ទូរស័ព្ទដៃអេក្រង់២ ស៊ាំស្ស៊ុង«ហ្គាឡាក់ស៊ី ហ្គោលដិន» បង្ហាញខ្លួន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានពាក្យចរចាមអារ៉ាមជាច្រើន និងថ្មីៗកន្លងទៅក្រុមហ៊ុនបានប្រកាសចេញទូរស័ព្ទដៃបកបិទអេក្រង់២ ម៉ូដែល «ហិនណែស៊ី» (Hennessy flip-phone) រួចមកនោះ ពេលនេះក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) បានប្រកាសចេញទូរស័ព្ទអេក្រង់២ ស៊េរីថ្មី១ទៀត ដែលមានឈ្មោះថា «ហ្គាឡាក់ស៊ី ហ្គោលដិន» (Galaxy Golden)។
ការបង្ហាញទូរស័ព្ទ «ហ្គាឡាក់ស៊ី ហ្គោលដិន» ជាផ្លូវការ។ (រូបថត androidcentral.com)
អេក្រង់ទាំង២ របស់ហ្គាឡាក់ស៊ី ហ្គោលដិន មានទំហំ ៣.៧អ៊ីញដូចគ្នា ប្រភេទ ស៊ុបព័រអាម៉ូឡេដ (Super AMOLEDs) និងជាប្រភេទទូរស័ព្ទដៃប្រើប្រាស់ប៊ូតុង។ ប៉ុន្តែតម្លៃរបស់វា ហាក់ដូចជាក្រែលបន្តិច ប្រហែលជាជាង ៧០០ដុល្លាសហរដ្ឋអាមេរិក។
ផលិតផលស៊ាំស្ស៊ុងស៊េរីថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.២ ជីលីបីន (Android 4.2 Jelly Bean)។ វាមានម៉ាស៊ីន (CPU) ទំហំ ១.៧ជីហ្គាអែក ប្រភេទឌូខរ (dual-core) ខណៈដែលអេក្រង់ទាំង២ អាចបង្ហាញរូបភាពបានទំហំធំបំផុត ៨០០ X ៤៨០ភិចស្យ៊ែល។
ហ្គាឡាក់ស៊ី ហ្គោលដិន មានកាមេរ៉ាទំហំ ៨ម៉េហ្គាភិចស្យ៊ែល និងកាមេរ៉ាមុខទំហំ ១.៩ម៉េហ្គាភិចស្យ៊ែល។ ក្រៅពីនោះ នៅមានមុខងារសំខាន់ៗមួយចំនួនទៀតដូចជា ៤ជី អិលធីអ៊ី (4G LTE), វិទ្យុ (FM radio) និងកម្មវិធី ស៊ាំស្ស៊ុង អេសហែល (Samsung S Health) ផងដែរ។ រីឯថ្មរបស់វាមានកំរិតថាមពល ១៨២០មីលីអំពែម៉ោង។
គួររំឮកថា បន្ទាប់ពីមានពាក្យចរចាមអារ៉ាមជាច្រើន ដែលថាក្រុមហ៊ុន អ័បផល (Apple) គ្រោងនឹងបញ្ចេញទូរស័ព្ទដៃ អាយហ្វូន៥អេស (iPhone 5S) និងអាយហ្វូន៥ស៊ី (IPhone 5C) រួចមក ក្រុមហ៊ុនស៊ាំស្ស៊ុង ដែលជាគូប្រជែងដ៏ធំរបស់អ័បផលមួយនេះ ក៏ខំដុតដៃដុតជើង ក្នុងការផលិតទូរស័ព្ទស៊េរីថ្មី ដើម្បីត្រៀមប្រកួតប្រជែង លើទីផ្សារជាមួយនឹងក្រុមហ៊ុនអ័បផល នៅពេលខាងមុខឆាប់ៗនេះផងដែរ។
ទោះជាយ៉ាងណា ទូរស័ព្ទដៃស៊ាំស្ស៊ុង ហ្គាឡាក់ស៊ី ហ្គោលដិននេះ ទើបតែប្រកាសចេញនៅក្នុងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ ចំពោះការប្រកាសចេញជាផ្លូវការលក្ខណៈអន្តរជាតិក្រុមហ៊ុនពុំទាន់កំណត់កាលបរិច្ឆេតនៅឡើយទេ។ ប៉ុន្តែបើតាមអ្នកវិភាគ បានលើកឡើងថា ក្រុមហ៊ុនកូរ៉េមួយនេះ ត្រៀមនឹងប្រកាសនៅក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ ២០១៣ (IFA 2013) នៅដើមខែកញ្ញាខាងមុខ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ