ការលើកឡើងរបស់លោកខាងលើ មិនខុសប៉ុន្មានឡើយ ពីការលើកឡើងរបស់បណ្ដាជនខ្មែរ នៅក្រៅប្រទេសជាច្រើននាក់ផ្សេងទៀត ដែលចង់ឲ្យមានការតស៊ូដោយកម្លាំងមហាជនមួយឡើង។ តែក្រុមអ្នកស្និតនឹងគណបក្សកាន់អំណាច បានចាត់ទុកថាការលើកឡើងទាំងនេះ ជាការ«ញុះញង់»ទៅប្រជាពលរដ្ឋខ្មែរក្នុងស្រុក ដើម្បីបង្កអស្ថិរភាពសង្គមនិងរំខាន ដល់ការអភិវឌ្ឍន៍ប្រទេស ដែលពួកគេគិតថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ប្រទេសកម្ពុជាមានភាពរីកចម្រើន ខ្លាំង បើប្រៀបធៀបទៅឆ្នាំ១៩៧៩ ដែលកម្ពុជា ទើបនឹងងើបចេញពីរបបប្រល័យពូជសាសន៍៕
--------------------------------------------------------
ដោយៈ ដ. កែវ - ភ្នំពេញថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ